en     km
en     km

សៀវភៅម្ហូបស្ដ្រីចុងភៅខ្មែរ រស់ រតនៈ ឈ្នះពានរង្វាន់អូស្កាពីកម្មវិធីពិភពលោកឆ្នាំ២០២៣

Share

“សោយ” ជាចំណងជើងសៀវភៅមួយក្បាល របស់ស្ដ្រីចុងភៅខ្មែរ រស់ រតនៈ។ សៀវភៅនេះបានឈ្នះពានរង្វាន់ Gourmand Award ឬអូស្ការ  ក្នុងកម្មវិធីសៀវភៅល្អបំផុតនៅលើពិភពលោកឆ្នាំ២០២៣។ ម្ចាស់ស្នាដៃចងក្រងសៀវភៅនេះបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយ ដែលជាសក្ខីកម្មនៃសិល្បៈម្ហូបខ្មែរ ចែករំលែករសជាតិជាមួយពិភពលោកទាំងមូល។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

សៀវភៅម្ហូបខ្មែរមួយក្បាល របស់អ្នកនាង រស់ រតនៈ ឬឆេហ្វណាក់(Chef Nak) ដែលជាស្ដ្រីចុងភៅខ្មែរបានឈ្នះពានរង្វាន់ ​Gourmand Award ឬគេហៅថា ពានរង្វាន់អូស្កា ក្នុងកម្មវិធីសៀវភៅល្អបំផុតនៅលើពិភពលោកឆ្នាំ២០២៣ នៅទីក្រុង Riyahd ប្រទេស Saudi Arabia កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

សៀវភៅដែលមានចំណងជើង “សោយ” ត្រូវបានប្រសូតឡើងក្រោមស្នាដៃរបស់អ្នកនាងរស់ រតនៈ ដែលបានចងក្រងមុខម្ហូបក្នុងព្រះបរមរាជវាំង ដែលរាជស័ព្ទហៅថា ព្រះស្ងោយ ឬព្រះក្រយា។ សៀវភៅនេះបានបង្កប់នូវរសអាហារតាំងពីឆ្នាំ១៩៥០ ១៩៦០ និងឆ្នាំ១៩៧០ និងជាស្នាព្រះហស្ថដំបូងរបស់ព្រះរាជកន្និដ្ឋា នរោត្តមរស្មីសោភណ្ឌ តែអ្នកនាងរស់ រតនៈបានសិក្សាស្រាវជ្រាវបន្ថែម ព្រមទាំងចងក្រង និងសម្រេចចិត្តដាក់ចំណងជើងថ្មីថា សោយ ដើម្បីឧទ្ទិសស្នាដៃដល់ម្ចាស់ស្នាដៃដំបូង គឺព្រះរាជកន្និដ្ឋា។ នេះបើផ្អែកតាមការផ្ដល់បទសម្ភាសន៍ពីអ្នកនាង រស់ រតនៈជាមួយវិទ្យុស្ដ្រី។

យ៉ាងណាសៀវភៅនេះពេលចេញផ្សាយជាលើកដំបូង អ្នកនាង រតនៈធ្លាប់បានអះអាងថា នឹងធ្វើឱ្យប្រជាជនខ្មែរមានមោទកភាពចំពោះសិល្បៈ វប្បធម៌ និងប្រវត្តិសាស្ដ្រនៃមុខម្ហូប និងក្លាយជាសម្បត្តិរួមមួយរបស់ប្រជាជនខ្មែរផងដែរ។

លើទំព័រហ្វេសប៊ុក  chef Nak បញ្ជាក់ថា សមិទ្ធផលដែលទទួលបានថ្មីៗនេះ ជាសក្ខីភាពនៃការអបអរសាទរ ចំពោះសិល្បៈនៃការធ្វើម្ហូបខ្មែរ ការអភិរក្សប្រវត្តិសាស្ត្រ និងចែករំលែករសជាតិជាមួយពិភពលោកទាំងមូល។ សៀវភៅម្ហូប សោយ ទទួលពានរង្វាន់ Gourmand Award ឬអូស្កាឆ្នាំ២០២៣នេះ មានមុខម្ហូបក្នុងព្រះបរមរាជវាំងប្រមាណជាង៦០មុខ ដែលសុទ្ធសឹងតែជាមុខម្ហូបដែលដែលស្គាល់ពីមុន និងមានគ្រឿងផ្សំពិសេសៗ។

អ្នកនាងរស់ រតនៈ បានស្នើឱ្យប្រជាពលរដ្ឋខ្មែរងាកមកឱ្យតម្លៃលើម្ហូបខ្មែរ និងរៀនពីអ្វីដែលថ្មីៗអំពីម្ហូបខ្មែរ ពិសេសមានស្ដ្រីអ្នកលើកកម្ពស់ម្ហូបខ្មែរ និងលើកឱ្យពិភពលោកបានដឹង បានស្គាល់ ពីប្រទេសកម្ពុជា ខណៈម្ហូបក៏ជាផ្នែកមួយដែលសំខាន់ដូចគ្នា។

សូមជម្រាបថា កាលពីឆ្នាំ២០២១ សៀវភៅមុខម្ហូបខ្មែរមួយក្បាលមានចំណងជើងថា រសជាតិអង្គរ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិក៏បានឈ្នះពានរង្វាន់ Gourmand Award ផងដែរ៕

Share

ព័ត៌មានទាក់ទង

Image