en     km
en     km

ជនជាតិដើមភាគតិចពូនងត្អូញត្អែពីការរើសអើង និងមិនសូវបានការយកចិត្តទុកដាក់ពីអាជ្ញាធរ

Share

ជនជាតិដើមភាគតិចពូនង ខេត្តមណ្ឌលគិរីបាននិយាយថាសហគមន៍របស់ពួកគេ ហាក់ដូចជានៅឆ្ងាយពីមនុស្សសង្គមខាងក្នុងព្រោះតែមិនមានការយកចិត្តទុកដាក់គាំទ្រនឹងឱ្យតម្លៃ។ ពួកគេអះអាងថាសព្វថ្ងៃពួកគេទទួលរងនូវការរើសអើងការគាបសង្កត់យាយី គំរាមកំហែងពីសំណាក់អ្នកមានលុយមានអំណាចនិងអ្នកចំណូលស្រុកដែលមកទន្ទ្រាន លើសិទ្ធិសេរីភាព ប្រពៃណីទំនៀមទម្លាប់ និងដីធ្លីរបស់ពួកគាត់ ហើយនៅពេលដែលពួកគាត់ប្ដឹងផ្ដល់ក៏មិនត្រូវបានការយកចិត្តទុកដាក់ដោះស្រាយ ថែមទាំងមានការគំរាមគំហែងចោទប្រកាន់ថា ដីធ្លីរបស់ពួកគាត់គ្មានច្បាប់ទម្លាប់ និងរងការប្ដឹងផ្តល់ឡើងតុលាការដោយសារការការពារ ទ្រព្យសម្បត្តិរបស់ខ្លួន។ ពួកគេអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធចុះមកសិក្សាស្រាវជ្រាវនិងជួយផ្តល់វគ្គបណ្ដុះបណ្តាល​ចំណេះដឹងបន្ថែមដល់សហគមន៍។ លោក អ៊ុក ដែន រាយការណ៍៖

 

ជនជាតិដើមភាគតិចពូនង ខេត្តមណ្ឌលគិរី ទាំងនោះអះអាងថា ការរងការរើសអើងនិងយាយីបែបនេះ ដោយសារពួកគាត់រៀនបានតិចហើយភាសាច្បាប់ ឬពត៌មានដែលរាជរដ្ឋាភិបាលផ្សព្វផ្សាយគឺជាភាសាខ្មែរ ធ្វើឱ្យពួកគាត់ពិបាកនៅក្នុងការស្វែងយល់ ហើយក៏មិនសូវទទួលបានការបណ្ដុះបណ្ដាលនិងអប់រំបន្ថែម ពេលមានបញ្ហាក៏មិនបានការយកចិត្តទុកដាក់ដោះស្រាយពីសំណាក់អាជ្ញាធរ រាជរដ្ឋាភិបាលនិងសង្គម ដែលធ្វើឱ្យពួកគាត់មានអារម្មណ៍ថាឯកោ។

លោក ច្រូតខ្លើត អាយុ 47 ឆ្នាំសមាជិកសហគមន៍ជនជាតិដើមភាគតិចចុះបញ្ជីដីធ្លី ភូមិប៊ូឡេះ ឃុំដាក់ដាំស្រុក អូររាំងខេត្តមណ្ឌលគិរី បានប្រាប់អ្នកសារព័ត៌មានវិទ្យុស្ត្រីថា សព្វថ្ងៃសហគមន៍របស់លោកក៏ទទួលរងនូវការគំរាមកំហែងពីសំណាក់អាជ្ញាធរនិងការបៀតបៀនទន្ទ្រានយកពីសំណាក់អ្នកមានលុយមានអំណាចហើយពួកគាត់ក៏ប្រឈមនិងការប្តឹងផ្ដល់ដោយសារការ ការពារសិទ្ធិសេរីភាព ប្រពៃណីទំនៀមទម្លាប់ និងដីធ្លីរបស់ខ្លួន។

«ការគំរាមគំហែងហ្នឹងឧទាហរណ៍ថាដីយើងមានដីដំណម ដីរបស់យើងសម្រាប់ទុកដំណម ពីរទៀតដែលយើងបម្រុងដើម្បីឱ្យបម្រុងហ្នឹងធ្វើចំការដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយ អាមួយទៀតដីបម្រុងបម្រុងចិញ្ចឹមគោ ចិញ្ចឹមក្របីអញ្ចឹងទៅណា បើកាលណាយើងទុកឱ្យធំ គាត់ថាទុកធ្វើអី ដីធំពេកយើងការពារមិនឈ្នះទេ។អញ្ចឹងតែកាលណាចំការយើងមិនមាន យើងថាកំណត់ព្រំដែលទទួលស្គាល់ដោយសហគមន៍យើង ដូចអញ្ចឹងឧទាហរណ៍ថាអាជ្ញាធរភូមិឃុំគឺគាត់អត់ចង់ឱ្យទេ គាត់ថាបានតិចៗបានហើយ ហើយគាត់ថាអាការទទួលយកហ្នឹង យើងអត់ព្រម ទោះបីអាឱ្យក៏យកមិនឱ្យក៏យកអញ្ចឹងពួកខ្ញុំដូចអត់សូវពេញចិត្តនៅក្នុងការពិភាក្សាហ្នឹងណា »។

លោក ច្រូតខ្លើត

អ្នកស្រី ផ្លឹក​​ ភារម្យ ជាជនជាតិពូនង រស់នៅភូមិឡៅកា ឃុំសុខដុម ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគីរី លោកស្រីបានលើកឡើងថា សេចកី្តព្រួយបារម្ភរបស់ជនជាតិដើមភាគតិចអ្នកស្រី គឺការបញ្ចេញមតិ ហើយសព្វថ្ងៃការចេញផ្សាយរាល់ពត៌មាន និងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល គឺសុទ្ធតែជាភាសាខ្មែរដែលពួកគាត់ពិបាកនឹងយល់ ហើយម្យ៉ាងទៀតការផ្សព្វផ្សាយរបស់រដ្ឋ​ក៏មិនសូវបានទូលំទូលាយមានការលាក់ព័ត៌មានខ្លះៗអញ្ចឹងហើយពួកគាត់ មិនសូវទទួលបានព័ត៌មានពេញលេញទេ ឯចំណេះដឹងផ្នែកច្បាប់សិទ្ធិសេរីភាពក៏យល់ដឹងបានតិច ដែលធ្វើឱ្យពួកយកគាត់ខ្លាចរអា នៅក្នុងការបញ្ចេញមតិ ហើយកន្លងមក ពួកគាត់ក៏ត្រូវបានគេចោទប្រកាន់គំរាមគំហែងនិងប្តឹងផ្ដល់ឡើងតុលាការ មានអ្នកខ្លះជាប់ពន្ធនាគារដោយមិនទាន់បានដោះបាន។

«ការប្រឈមរបស់ជនជាតិតាមភាគតិចគេមានពីរ ១គឺអាជ្ញាធរ ទី ២ គឺអ្នកចំណូលស្រុកអ្នកមានលុយមានអំណាចដែលគាត់មកតាំងខ្លួនឯងជាអ្នកមានមកធ្វើបាបយើងជាជនដែលជាតិតាមភាគតិចគំរាមកំហែងចាប់ដាក់ពន្ធនាគារ។ ហើយយើងអត់មានបញ្ហាជាមួយនឹងជនជាតិគ្នាឯងទេ មានបញ្ហាជាមួយតែអ្នកចំណូលស្រុកអ្នកចំណូលថ្មី ដែលគេមករស់នៅលើទឹកដីរបស់ពួកយើង គេមានចំណេះដឹងជាង គេជាជនជាតិខ្មែរទៀត​ គេចាត់ទុកថាយើងជាមនុស្សព្រៃមិនយល់ពីច្បាប់រដ្ឋ ជាមនុស្សល្ងង់ គេយកច្បាប់មកគាបសង្កត់យើង។ ហើយមួយទៀតយើងមិនត្រឹមតែរងឥទ្ធិពលពីអាជ្ញាធរទេ គឺយើងនៅរងឥទ្ធិពលពីប្រព័ន្ធតុលាការទៀត»។

អ្នកស្រី ផ្លឹក​​ ភារម្យ

លោកយន់ ឡូរ៉ង់ លេខាធិការដ្ឋានសហព័ន្ធជនជាតិដើមភាគតិចកម្ពុជា លោកមានប្រសាសន៍ថា អង្គការជាច្រើនមានលីកាដូ អាដហុក និងអង្គការមួយចំនួនទៀតដែលធ្វើលើរឿងការកសាងសមត្ថភាពផ្នែកច្បាប់ នៅខេត្តមណ្ឌល់គីរី។ ទោះយ៉ាងណាលោកក៏ទទួលស្គាល់ថាការផ្សព្វផ្សាយឱ្យបានទូលំទូលាយគ្រប់ដណ្ដប់ទៅគ្រប់សហគមន៍មូលដ្ឋានគឺនៅមានកម្រិតនៅឡើយ។

« បើសួរថាពួកខ្ញុំមាន គឺពួកខ្ញុំមានដោយសារតែមានការបណ្ដុះបណ្ដាលជារៀងរាល់ឆ្នាំអញ្ចឹងឯងតាមគោលដៅ ហើយខេត្តមណ្ឌលគីរីគាត់មានបណ្ដាញជនជាតិដើមភាគតិចរបស់ពួកគាត់ដែលធ្វើការចែករំលែកនៅមូលដ្ឋានជាញឹកញាប់។ ប៉ុន្តែយ៉ាងណា យើងដឹងស្រាប់ហើយភាសាច្បាប់វារៀនទៅ បើគាត់មិនមែនជាអ្នកច្បាប់ក៏វាពិបាកដែរ។ ដោយសារការយល់ដឹងអំពីសិទ្ធិជនជាតិដើមភាគតិចគាត់យល់ដឹងបានច្រើន មិនមែនតិចទេប៉ុន្តែសំខាន់គឺការគោរពច្បាប់ពីភាគីអនុវត្តច្បាប់ភាគីពាក់ព័ន្ធទៅវិញទេ បើទោះបីជាសហគមន៍ក្រីក្រលើកឡើងអំពីច្បាប់អំពីសិទ្ធិ ក៏គ្មានប្រសិទ្ធភាពដែរបើសិនជាភាគីខាងអ្នកអនុវត្តច្បាប់មិនគោរព មិនអនុវត្តនោះ»។

លោកសាមឿន វុទ្ធី អ្នកសម្របសម្រួលបណ្ដាញសមាជិកសកម្មជនជាតិដើមភាគតិចហៅកាត់ថា(I rum)លោកទទួលស្គាល់ចំពោះចំណុចខ្វះខាតនៅផ្នែកចំណេះដឹងនៃជនជាតិតាមភាគតិច មិនមែនតែជនជាតិដើមភាគតិចពូនង ទេជនជាតិដើមភាគតិច ច្រើនអម្បូរមួយចំនួនក៏គាត់មានបញ្ហាប្រឈមនិងកត្តាទាំងអស់នេះដែរ។ប៉ុន្តែពេលខ្លះវាទាក់ទងនឹងរឿងធនធាន ហើយពេលខ្លះពួកលោកក៏អត់ទាន់ទទួលបានព័ត៌មានពីខាងគាត់ នៅអ្វីដែលជាការខ្វះខាត និងជាតម្រូវការរបស់ពួកគាត់ ។

«មិនមែនដោយសារយើងរើសអើងមិនទៅកន្លែងគាត់ទេ ប៉ុន្តែវាទាក់ទងនឹងធនធានហើយពេលខ្លះយើងក៏អត់ទាន់ទទួលបានព័ត៌មានពីខាងគាត់នៅអ្វីដែលជាការខ្វះខាត និងជាតម្រូវការរបស់ពួកគាត់ ។ ដែលមែនទែនយើងធ្វើការលើកកម្ពស់ទៅលើសិទ្ធិជាមូលដ្ឋានរបស់ជនជាតិដើមភាគតិច ដែលយើងផ្ដោតទៅលើសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ គឺយើងត្រូវតែធ្វើទៅលើកិច្ចការងារទាំងអស់ហ្នឹងជាការងារស្នូល ​​​ខ្ញុំនឹងធ្វើកិច្ចការងារហ្នឹងបន្តបន្ទាប់ទៀត។អរគុណសម្រាប់ការចែករំលែកពត៌មានភាពខ្វះខាតក្រុមខាងខ្ញុំ ពួកខ្ញុំនិងជជែកគ្នាឡើងវិញសម្រាប់ភាពកង្វះខាត ហើយយើងនិងជជែកជាមួយអ្នកទទួលខុសត្រូវតាមផ្នែកតាមក្រុមអញ្ចឹងទៅ ថាយើងនិងបំពេញភាពខ្វះខាតរបៀបម៉េច»។

លោក ហួន ផន អ្នកសម្របសម្រួលគម្រោង នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្នមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការសង្គមស៊ីវិលមួយចំនួនក៏បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើគម្រោងគាំពារផ្នែកច្បាប់និងសិទ្ធិជនជាតិដើមភាគតិច ជាពិសេសសិទ្ធិ និងសេរីភាពខាងការបញ្ចេញមតិ។ តែយ៉ាងណាការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលនៅសំខាន់ដែលអាចជួយឱ្យពលរដ្ឋទទួលបាននូវចំណេះដឹង សិទ្ធសេរីភាពពេញលេញដើម្បីពលរដ្ឋទទួលបានយុត្តិធម៌របស់ខ្លួន។

 «ការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលវាសំខាន់ជាពិសេសទាក់ទងជាមួយនឹងប្រជាពលរដ្ឋក្រីក្រខ្វះខាតហើយប្រជាពលរដ្ឋដែលរងទុក្ខ ដែលបានជួបនូវបញ្ហាអយុត្តិធម៌ក្នុងសង្គមមួយចំនួន ដូចក្នុងការអនុវត្តសិទ្ធិសេរីភាព។ បញ្ចេញមតិនិងការអនុវត្តសិទ្ធិរបស់គាត់ក្នុងការការពារនូវទ្រព្យសម្បត្តិរបស់ពួកគាត់ ប៉ុន្តែក៏រងនូវផលជាអវិជ្ជមានវិញអញ្ចឹងការយកចិត្តទុកដាក់ពីរដ្ឋាភិបាលជាពិសេសតុលាការផងដែរ គឺជាផ្នែកម្យ៉ាងសំខាន់ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានយុត្តិធម៌របស់ខ្លួនទៅតាមផ្លូវច្បាប់ជាដើម»។

ជាសំណូមពរ លោកច្រូត ខ្លើត សមាជិកសហគមន៍ជនជាតិដើមតាមភាគតិចចុះបញ្ជីដីធ្លី ភូមិប៊ូឡេះ លោកចង់ឱ្យរដ្ឋាភិបាល អង្គការនានាដូចជាមជ្ឈមណ្ឌលគាំទ្រផ្នែកច្បាប់សម្រាប់សហគមន៍ និងអង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចុះមកសិក្សាស្រាវជ្រាវនិងជួយផ្តល់វគ្គបណ្ដុះបណ្តាល ដោយសារថាតំបន់ជនជាតិដើមភាគតិចចំណេះដឹងនៅមានកម្រិត ខាងផ្នែកច្បាប់ ដូចជាក្រដាសស្នាមផ្សេងៗ និងការតស៊ូមតិជាដើម៕

អត្ថបទ៖អ៊ុក ដែន

Share

Image
Image
Image