en     km
en     km

ចិនបង្កើនសមយុទ្ធយោធាក្បែរកោះតៃវ៉ាន់ក្រោយកិច្ចប្រជុំ APEC

Share

ក្រសួងការពារជាតិតៃវ៉ាន់សង្កេតឃើញថា យន្តហោះចិនចំនួន៩គ្រឿងបានបើកឆ្លងកាត់កោះតៃវ៉ាន់និងសកម្មភាពយោធាបានបន្តដាក់សម្ពាធដល់តៃវ៉ាន់ ខណៈចិនទើបបញ្ចប់កិច្ចប្រជុំកំពូលនៅសហរដ្ឋអាមេរិក។

(កញ្ញា កែវ សុជាតា រាយការណ៍)

មន្រ្តីតៃវ៉ាន់រាយការណ៍ភ្លាមៗពីសកម្មភាពថ្មីរបស់យោធាចិន ខណៈដែលកិច្ចប្រជុំមេដឹកនាំផ្នែកសេដ្ឋកិច្ចកំពូល APEC ទើបតែបញ្ចប់នៅទីក្រុង San Francisco នៃសហរដ្ឋអាមេរិក។ ក្រសួងការពារជាតិតៃវ៉ាន់អះអាងថា យន្តហោះចម្បាំងរបស់ចិនចំនួន៩គ្រឿងបានហោះកាត់ខ្សែបន្ទាត់ដ៏រសើបរវាងប្រទេសទាំងពីរ រួមទាំងការល្បាតតាមរយៈនាវាចម្បាំងរបស់ចិនលើដែនសមុទ្រ។ នេះបើយោងតាមសារព័ត៌មាន The Guardian ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងការពារជាតិតៃវ៉ាន់បញ្ជាក់ថា សកម្មភាពយោធាចិនទាំងឡាយបានថមថយនៅជុំវិញកោះតៃវ៉ាន់នៅអំឡុងពេលប្រធានាធិបតីចិន លោក Xi Jinping ចូលរួមក្នុងកិច្ចប្រជុំកំពូល APEC នៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។ ក៏ប៉ុន្តែក្រសួងបន្តទៀតថា​ យោធាចិនបន្តសកម្មភាពជាសព្វដងចាប់ពីព្រឹកថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ពោលគឺក្រោយបញ្ចប់កិច្ចប្រជុំ។

នៅក្នុងករណីនេះ អ្នកសារព័ត៌មានបានព្យាយាមទំនាក់ទំនងទៅសុំការអត្ថាធិប្បាយបន្ថែមពីក្រសួង​ការពារជាតិរបស់​ចិន​ ក៏ប៉ុន្តែមិនមានមន្រ្តីណាម្នាក់​បាន​លើក​ទូរស័ព្ទ​ដើម្បីបកស្រាយនោះ​ទេ។ ក៏ប៉ុន្តែប្រទេសចិនធ្លាប់និយាយថា សកម្មភាពហ្វឹកហាត់យោធាចិននៅក្បែរកោះតៃវ៉ាន់នេះ មានគោលបំណងដោះស្រាយការឃុបឃិតគ្នារវាងតៃវ៉ាន់និងសហរដ្ឋអាមេរិក និងការពារបូរណភាពទឹកដីរបស់ចិន។

ចំណែកថ្មីៗនេះ លោក Xi Jinping បានជួបនឹងប្រធានាធិបតីអាមេរិក លោក Joe Biden​ ពិសេសបានលើកយកបញ្ហាតៃវ៉ាន់-ចិនមកពិភាក្សានៅក្នុងអង្គប្រជុំផងដែរ។  លោក Joe Biden បានស្នើឱ្យលោក Xi Jinping គោរពលើការបោះឆ្នោតរបស់តៃវ៉ាន់ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

ជុំវិញបញ្ហានេះ លោក Biden សង្កត់ធ្ងន់លើការផ្តល់សេរីភាព សន្តិសុខសុវត្ថិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។ចំណែក លោក Xi ស្នើទៅអាមេរិកវិញឱ្យបញ្ឈប់ការផ្គត់ផ្គង់សព្វាវុធឱ្យតៃវ៉ាន់ ហើយងាកមកប្រើយុទ្ធសាស្រ្តបង្រួបបង្រួមជាតិតាមសន្តិវិធីជំនួសវិញ។

គួរបញ្ជាក់ថា កោះតៃវ៉ាន់គ្រប់គ្រងតំបន់របស់ខ្លួនតាមបែបលទ្ធិប្រជាធិបតេយ្យ និងតែងរងសម្ពាធពីសំណាក់ប្រទេសចិនដែលអះអាងថាជាទឹកដីរបស់ចិន។ ក្នុងនោះ តៃវ៉ាន់ព្យាយាមទាមទារអធិបតេយ្យភាពសម្រាប់ទឹកដីរបស់ខ្លួន ខណៈត្អូញត្អែរពីការចុះល្បាតនិងការហ្វឹកហាត់សមយុទ្ធយោធារបស់ចិនដែលធ្វើជាទៀងទាត់នៅជិតកោះនេះក្នុងរយៈពេល៤ឆ្នាំចុងក្រោយ។

សូមជម្រាបថា តៃវ៉ាន់​ត្រៀមរៀបចំ​ការបោះឆ្នោតស្វែងរក​ប្រធានាធិបតីតៃវ៉ាន់ថ្មី និងសមាជិក​សភា​នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ដើម្បីដោះស្រាយបញ្ហានៅក្នុងតំបន់និងភាពតានតឹងរវាងចិន-តៃវ៉ាន់៕

ប្រភព៖ The Guardian ចុះថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image