ប្រធានផ្នែកទេសចរណ៍របស់ប្រទេសថៃ ដាក់ចេញផែនការសហការជាមួយប៉ូលិសចិនក្នុងការចេញល្បាតរួមគ្នានៅតាមគោលដៅទេសចរណ៍សំខាន់ៗក្នុងប្រទេសថៃ។ នេះបង្ហាញពីភាពអន្តិសុខនៅក្នុងប្រទេសនៃភាគអាស៊ីអាគ្នេយ៍មួយនេះ ដែលអាចប៉ះពាល់ដល់កំណើនភ្ញៀវទេសចរជនជាតិចិន។
(កញ្ញា សៃ ចន្ធី រាយការណ៍)
យោងតាមលោកស្រី Thapanee Kiatphaibool ទេសាភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ TAT និយាយថា ការដាក់ផែនការដើម្បីចូលរួមសហការជាមួយប៉ូលិសចិន ក្នុងការចេញល្បាតរួមគ្នានៅតាមគោលដៅទេសចរណ៍សំខាន់ៗ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ថៃសម្រាប់ពង្រឹងសន្តិសុខ និងបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរចិន។ លោកស្រីលើកឡើងពីផែនការនេះឡើង បន្ទាប់ពីជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាម Bangkok Post ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក៏ប៉ុន្តែលោក Srettha Thavisin និងអគ្គស្នងការនគរបាលជាតិថៃបានបដិសេធជុំវិញការចុះល្បាតជាមួយប៉ូលិសចិន ដោយថាខ្លួននឹងសម្របសម្រួលអធិបតេយ្យភាពរបស់ប្រទេសថៃ។ អ្នកវិភាគបាននិយាយថា ការព្រួយបារម្ភអំពីសុវត្ថិភាពដែលបង្កឡើងដោយការបាញ់ប្រហារដ៏សាហាវ និងឧក្រិដ្ឋកម្មដ៏រន្ធត់ដែលកើតពេលកន្លងទៅ កំពុងធ្វើឱ្យភ្ញៀវទេសចរចិនខ្លាចរអាក្នុងការមកលេងនៅប្រទេសថៃ។
ទន្ទឹមគ្នានេះ អ្នកវិភាគចង្អុលបង្ហាញថា រដ្ឋាភិបាលថៃពិបាកសម្រេចគោលដៅទេសចរណ៍របស់ខ្លួនក្នុងឆ្នាំនេះដែលដាក់ក្តីរំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសចំនួន២៨លាននាក់ ក្នុងនោះមាន៤,៤លាននាក់មកពីប្រទេសចិននៅដំណាច់ឆ្នាំនេះ។ រដ្ឋាភិបាលថៃត្រូវការទាក់ទាញភ្ញៀវទេសចរចិនចំនួន ១,៥លាននាក់បន្ថែមទៀត ដើម្បីឈានដល់គោលដៅរបស់ខ្លួនផងដែរ។
គួរបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរចិនមានត្រឹមតែ ២.៩លាននាក់ប៉ុណ្ណោះដែលបានមកដើរលេងទស្សនានៅប្រទេសថៃ។ នេះបើយោងតាមទិន្នន័យពីក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ។
សូមបញ្ជាក់ផងដែរថា ហេតុផលមួយចំនួនក្នុងចំណោមហេតុផលដែលពួកគេយឺតយ៉ាវក្នុងការត្រឡប់មកទស្សនាប្រទេសថៃវិញ គឺដោយសារការបាញ់ប្រហារនៅក្នុងផ្សារទំនើប Siam Paragon ដ៏ប្រណិតក្នុងទីក្រុងបាងកកកាលពីពីរខែមុន ដែលជនដៃដល់ទើបតែមានអាយុ ១៤ឆ្នាំបានសម្លាប់ជនបរទេសពីរនាក់ ក្នុងនោះមានជនជាតិចិនម្នាក់ និងរបួសជាច្រើននាក់។
សូមជម្រាបថា ភ្ញៀវទេសចរដែលកាន់លិខិតឆ្លងដែនមកពីប្រទេសចិន និងកាហ្សាក់ស្ថានអាចចូលនិងស្នាក់នៅក្នុងប្រទេសថៃរយៈពេល៣០ថ្ងៃដោយគ្មានទិដ្ឋាការបានចន្លោះពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤។ ចំពោះភ្ញៀវទេសចរកាន់លិខិតឆ្លងដែនមកពីប្រទេសឥណ្ឌា និងតៃវ៉ាន់អាចមកកម្សាន្តប្រទេសថៃដោយគ្មានទិដ្ឋាការបានចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ រីឯភ្ញៀវទេសចរដែលកាន់លិខិតឆ្លងដែនរុស្ស៊ីអាចចូលនិងស្នាក់នៅក្នុងប្រទេសថៃរយៈពេល ៩០ថ្ងៃដោយគ្មានទិដ្ឋាការចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤៕
ប្រភព៖ CNA ចុះថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣