សាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ កង តារាវិឆៃ ដែលត្រូវបានគេស្គាល់ថា ជាមេក្លោងបាញ់បោះសេរីនៅផ្ទះលំហែលើខ្នងភ្នំគិរីរម្យ ដែលបង្កការភ្ញាក់ផ្អើល កាលពីពេលកន្លងទៅនេះ។ កញ្ញា សួ សុវណ្ណិកា រាយការណ៍ 20-11-23-Sovannika-Kirrom
ដីការបស់លោក សេង រិទ្ធី ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់យ៉ាងដូច្នេះថា «ឲ្យចាប់ខ្លួនឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ៣២ឆ្នាំ»។ ការចាប់ខ្លួននេះ ធ្វើឡើងដោយចោទប្រកាន់ពីបទ «ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសែវដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅចំការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣»។
ចំពោះរឿងហេតុពាក់ព័ន្ធករណីបាញ់បោះសេរីនេះ មនុស្សចំនួន៤នាក់ហើយ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។ ការសម្រេចឃុំខ្លួននេះ ក្រោយតំណាងអយ្យការបានសម្រេចចោទប្រកាន់មនុស្ស៤នាក់ ពីបទ «ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសែវគ្មានការអនុញ្ញាត» តាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទះ និងគ្រាប់រំសេវ រួចរាល់ហើយ បញ្ចូនទៅចៅក្រមស៊ើបសួរបន្តកិច្ចនីតិវិធី។
គួរជម្រាបផងដែរថា ក្នុងការបាញ់បោះនៅលើខ្នងភ្នំគិរីរម្យនេះ មានបុរសប្រមាណ៤នាក់ ក្នុងចំណោម២០នាក់បានចូលខ្លួនសារភាពទោស។ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទទាំងបួនរូបពីបទ «ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និង គ្រាប់ រំសេវដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅចំណុចចំការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ៣០ នាទីរសៀល រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ០៦ និង ០០ នាទី ព្រឹក បទល្មើសព្រហ្មទណ្ឌមានបញ្ញត្តិ និងឱ្យផ្តន្ទាទោសតាមមាត្រា ២០ នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។ ជនជាប់ចោទរួមមាន ដូចជា ១-ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៣៧ ឆ្នាំ ២-ឈ្មោះ ចិន ភារម្យ ភេទប្រុស អាយុ ៤០ ឆ្នាំ ៣-ឈ្មោះ ប៊ិន ភាលុច ភេទប្រុស អាយុ ៣៤ ឆ្នាំ ៤-ឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ ៣២ ឆ្នាំ។ អ្នកទាំង៤ បានចូលខ្លួនសារភាពទោស។ ចំណែកឈ្មោះ កង តារាវី ភេទប្រុស អាយុ ៣២ ឆ្នាំ និងបក្ខពួក ផ្សេងទៀតកំពុងគេចខ្លួននៅឡើយ ។ នៅថ្ងៃដដែលនេះ ជនត្រូវចោទទាំងបួនដែលបានចូលសារភាពទោសកំហុស ត្រូវបាននាំមក បង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរដើម្បីបំពេញកិច្ចស្របតាមនីតិវិធីជាធរមាន តែលើកលែងតែលោកកង តារាវីឆៃនិងបក្សពួកដែលមិនបានចូលរួម ព្រោះពួកគាត់បានរត់គេចខ្លួន ។
ក្រោយការសួរនាំ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទ តាមដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ ១៩០១៩ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ២០២៣ ចំពោះអង្គហេតុនៃការចោទប្រកាន់ខាងលើ ។ ដោយឡែកចំពោះជនត្រូវចោទ ពាក់ព័ន្ធផ្សេងទៀតដែលកំពុងគេចខ្លួន ចៅក្រមស៊ើបសួរកំពុងយកចិត្តទុកដាក់ស្រាវជ្រាវ និងអនុវត្តចំណាត់ ការតាមនីតិវិធីជាធរមាន ។
ជុំវិញការបាញ់បោះសេរីនៅតំបន់រមណីយដ្ឋាននេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងឱ្យដឹងជាសាធារណៈកាលពីពេលថ្មីៗនេះថា ជនបង្កដែលបាញ់បោះនៅភ្នំគិរីរម្យចំនួនបួននាក់ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។ សម្ដេចនាយករដ្ឋមន្ត្រីលើកឡើងបែបនេះដោយមិនបញ្ជាក់ពីអត្តសញ្ញាណជនបាញ់បោះសេរីទាំងនោះឡើយ ក៏បន្តែសម្តេច ជំរុញឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការឱ្យដូចជាភ្លៀងរលឹម ចំពោះកងកម្លាំងប្រដាប់អាវុធ ឬមន្រ្តីរាជការណា ដែលបាញ់បោះសេរីបែបនេះ និងការប្រើប្រាស់គ្រឿងញៀនផងដែរ៕
អត្ថបទ៖កញ្ញា សួ សុវណ្ណិកា