en     km
en     km

ឥណ្ឌាបើកសាលារៀនជាថ្មី បើទោះបីជាកំហាប់ខ្យល់ពុលនៅតែជាបញ្ហាប្រឈម

Share

ក្រុមស្វីស IQAir បានរាយការណ៍ថា សន្ទស្សន៍គុណភាពនៃកំហាប់ខ្យល់ពុលបានថយចុះពីកម្រិត ៥០៩ទៅកម្រិត ៣៣៦ កាលពីថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា​ ឆ្នាំ២០២៣។ ក៏ប៉ុន្តែ ក្រុមស្វីស IQAir ព្រមានថា កំហាប់ខ្យល់ពុលនៅតែជាគ្រោះថា្នក់ប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះ កាលពីថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Gopal Rai បានប្រាប់អ្នកយកព័ត៌មានថា ការងារសាងសង់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈអាចបើកដំណើរការជាប្រក្រតីឡើងវិញ បើទោះបីជាមានការហាមឃាត់សកម្មភាពមួយចំនួនដូចជាមិនឱ្យមានការបោស ឬធ្វើឱ្យហុយធូលីចូលទៅក្នុងបរិយាកាសជាដើម។

ដើម្បីការពារសុខភាព ក្មេងៗនាំគ្នាពាក់ម៉ាស់ដើរតាមដងផ្លូវទៅសាលារៀន បន្ទាប់ពីបិទជិតពីរសប្តាហ៍។ ចំណែកឯអ្នកកាន់សាសនាហិណ្ឌូប្រមូលផ្តុំគ្នាប្រារព្ធពិធីបុណ្យលើទន្លេ Yamuna ដែលកំពុងមានពពុះសៗលាតសន្ធឹងលើទន្លេ។ អាជ្ញាធរតំបន់ឱ្យដឹងថា អ្នកកាន់សាសនាទាំងនេះនាំគ្នាមុជទឹកទន្លេ ដែលអាចប៉ះពាល់ដល់សុខភាពរបស់ពួកគេនៅក្នុងថ្ងៃអនាគត បើទោះបីជាសារធាតុពុលនេះមិនធ្វើឱ្យស្លាប់ភា្លមៗក៏ដោយ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបានដាក់ចេញនូវវិធានការគ្រាអាសន្នដោយដាក់បម្រាមហាមឃាត់ប្រជាពលរដ្ឋមិនឱ្យធ្វើសកម្មភាពបំពុលបរិស្ថាន ដើរហើរពាសវាលពាសកាល​ ផ្អាកដំណើរការសាងសងអគារទាំងអស់នៅក្នុងទីក្រុង និងបិទសាលារៀនជាបណ្តោះអាសន្នសិន។ ការប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣  ក្នុងគោលបំណងរក្សាគុណភាពខ្យល់មិនឱ្យមានស្ថានភាពកាន់តែអាក្រក់ឡើង។ ក៏ប៉ុន្តែក្រោយកម្រិតសន្ទស្សន៍នៃគុណភាពខ្យល់ហាក់ប្រសើរឡើង អាជ្ញាធរបានបើកឱ្យដំណើរសាជាថ្មី។

សូមជម្រាបថា ការបំពុលបរិយាកាសនៅក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា មានសភាពកាន់តែអាក្រក់នៅក្នុងរដូវរងា នៅពេលដែលល្បឿនខ្យល់ធ្លាក់ចុះគួបផ្សំនឹងខ្យល់បំពុលពីយានជំនិះ ឧស្សាហកម្ម និងសម្រាមឬកាកសំណល់ដែលកសិករយកទៅដុតរៀបចំដាំសាជាថ្មី។ តាមរយៈការសិក្សាបន្ថែមថា យានជំនិះបានចូលរួមចំណែក ៥១ភាគរយនៃភាគល្អិតទំហំ ២.៥មីក្រូម៉ែត្រ ដែលចាត់ទុកថាជាគ្រោះថ្នាក់ដល់មនុស្ស នៅតាមបណ្តោយផ្លូវសំខាន់ៗ៕

ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image