កំពង់ស្ពឺ៖ បើធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ នៅតាមផ្លូវចូលទៅកាន់ភ្នំជ្រៃហូរខ្មៅ ក្នុងភូមិត្រាវ នៃស្រុកគងពិសី អ្នកនឹងមើលឃើញតូបតូចមួយនៅខាងស្តាំដៃ នៅអែបនឹងផ្លូវ ដែលនៅក្នុងតូបនោះមានស្ត្រីវ័យ ៤៥ឆ្នាំម្នាក់កំពុងអង្គុយលើគ្រែដែលព័ទ្ធជុំវិញដោយផ្លែត្រសក់ស្រូវពណ៌បៃតងលាយឡំពណ៌លឿងគរគ្នាជាគំនរ។ ស្ត្រីនោះស្ថិតក្នុងកាយវិកាយដៃទាំងសងខាងចាប់កាន់ត្រសក់ឡើង អមដោយសម្តីរសរាយរាក់ទាក់និយាយណែនាំពី ត្រសក់ទាំងនោះ ទៅកាន់អតិថិជនពីរនាក់ដែលកំពុងឈររើសត្រសក់។
មុខរបរដាំត្រសក់ស្រូវលក់ បានជួយឲ្យគ្រួសារអ្នកស្រី ឌុក អូន មានជីវភាពសមរម្យជាងបីឆ្នាំមកហើយ ដោយមិនចាំបាច់ឲ្យអ្នកស្រី រួមទាំងគ្រួសារធ្វើចំណាកស្រុកទៅធ្វើការឆ្ងាយពីផ្ទះឡើយ។
មូលហេតុដែលជំរុញឲ្យអ្នកស្រី និងប្តីសម្រេចចិត្តចាប់ផ្តើមមុខរបរជាអ្នកដាំត្រសក់លក់ ដោយសារអ្នកទាំងពីរយល់ថា មុខរបរដាំត្រសក់ងាយស្រួលដាំ មិនប្រើប្រាស់ពេលវេលាយូរដូចដាំដំណាំដទៃ ព្រមទាំងមិនចាំបាច់ឲ្យអ្នកស្រីទៅធ្វើការឆ្ងាយពីផ្ទះឬពីស្រុកកំណើតអ្នកស្រីឡើយ ម្យ៉ាងទៀតប្តីអ្នកស្រីក៏ធ្លាប់រៀនបច្ចេកទេសដាំត្រសក់ស្រូវនេះស្រាប់ផង។
និយាយបណ្តើរ ដៃកាន់ផ្លែត្រសក់ស្រូវជូតជម្រះដីបណ្តើរ អ្នកស្រី ឌុក អូន បាននិយាយថា៖ «ក្នុងមួយថ្ងៃខ្ញុំអាចរកចំណូលពីការដាំត្រសក់នេះបានពី ១០ម៉ឺនទៅ៣០ម៉ឺន អាស្រ័យទៅតាមផ្លែត្រសក់ដែលរង្គោះ(ផ្លែទុំដាច់ចេញពីទង)»។ ជាទូទៅមានអតិថិជនជាច្រើនដែលគាំទ្រផលិតផលត្រសក់ស្រូវរបស់អ្នកស្រី។ ជាក់ស្តែងក្នុងចម្ការនីមួយៗ អ្នកស្រីអាចរកចំណូលបានរហូតដល់ទៅ១០០០ដុល្លារក្នុងមួយឆ្នាំ ដែលអាចជួយផ្គត់ផ្គង់គ្រួសារដែលមានសមាជិក៥នាក់បាន ព្រមទាំងជួយសម្រួលដល់បន្ទុកចំណាយផ្សេងៗយ៉ាងច្រើនផង។
ត្រសក់ដែលអ្នកស្រីដាំមានបីពណ៌រួមមាន ពណ៌បៃតងឆ្នូតសរ ពណ៌លឿងសុទ្ធ ព្រមទាំងពណ៌លឿងលាយពណ៌បៃតងឆ្នូតសរ និងមានទំហំតូច ដោយសារខ្វះទឹកស្រោចស្រព។ ហើយមូលហេតុដែលធ្វើឲ្យត្រសក់ដែលអ្នកស្រីដាំទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកដំណើរឆ្លងកាត់ ក៏ដូចជាអ្នកភូមិក្បែរគ្នា ដោយសារត្រសក់នេះ ដាំដោយខ្លួនឯង និងបេះលក់ភ្លាមៗ ដែលធ្វើឲ្យត្រសក់ថ្មី និងមានរសជាតិផ្អែមឆ្ងាញ់។
«យកអាណាល្អៗ ហើយរៀបដាក់ក្នុងកេសនេះឲ្យខ្ញុំមកអ៊ី»។ នេះជាសម្តីរបស់អ្នកទិញម្នាក់ដែលប្រាប់ឲ្យអ្នកស្រី ឌុក អូន ជួយរើសត្រសក់ឲ្យ។ អតិថិជនប្រចាំដែលមានវ័យប្រហែល ៣៥ឆ្នាំរូបនេះ រស់នៅភូមិក្បែរអ្នកស្រីដែរ ហើយជារៀងរាល់ឆ្នាំលោកតែងតែមកទិញត្រសក់ពីអ្នកស្រីដើម្បីផ្ញើរទៅភ្នំពេញ។
ម៉ូយប្រចាំរូបនេះ បានប្រាប់ឲ្យដឹងថា៖ «ខ្ញុំទិញច្រើនៗណាស់ ដើម្បីផ្ញើរទៅជូន លោកយាយ និងម្តាយខ្ញុំព្រមទាំងបងប្អូនខ្ញុំនៅភ្នំពេញ។ ពួកគាត់ចូលចិត្តញុំាត្រសក់នេះណាស់ ជាពិសេសញុំាជាបង្អែមក្រោយពេលបាយ ជួនកាលពិសារជាមួយបាយតែម្តង»។
អតិថិជនដែលកំពុងទិញត្រសក់ស្រូវធម្មជាតិម្តងជាង១០ផ្លែដោយមិនតថ្លៃរូបនេះ បានបន្ថែមទៀតថា៖ «ខ្ញុំចូលចិត្តមកទិញនៅទីនេះដោយសារគាត់ដាំតាមធម្មជាតិ និងមិនចាក់បញ្ចូលសារធាតុគីមីអ្វីឡើយ ម្យ៉ាងត្រសក់នេះមានរសជាតិផ្អែមឆ្ងាញ់ និងផុសល្អ ព្រមទាំងខុសពីត្រសក់អ្នកផ្សេងលក់ដែលមានសភាពរឹងពិបាកញុំា»។
កំពុងអង្គុយលក់ត្រសក់ស្រូវទើបនឹងបេះថ្មីៗ ក្នុងតូបតូចមួយក្បែរចំការរបស់គាត់អ្នកស្រី ឌុក អូន បានបង្ហើបពីមូលហេតុដែលត្រសក់គ្មានជាតិគីមីនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងថា អតិថិជនចូលចិត្ត និងតែងទិញត្រសក់របស់អ្នកស្រី ដោយសារត្រសក់ទាំងនេះផ្អែមឆ្ងាញ់ ផុស និងដាំដោយប្រើជីធម្មជាតិដូចជាលាមកសត្វ រូមផ្សំនឹងការថែទាំយ៉ាងយកចិត្តទុកដាក់តាមបច្ចេកទេសដែលប្តីអ្នកស្រីបានរៀន។ ការថែទាំតាមបច្ចេកទេសដែលអ្នកស្រីនិយាយ គឺសំដៅលើថែទាំរុក្ខជាតិកូនកុំឲ្យដង្កូវស៊ីបណ្តូរ ព្រមទាំងប្រើថ្នាំបំប៉នបណ្តូរដែលផ្សំពីធម្មជាតិដើម្បីជួយឲ្យបណ្តូរត្រសក់លូតលាស់ឡើងវិញជាដើម បូករួមទាំងការថែទាំត្រសក់ដោយគ្របត្រសក់ដើម្បីកុំឲ្យត្រូវថ្ងៃខ្លោចដើម្បីតំរូវចិត្តអតិថិជន។
ដើម្បីដាំត្រសក់ស្រូវឲ្យមានរស់ជាតិឆ្ងាញ់ ស្ត្រីម្ចាស់ចំការត្រសក់រូបនេះ បានពន្យល់ពីរបៀបដាំថា ដំបូងត្រូវភ្ជួរដីឲ្យដីផុស និងអស់ស្មៅសិន ទុកមួយរយៈសិនសឹមភ្ជួរម្តងទៀត បន្ទាប់មកឆូតរង ព្រមទាំងរោយជីលាមកសត្វលើដីនោះ ក្រោយមកចុចគ្រាប់ត្រសក់ដែល បំបៅរួចលើដីនោះ ចម្ងាយ៨០សង់ទីម៉ែត្រពីគ្នា។ រង់ចាំរយៈពេលពីរខែទើបបានផល ម្យ៉ាងទៀតដើម្បីឲ្យផ្លែធំ និងថ្លុះល្អចាំបាច់ត្រូវមានទឹកភ្លៀងគ្រប់គ្រាន់។ តែបើទោះគ្មានទឹកភ្លៀងស្រោចស្រពដំណាំគ្រប់គ្រាន់ក្តី ក៏កសិករវ័យឆ្លាតវៃទាំងពីរនាក់ប្តីប្រពន្ធរូបនេះ មិនភ្លេចឡើយនូវការបម្រុងទឹកប្រឡាយទុកប្រើជំនួសឲ្យទឹកភ្លៀងនៅរដូវប្រាំង។
បើនិយាយពីវិធីសាស្ត្ររើសពូជត្រសក់ល្អវិញ អ្នកស្រី ឌុក អូន និយាយប្រាប់ដោយទឹកមុខញញឹមថា ដំបូងអ្នកស្រីរក្សាទុកពូជត្រសក់ទុំតាមប្រភេទពណ៌ដែលអ្នកស្រីចង់ទុក ក្រោយមកទៀតអ្នកស្រីកាយគ្រាប់នោះចេញពីផ្លែដែលទុកពូជនោះ ព្រមទាំងបំបៅមេវាឲ្យជូរពី៤ទៅ៥ថ្ងៃសិន។ បន្ទាប់មកទៀតអ្នកស្រីក៏ច្របាច់គ្រាប់ដែលបំបៅនោះឲ្យអស់ជាតិរំអិល រួចលាងទឹក និងយកវាទៅហាលថ្ងៃឲ្យស្ងួតរហូតដល់ស្រួយគ្រាប់។អ្នកស្រីបានបញ្ជាក់បន្ថែមថា បើកាលណាគ្រាប់អត់ស្ងួតនោះបណ្តូលវាងាប់ និងមិនអាចដុះបានឡើយ។
នៅក្នុងការដាំត្រសក់ដដែលស្ត្រី សម្បុរស្រអែម ដែលឈ្នួលក្បាលដោយក្រមាក្រឡាល្អិតស-ក្រហមរូបនេះ បានប្រើប្រាស់ចំការទំហំជិត១ហិចតាដាំបណ្តាក់គ្នាពីចំការមួយទៅចំការមួយទៀតវិលជុំពេញមួយឆ្នាំ។ អ្នកស្រីបានបញ្ជាក់ប្រាប់ថា ការដាំស្រូវបណ្តាក់គ្នានេះក៏ងាយស្រួលឲ្យអ្នកស្រីប្រមូលផលបានរាល់ថ្ងៃដោយមិនបារម្ភភ័យខ្លាចប្រមូលផលមិនទាន់ឡើយ «ខ្ញុំដាំត្រសក់នេះ ឃ្លាតពីគ្នាមួយសប្តាហ៍ទើបដាំលើស្រែមួយទៀត ដូច្នេះនៅពេលត្រសក់នៅស្រែមួយទុំ ស្រែមួយទៀតចាប់ផ្តើមផ្លែ ឯស្រែមួយទៀតចាប់ផ្តើមដាំ បើមិនដាំដូច្នេះទេយើងប្រមូលផលមិនទាន់ទេ»។
គួរបញ្ជាក់ផងដែរថា ការដាំត្រសក់ឲ្យមានរសជាតិឆ្ងាញ់តាមធម្មជាតិនេះ ប្តីរបស់អ្នកស្រីបានរៀនបច្ចេកទេសពីអង្គការមួយ។ ក្រោយរៀនចប់ក៏ចាប់ផ្តើមមុខរបរដាំត្រសក់ស្រូវនេះរហូតទទួលបានការគាំទ្រពីអតិថិជនច្រើន និងអាចផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យរស់នៅសមរម្យនិងមានជីវភាពធូរធារដូចសព្វថ្ងៃ៕