បន្ទាប់ពីមានការចាប់ខ្លួនតំណាងកម្មករ៥នាក់ ដែលជាមន្ដ្រីសហព័ន្ធសហជីពចលនាកម្មករ ក្នុងក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ឃុំខ្លួនអស់មួយរយៈពេល នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នេះ តុលាការខេត្ដបានសម្រេចដោះលែង អ្នកទាំង៥រូបវិញ ជាបណ្ដោះអាសន្ន ក្រោយពីមាន ការពិភាក្សា គ្នារវាងប្រធានសហជីព ជាមួយនិងភាគីរដ្ឋាភិបាលរួចមក។
បើតាមការឲ្យដឹងពីលោក ប៉ា ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ ថ្លែងប្រាប់ វិទ្យុស្ដ្រី នៃWMC នៅថ្ងៃ ចន្ទ ទី១៨ ខែមករា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា តំណាងកម្មករទាំង៥នាក់ ត្រូវបានតុលាការខេត្ដកំពង់ស្ពឺ សម្រេចឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្នហើយ កាលពីវេលា ម៉ោង៣រសៀល នៅថ្ងៃច័ន្ទ នេះ បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយ ប្រធានមន្ទីការងារ ខេត្ដ និងអភិបាលខេត្ដកំពង់ស្ពឺរួចមក។ «តាមអ្វីដែលជាកិច្ចពិភាក្សារវាងខ្ញុំ ជាមួយលោកប្រធានមន្ទីរការងារ រួម ទាំងឯកឧត្ដមអភិបាលខេត្ដ គឺនៅថ្ងៃចន្ទនេះ និងឯកភាពថា នឹងសម្របសម្រួលដោះលែងមកវិញ»។
ទាក់ទងនឹងរឿងនេះដែរ មន្ដ្រីជាន់ផ្នែកបច្ចេកទេសនៃអង្គការលីកាដូ លោក អំ សំអាត មានការសារទរចំពោះដំណោះស្រាយនេះ។ ប៉ុន្ដែ លោកមានការសោកស្ដាយ ចំពោះការងារ របស់ សមត្ថកិច្ចកន្លងមក ជុំវិញការចាប់ខ្លួនអ្នកទាំងប្រាំរូបនេះ ដោយលោកលើកឡើងថា អ្នកដែលប្រើប្រាស់អំពើហិង្សាមិនត្រូវបានចាប់ខ្លួន ប៉ុន្ដែបែរជាទៅចាប់ជនរងគ្រោះ ដោយការ ប្រើប្រាស់អំពើហិង្សា យកទៅដាក់ពន្ធធនាគារទៅវិញ។
លោក អំ សំអាត៖ «ការទាមទារ នឹងតវ៉ា យើងមិនព្យាយាមរកដំណោះស្រាយ បើជាព្យាយាមចាប់ខ្ឡួន ធ្វើការ គំរាមកំហែង ដើម្បីមិនអោយមានការតវ៉ាទៅវិញ។ យ៉ាងនេះ មិនមែនជាដំណោះស្រាយល្អទេហើយក៏ជាវប្បធម៌មួយអាក្រក់ ហើយក៏មិនអាចដោះស្រាយបញ្ហាទាំងអស់នោះបានដែល បា៎ទ»។
ជាងនេះទៀត លោក អំ សំអាត ថា អ្នកទាំងប្រាំនាក់ ខាងលើគួរតែទទួលបានការ លើកលែង ការចោទប្រកាន់ទាំងស្រុងជាជាងការសម្រេចអោយនៅក្រៅឃុំជាបណ្ដោះ អាសន្ន។ «ពួកគាត់ខ្ញុំគិតថា មិនមានកំហុសអីទេ គួរតែមានការលើកលែងចោទប្រកាន់ សម្រាប់ពួក គាត់។ចឹងគ្រាន់ថា ទន្ទឹមនឹងអោយនៅក្រៅឃុំបណ្ដោះអាសន្នហើយ ក្រោយពេលចៅក្រម ស៊ើបសួរធ្វើការស៊ើបអង្កេត យើសង្ឃឹមថា នឹងមានការលើកលែងការចោទប្រកាន់ សម្រាប់ ពួកគាត់។ ហើយអាជ្ញាធរខាងរោងចក្រ ក៏ដូចជា ខាងក្រសួងការងារ ព្យាយាមធ្វើយ៉ាងណា ដើម្បីរកដំណោះស្រាយ ដើម្បីអោយមានដំណោះស្រាយល្អសម្រាប់ពួកគាត់ កុំអោយមាន ការតវ៉ា ឬកុដកម្មបន្ដទៅទៀត»។
សូមបញ្ជាក់ថា អ្នកទាំង៥រូប ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១២ខែមករា កន្លងទៅនេះ រួមមាន លោក ខាត់ ឡូត លោក ព្រុំ ប៊ុនថន. លោក ចាំ សំណាង លោក មុំ ណយ និងទីលោក ថុនា។
សូមរម្លឹកដែរថា តំណាងសហជីពប្រាំនាក់ ដែលធ្វើការ នៅរោងចក្រ អ៊ែជ្យាយស៍ ស្វេតធ័រ ត្រូវបានសមត្ថកិច្ចក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ក្រោយពេលមានការប៉ះទង្គិចគ្នា រវាងក្រុមកម្មករ និងក្រុមក្មេងទំនើងគាំទ្ររោងចក្រ ស្របពេលដែលតំណាងសហជីពទាំងនោះ កំពុង ទាមទារអត្ថប្រយោជន៍និងលក្ខខណ្ឌការងារមួយចំនួន ជូនដល់កម្មករ៕