ក្រសួងព័ត៌មាន បានជម្រុញ និងលើកទឹកចិត្ត ឲ្យក្រុមអ្នកសិល្បករតន្ត្រីទាំងអស់ខិតខំធ្វើការបញ្ចេញស្នាដៃរបស់ខ្លួនថ្មីមិនចម្លង យកតាមបរទេស ហើយនិងមានលក្ខណ:ជារបស់ជាតិខ្មែរ។ ការជម្រុញ របស់ក្រសួងព័ត៌មានបែបនេះ គឺ ដើម្បីបង្ហាញពីស្នាដៃ សិល្ប: វប្បធម៌ពិតរបស់ខ្លួន មិនចង់ឲ្យមានកាចម្លងយកតាមបរទេសតទៅទៀតដូចសព្វថ្ងៃ។
នៅក្នុង ពិធីបែងចែក ក្រុមតន្ត្រី មហោស្រប តន្ត្រីចំរៀងសម័យ ថ្នាក់ជាតិលើកទី៣ ឆ្នាំ២០១៥ ដែលរៀបចំឡើង នៅទីស្តីការ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ នេះ លោក ខៀវ កាញ្ញារិទ្ឋិ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន មានប្រសាសន៍ថា ក្រសួង មិនមាន គោលការណ៍ ណាមួយ ក្នុងការ ហាមឃាត់ មិនឲ្យ មានការ ចម្លងតន្រ្តី យកពីបរទេស នោះទេ ។ ប៉ុន្តែ លោក បានជម្រុញ និងលើកទឹកចិត្ត ក្រុមអ្នកសិល្បករតន្ត្រី ទាំងអស់ឲ្យចេះខិតខំនិពន្ឋ និងបញ្ចេញស្នាថ្មី ដោយខ្លួនឯង មិនចម្លង តាមបរទេស តែមានលក្ខណ:ជារបស់ជាតិខ្មែរ។ ការធ្វើដូចនេះ គឺដើម្បីបង្ហាញពីអំពីអត្តសញ្ញាណជាតិខ្មែរ ព្រោះការនិពន្ឋតន្ត្រី ដែលមានអត្តសញ្ញាណជាតិខ្មែរនេះ ជាការពង្រឹង នូវអត្តសញ្ញាណជាតិខ្មែរ សំរាប់កូនខ្មែរជំនាន់ក្រោយ បានដឹង។
ក្រៅពីនោះ លោក ខៀវ កាញ្ញារិទ្ឋិ ក៏បានលើកឡើងដែរថាកម្ពុជាពិតជាមានអ្នកមានស្នាដៃ និងមានសមត្តភាពច្រើនក្នុងការនិពន្ឋ តន្ត្រី ហើយអ្នកទាំងអស់នោះកំពុងកប់នៅក្នុងជូរអ្នកសិល្ប:។
ដូចគ្នានេះដែរ លោក ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាគណកម្មការរៀបចំមហោស្របតន្ត្រីចំរៀងសម័យ តន្រ្តីថ្នាក់ជាតិបានលើកឡើងថាការរៀបចំមហោស្របតន្ត្រីសម័យថ្នាក់ជាតិនេះឡើងគឺជាការបង្កើតឪកាសដល់អ្នកតន្ត្រីអ្នកនិពន្ឋ ដែលមានសមត្តភាព បានបង្ហាញនូវស្នាដៃនិពន្ឋរបស់ខ្លួនឡើង ដោយមិនចម្លងយកតាមបរទេស។
ម្យ៉ាងវិញទៀត ការរៀបចំមហោស្របតន្ត្រីចំរៀងសម័យតន្រ្តីថ្នាក់ជាតិនេះ គឺជាការរួមចលនាអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ ហើយ ការបង្កើតស្នាដៃបទចម្រៀងថ្មី អាចប្រព្រឹត្តិទៅបាននោះ លុះត្រាតែបណ្តាផលិតកម្ម តន្ត្រីករ អាជីវករផ្នែកចំរៀង និងអ្នកចំរៀងជា ដើមនោះ ត្រូវតែចូលរួមទាំងអស់គ្នា ទើបអាចរក្សាបានតន្ត្រីដែលជារបស់ជាតិខ្មែរពិតបា្រកដបាន។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍រៀបចំមហោស្របតន្ត្រីចំរៀងសម័យថ្នាក់ជាតិនេះ គឺជាលើកទី៣ហើយសំរាប់ប្រទេសកម្ពុជា។ លើកទី ១ធ្វើឡើង នៅឆ្នាំ១៩៦៣ នៅក្រុងកែប ខេត្តកំពត ក្នុងរជ្ជកាលព្រះបរម្មរដ្ឋតកោដ នរោត្តមសីហនុ។ លើកទី២នៅឆ្នាំ២០១១ និងឆ្នាំ២០១៣ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងក្រសួងផ្សេងៗទៀត។ រីឯការរៀបចំមហោស្របតន្ត្រី ចំរៀងសម័យថ្នាក់ជាតិលើកទី៣វិញនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ខែកក្កដា ខាងមុខនេះដែលមានក្រុមអ្នកតន្ត្រី៣៥ក្រុមចូលរួម ប្រកួតប្រជែងគ្នា ដើម្បីទទួលបាន ពាន់រង្វាន់ សំរាប់អ្នកជាប់ចំណាត់ថ្នាក់លេខ១ សំរាប់អ្នកមានស្នាដៃតន្ត្រីពិតមិនចំលងយកពី បរទេស និងមានលក្ខណ:ជាតិផងដែរ៕