(កញ្ញា ងិន ស៊ាងលីម រាយការណ៍)
យោងតាមប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos មានប្រសាសន៍ថា ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ារវាងយោធារដ្ឋាភិបាលនិងក្រុមជនជាតិភាគតិច គឺជាបញ្ហាដ៏លំបាកមួយសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ក្នុងការឆ្ពោះទៅរកដំណោះស្រាយ ខណៈភាពតានតឹងកាន់តែកើនឡើង។ នេះបើយោងតាមសារព័ត៌មាន CNA ចុះនៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Marcos បាននិយាយបែបនេះនៅក្នុងវេទិកាមួយក្នុងរដ្ឋហាវ៉ៃនៃសហរដ្ឋអាមេរិក ដែលចាក់ផ្សាយផ្ទាល់នៅប្រទេសហ្វីលីពីននៅថ្ងៃច័ន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក Marcos បានឱ្យដឹងទៀតថា សមាគមអាស៊ានមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះបញ្ហានេះ ប៉ុន្តែនៅតែមានភាពស្មុគស្មាញ រួមទាំងផលប៉ះពាល់ដល់មនុស្សធម៌ផងដែរ។លោកក៏បានបន្ថែមថា ថ្មីៗនេះរបបយោធាបានបាត់បង់ការគាំទ្រនិងទំនុកចិត្តពីសំណាក់យោធារបស់ខ្លួនទាំងស្រុងទៅហើយ។
ក្នុងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ានេះ អង្គការសហប្រជាជាតិបានបញ្ជាក់ថា មនុស្សជាងមួយលាននាក់បានផ្លាស់ទីលំនៅ ចាប់តាំងពីយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០២១ ដែលធ្វើឱ្យប្រទេសលេចលង់ធ្លាក់ចូលក្នុងជម្លោះ និងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ចំណែកការបង្ក្រាបក្រោយរដ្ឋប្រហាររបស់របបយោធាលើអ្នកប្រឆាំងឯណេះវិញ បានបង្កើតឱ្យមានចលនាតស៊ូកាន់តែកើនឡើងយ៉ាងខ្លាំង។
ជាមួយគ្នានេះ ប្រទេសសមាជិកអាស៊ានបានរារាំងឧត្តមសេនីយ៍កំពូលៗរបស់មីយ៉ាន់ម៉ាមិនឱ្យចូលរួមកិច្ចប្រជុំរបស់ខ្លួនឡើយ រហូតដល់ពួកគេប្តេជ្ញាចិត្តអនុវត្តផែនការសន្តិភាពរបស់ប្លុកអាស៊ានរយៈពេលពីរឆ្នាំ។ គួរបញ្ជក់ដែរថា ប្រទេសហ្វីលីពីននឹងធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាននៅឆ្នាំ២០២៦ខាងមុខនេះ៕
ប្រភព៖ CNA ចុះថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣