អាជ្ញាធរមីយ៉ាន់ម៉ាបានបញ្ជូនជនសង្ស័យចំនួន ៣១,០០០នាក់ទៅកាន់ប្រទេសចិនវិញបន្ទាប់ពីអាជ្ញាធរមីយ៉ាន់ម៉ាចោទប្រកាន់ពីបទក្លែងបន្លំនិងបោកប្រាស់ប្រជាជនតាមរយៈអ៊ីនធឺណិត។ នេះបើយោងតាមប្រភពពីអាជ្ញាធរចិននៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
(កញ្ញា សៃ ចន្ធី រាយការណ៍)
អាជ្ញាធរមីយ៉ាន់ម៉ាបានបញ្ជូនជនសង្ស័យចំនួន ៣១,០០០នាក់ពីបទក្លែងបន្លំនិងបោកបញ្ឆោតតាមរយៈទូរគមនាគមន៍ទៅកាន់ប្រទេសចិនវិញហើយ។ ការចាប់ខ្លួននេះធ្វើឡើង បន្ទាប់ពីប្រទេសទាំងពីរមានច្បាប់បើកការបង្ក្រាបលើការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតកាលពីខែកញ្ញា ឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
យោងតាមក្រសួងសន្តិសុខសាធារណៈបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនសង្ស័យរួមមានអ្នកក្លែងបន្លំឬបោកបញ្ឆោតតាមរបៀបធ្វើពាណិជ្ជកម្ម និងហិរញ្ញវត្ថុចំនួន ៦៣នាក់ រួមទាំងមេដឹកនាំរបស់ក្រុមចោរព័ត៌មានវិទ្យា។ ក្រសួងសន្តិសុខសាធារណៈបន្ថែមទៀតថា ក្រុមឆបោកនេះបានធ្វើសកម្មភាពបោកប្រាស់ពលរដ្ឋចិនក្នុងចំនួនទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈការបង្ក្រាបនេះទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
ប៉ូលីសចិនបានចាប់ផ្តើមបង្ក្រាបការក្លែងបន្លំចាប់តាំងពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាការបង្រ្កាបយ៉ាងរហ័សមួយទៅលើក្រុមឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប៉ូលិសចិនបាននិយាយថា មេខ្លោងក្រុមក្មេងទំនើងមីយ៉ាន់ម៉ាបានធ្វើអត្តឃាតកាលពីសប្តាហ៍មុននៅអំឡុងពេលរត់គេចពីអាជ្ញាធរមីយ៉ាន់ម៉ា។ ប៉ូលិសចិនបញ្ជាក់ថា ក្នុងនោះសមាជិកបីនាក់របស់ក្រុមខាងលើ ត្រូវបានចាប់ខ្លួនបាននិងធ្វើបែបបទបញ្ជូនទៅឱ្យប៉ូលិសចិនជាអ្នកអន្តរាគមន៍ដោះស្រាយ។
បើយោងតាមជំនួយការរដ្ឋមន្ត្រីការបរទេសចិន លោក Nong Rong បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយនិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសមីយ៉ាន់ម៉ាលើការដោះស្រាយបទល្មើសឆ្លងដែន រួមទាំងការបោកប្រាស់តាមអ៊ីនធឺណែតដូចជាល្បែងស៊ីសងតាមអ៊ីនធឺណិតក្នុងប្រទេសមីយ៉ាន់ម៉ាជាដើម។
ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា មនុស្សជាង ១០ម៉ឺននាក់បានចូលរួមក្នុងមជ្ឈមណ្ឌលនិងក្រុមជនក្លែងបន្លំតាមរយៈទូរគមនាគមន៍ជារៀងរាល់ថ្ងៃ ដោយយ៉ាងហោចណាស់មានមនុស្សចូលរួមចំនួន ១,០០០នាក់ ដែលរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាព្រំប្រទល់ជាប់នឹងភាគនិរតីនៃប្រទេសចិន។
សូមជម្រាបថា យោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងការវាយប្រហារពីសំណាក់ក្រុមជនជាតិភាគតិចនៅតាមតំបន់ព្រំដែនជាខ្លាំង។ លោក Nong Rong អះអាងថា ប្រទេសចិនគាំទ្រមីយ៉ាន់ម៉ាក្នុងការរក្សាស្ថិរភាពនៅតាមព្រំដែនរួមជាមួយគ្នា បើទោះបីរបបយោធាមីយ៉ាន់ម៉ាកំពុងប្រយុទ្ធតតាំងជាមួយក្រុមបះបោរជនជាតិភាគតិចនៅក្នុងតំបន់ក៏ដោយ៕
ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣