en     km
en     km

យុវតីកម្ពុជាបញ្ចេញស្នាដៃក្នុងការប្រកួតរចនាគំនូរសុបិនស្រ្តី ខណៈជ័យលាភីលេខ២មានពីររូប

Share

យុវតីកម្ពុជាជាច្រើនរូបបានចុះឈ្មោះនិងចូលរួមបង្ហាញទេពកោសល្យ សមត្ថភាព និងភាពច្នៃប្រឌិតរបស់ខ្លួនតាមរយៈការរចនាគំនូរក្នុងកម្មវិធីប្រកួតរចនាគំនូរសុបិនស្រ្តីជំនាន់ទី១០សម្រាប់ឆ្នាំ២០២៣។ ការប្រកួតរចនាគំនូរសុបិនស្ត្រី ឬ Dream Girls Design Contest បានសម្រឹតសម្រាំងស្វែងរកម្ចាស់ជ័យលាភីសម្រាប់ការប្រកួតរចនាគំនូរក្រោមប្រធានបទស្តីពី «អច្ឆរិយនៃប្រទេសកម្ពុជា» ដែលកើតចេញពីការស្រមើលស្រមៃ និងស្នាដៃផ្ទាល់របស់បេក្ខនារីប្រឡង។

បន្ទាប់ពីការរង់ចាំអស់រយៈពេលជាងពីរខែ នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លទ្ធផលនៃការប្រកួតក៏បានដាក់បង្ហាញជាសាធារណៈ។ ក្នុងនោះ ម្ចាស់ជ័យលាភីលេខ៣នៃការប្រកួតរចនាគំនូរសុបិនស្ត្រីសម្រាប់ឆ្នាំ២០២៣នេះ បានទៅលើយុវតី៣រូបគឺ យុវតី ខាត់​ រីណា, យុវតី ខៀវ សេរីរត្នសៅវត្តី និងយុវតី កៀន ដាវី។

យុវតី ខៀវ សេរីរត្នសៅវត្តី ម្ចាស់ជ័យលាភីលេខ៣

 

យុវតី ខាត់ រីណា ម្ចាស់ជ័យលាភីលេខ៣ 

 

រូបរចនាគំនូររបស់យុវតី កៀន ដាវី ម្ចាស់ជ័យលាភីលេខ៣

 

ចំណែកម្ចាស់ជ័យលាភីលេខ២បានទៅលើយុវតី មៀន គីមចេង និងយុវតី ភាព ស្រីរ័ត្ន។ ក៏ប៉ុន្តែ ដោយសារតែស្នាដៃយុវតីពីររូបមានគំនិតច្នៃប្រឌិត ភាពលេចធ្លោ កខ្វះខាត និងសមត្ថភាពនៅមានកម្រិត ទើបធ្វើឱ្យគណៈកម្មាធិការសម្រេចឱ្យជ័យលាភីលេខ២ផ្ទួន។

យុវតី មៀន គីមចេង ម្ចាស់ជ័យលាភីលេខ២

 

យុវតី ភាព ស្រីរ័ត្ន ម្ចាស់ជ័យលាភីលេខ២

 

យុវតីដែលទទួលបានជ័យលាភីលេខ២ទាំងពីររូបនេះ ទទួលបានពានរង្វាន់ម្នាក់មួយ និងអមជាមួយទឹកប្រាក់ចំនួន៣០០ដុល្លារអាមេរិក។ ចំណែកជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ចំនួន១០០ដុល្លារអាមេរិករៀងៗខ្លួនចំនួន៣រង្វាន់។

គួរបញ្ជាក់ថា កម្មវិធីប្រកួតរចនាគំនូរសុបិនស្ត្រី ឬ Dream Girls Design Contest ធ្វើឡើងសម្រាប់ស្ត្រីកម្ពុជាក្នុងការទទួលបានឳកាសរៀនសូត្រ ទទួលអាហារូបករណ៍ក្នុងសាលាសិល្បៈ និងដាក់បង្ហាញស្នាដៃគំនូរនៅតាមផ្សារទំនើបដូចជា AEON ឬ ហាង Amazing Cambodia និងអាកាសយានដ្ឋានកម្ពុជាផងដែរ។

កម្មវិធីប្រកួតនេះប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំ ដោយក្នុងឆ្នាំ២០២៣នេះជាការប្រកួតលើកទី១០ហើយ។ កម្មវិធីនេះបានអាកខានរយៈពេល២ឆ្នាំ ដោយសារជម្ងឺរាតត្បាតកូវីដ១៩។ ការប្រកួតរចនាគំនូរសុបិនស្ត្រីនេះរៀបចំឡើងដោយ លោកស្រី WaKana Nukui ម្ចាស់ក្រុមហ៊ុន Blooming Life និង អ្នកនាង ហ៊ាង វត្តី ម្ចាស់ក្រុមហ៊ុន រៀល ថាយហ្គើរ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង