កម្លាំងជំនាញ(ក៥) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការត្រួតពិនិត្យឥវ៉ាន់បញ្ញើ មិនប្រក្រតីចំនួនពីរឡាំងក្រដាស់ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩:៣០នាទី នៅក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរពីភ្នំពេញទៅក្រុងហូជីមិញ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា។បន្ទាប់ពីពិនិត្យរកឃើញកញ្ចប់ម្សៅពណ៌ស ជាសារធាតុញៀនប្រភេទកេតាមីន៥ថង់ទម្ងន់៩៩២ក្រាម និងសារធាតុរាវចំនួន១០៤កញ្ចប់ ទម្ងន់ជាង៦០គីឡូក្រាម។ ក្នុងការបង្ក្រាបករណីបញ្ជូនគ្រឿងញៀនតាមកញ្ចប់បញ្ញើពីកម្ពុជាទៅវៀតណាម កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន៣នាក់ ជាជនជាតិវៀតណាម រួមទាំងរឹបអូសថ្នាំញៀនជិត១គីឡូក្រាម និងសារធាតុមិនច្បាស់ជាង៦០គីឡូក្រាម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី។ជនសង្ស័យទាំង៣នាក់នោះរួមមាន៖ ឈ្មោះ ង្វៀង វ៉ាន់ហ៊ីប ភេទប្រុស កើតឆ្នាំ២០០០, ឈ្មោះ ង្វៀង វ៉ាន់ធឹង ភេទប្រុស កើតឆ្នាំ២០០១ និងឈ្មោះ ង៉ូ វីហ្វឿង ភេទប្រុស កើតឆ្នាំ២០០០។ នេះបើយោងទៅតាមទំព័រហ្វេសប៊ុករបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣៕
អត្ថបទ៖សួ សុវណ្ណិកា