en     km
en     km

បទឈប់បាញ់នៅហ្គាហ្សាចាប់ផ្តើមអនុវត្ត ខណៈចំណាប់ខ្មាំងក៏ត្រូវដោះលែង

Share

 

អ្នកនាំពាក្យក្រសួងការបរទេសកាតារាយការណ៍ថា កិច្ចព្រមព្រៀងរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់លើបទឈប់បាញ់រយៈពេល៤ថ្ងៃនៅតំបន់ហ្គាហ្សាចាប់ផ្តើមអនុវត្តចាប់ពីព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះតទៅ។ ក្នុងនោះ​ ចំណាប់ខ្មាំងទាំងសងខាងនឹងត្រូវដោះលែងវិលត្រឡប់ទៅប្រទេសកំណើតវិញតាមច្រកព្រំដែន។

(កញ្ញា គុជ ស៊ីកុល  រាយការណ៍)

អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed al-Ansari បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍​ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថា បទឈប់បាញ់ក្រោមកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ចាប់ផ្តើមអនុវត្តជាធរមាននៅម៉ោង៧ព្រឹកនាថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះតទៅ។ អ្នកនាំពាក្យរូបនេះអះអាងថា ក្រៅពីឈប់បាញ់បោះគ្នារយៈពេល៤ថ្ងៃ ក្រុមទាំងពីរនឹងចាប់ផ្តើមប្រតិបត្តិការដោះលែងចំណាប់ខ្មាំងរៀងៗខ្លួន។ នេះបើយោងតាមសារព័ត៌មាន​ AP ចុះផ្សាយនៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Ansari និយាយថា ភាគីទាំងពីរបានផ្លាស់ប្តូរបញ្ជីឈ្មោះអ្នកដែលត្រូវដោះលែងរួចរាល់ហើយ ពិសេសក្រុមទីមួយដែលក្រុមហាម៉ាស់តម្រូវឱ្យដោះលែងសុទ្ធសឹងជាស្ត្រីភេទ និងកុមារចំនួន 1១៣នាក់។ លោកបញ្ជាក់ថា ក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងទាំងនេះនៅរសៀលថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ លោក Ansari បដិសេធជុំវិញចំនួនជាក់លាក់ដែលអ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីនដែលកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែលឡើយ។

បើតាមអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលបានប្រាប់សារព័ត៌មាន AFP ថា ក្រោមកិច្ចព្រមព្រៀងនេះ យ៉ាងហោចណាស់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលនិងជនបរទេសចំនួន ៥០នាក់ នឹងត្រូវដោះលែងទៅមាតុប្រទេសវិញ ពិសេសផ្តល់អត្ថិភាពដល់ស្ត្រីនិងកុមារជាចម្បង។ ចំណែកឯអ៊ីស្រាអែលនឹងដោះលែងជនជាតិប៉ាឡេស្ទីនចំនួន១៥០នាក់ពីពន្ធនាគាររបស់អ៊ីស្រាអែល។

ក្រុមហាម៉ាស់បញ្ជាក់ថា ឡានដឹកទំនិញជំនួយមនុស្សធម៌ចំនួន ២០០គ្រឿងនឹងធ្វើដំណើរចូលមកក្នុងតំបន់ហ្គាហ្សា ដែលមានទាំងប្រេងឥន្ធនៈ អាហារ ថ្នាំសង្កូវ និងសម្ភារៈមួយចំនួនទៀត។ ក៏ប៉ុន្តែព័ត៌មានលម្អិតអំពីបរិមាណនោះ មិនត្រូវផ្សព្វផ្សាយនោះឡើយ។ គួរបញ្ជាក់ថា ចាប់តាំងពីក្រុមទាំងពីរបើកការវាយប្រហារគ្នា អ៊ីស្រាអែលកាត់ផ្តាច់ការនាំចូលជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សាទាំងអស់។ ខណៈដែលជំនួយមនុស្សធម៌មួយចំនួនទើបតែអនុញ្ញាតឱ្យនាំចូលតាមច្រកព្រំដែនអេហ្ស៊ីប ដែលមានដូចជាអាហារ ទឹក និងការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្តជាដើម។

សូមរំលឹកថា សង្រ្គាមរវាងក្រុមទាំងពីរបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសជាច្រើនពាន់នាក់ បានវាយលុកចូលទៅក្នុងភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។ ក្រុមហាម៉ាស់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,២០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ជាងនេះទៀត ក្រុមហាម៉ាស់បានចាប់ចំណាប់ខ្មាំងជាច្រើននាក់រួមទាំងទារក ស្ត្រី និងមនុស្សចាស់ ព្រមទាំងទាហានផងដែរ។ ខណៈដែលនៅតំបន់ហ្គាហ្សា អាជ្ញាធរប៉ាឡេស្ទីនរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្សចំនួន ១៤,១០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕

ប្រភព៖ AP ចុះថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image