ភ្នំពេញ ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានរដ្ឋាភិបាលដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់តាំងពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៦ ពោលគឺនៅដើមឆ្នាំ ២០១៦ នេះតែម្តង។ មាត្រាមួយចំនួននៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ មានលក្ខណៈតឹងតែងជាងច្បាប់ចរាចរណ៍ផ្លូវគោកចាស់ ជាពិសេសរាល់ការប្រព្រឹត្តល្មើសនៅក្នុងមាត្រាណាមួយនៃច្បាប់ថ្មីនេះ ឬក៏ជនណាដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្សេងៗ មិនបានគោរពត្រឹមត្រូវតាមលក្ខខណ្ឌដែលច្បាប់បានកំណត់នោះ នឹងត្រូវផាកពិន័យជាទឹកប្រាក់យ៉ាងធ្ងន់ធ្ងរ ឬត្រូវផ្តន្ទាទោសដាក់ពន្ធនាគារជាដើម ដូចដែលមានចែងនៅក្នុងមាត្រានីមួយៗនៃច្បាប់ចរាចរណ៍ផ្លូវគោគថ្មីនេះ។ ការដាក់ឱ្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជាអាចកែប្រែឥរិយាបថខុសឆ្គងក្នុងការបើកបរ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍បានមួយភាគធំ។ ទន្ទឹមផលវិជ្ជមានដែលរដ្ឋាភិបាលសម្លឹងឃើញក្នុងការដាក់ឱ្យអនុវត្តច្បាប់នេះ សំណួរមួយបានសួរថា តើច្បាប់ចរាចរណ៍ផ្លូវគោកថ្មីជាឱកាសសម្រាប់រដ្ឋផាកពិន័យពលរដ្ឋ ឬជាឱកាសផ្លាស់ប្តូរឥរិយាបថអ្នកបើកបរនៅក្នុងសង្គមខ្មែរ?
ជាបន្តសូមស្តាប់បទវិភាគ ដែលរៀបចំដោយលោកម៉ៅ សំណាង អ្នកសារព័ត៌មានរបស់វិទ្យុស្ត្រីអែសអឹម ១០២ នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាដូចតទៅ៖
ដូចការកំណត់ទុកមុនថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៦ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបានដាក់ឱ្យប្រជាពលរដ្ឋគោរព និងចាប់ផ្តើមអនុវត្តមាត្រាទាំងឡាយដែលមានចែងជាធរមានក្នុងច្បាប់នេះ។ ក្នុងការអនុវត្តច្បាប់នេះ ពលរដ្ឋមានតួនាទីជាអ្នកគោរពច្បាប់ រីឯនគរបាលចរាចរណ៍មានតួនាទីជាអ្នកឃ្លាំមើលការអនុវត្តច្បាប់។
ទន្ទឹមគ្នានឹងការដាក់ឱ្យអនុវត្តច្បាប់នេះ ប្រជាពលរដ្ឋដែលបានបើកបរឈ្មើសច្បាប់ ឬប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលរកឃើញផ្ទុយពីអ្វីដែលច្បាប់តម្រូវឱ្យមាន គឺនឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែហេតុផលនៃការផាកពិន័យទាំងនោះ បានក្លាយជាក្តីបារម្ភមួយរបស់ពលរដ្ឋស្ទើរគ្រប់រូប រាល់ពេលដែលខ្លួនចាប់ផ្តើមធ្វើដំណើរ ឬចរាចរណ៍មធ្យោបាយធ្វើដំណើររបស់ខ្លួននៅលើដងផ្លូវ។ ចំណែក ប៉ូលីសចរាចរណ៍ឯណោះវិញ ក៏ផ្ដើមបំពេញភារកិច្ច និងតួនាទីរបស់ខ្លួនឱ្យខាងតែបាន ក្នុងការត្រួតពិនិត្យការអនុវត្តច្បាប់ ដោយផ្តើមផាកពិន័យ និងអប់រំប្រជាពលរដ្ឋជាហូរហែមិនលុះថ្ងៃ។
ជាក់ស្តែង លទ្ធផលផ្លូវការក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីថ្ងៃដំបូង នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៦ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្នុងប្រតិបត្តិការទូទាំងប្រទេស កម្លាំងនគរបាលចរាចរណ៍ បានឃាត់យានយន្តល្មើសចំនួនជាង ៧ពាន់គ្រឿង ក្នុងនោះបានផាកពិន័យប្រមាណជិត ៣ពាន់គ្រឿង។
ទាំងនេះសបញ្ជាក់ឱ្យឃើញថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីមានលក្ខណៈតឹងរឹងជាងមុន និងមានលក្ខណៈចាប់បង្ខំពលរដ្ឋឱ្យអនុវត្តច្បាប់នៅក្រោមហេតុផល ការផាកពិន័យជាប្រាក់ ១ ទ្វេជា ៥ បើធៀបទៅនឹងច្បាប់ចាស់ ព្រមទាំងមានការដាក់ទោសទណ្ឌឱ្យជាប់ពន្ធនាគារជាដើម។
ផ្អែកតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងបន្តទៀតថា លទ្ធផលនៃការផាកពិន័យលើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីក្នុងរយៈពេល០៩ថ្ងៃ គិតចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០១៦ ទទួលបានថវិកាចំនួនជាង ៥៧៧ លានរៀល ។ ជាក់ស្តែង ការផាកពិន័យក្នុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅថ្ងៃទី ០៩ ខែមករា ទទួលបានថវិកាចំនួនជាង ៦៣ លានរៀល។
យោងតាមលទ្ធផលនៃការផាកពិន័យក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីខាងលើនេះ គេអាចសន្និដ្ឋានបានថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី គឺជាឱកាសមួយសម្រាប់មន្ត្រីនគរបាលចរាចរ ធ្វើការផាកពិន័យដល់អ្នកបើកបរដែលប្រព្រឹត្តល្មើសនឹងច្បាប់ ខណៈដែលប្រជាពលរដ្ឋពុំទាន់បានយល់ដឹងច្បាស់ពីច្បាប់។ ទន្ទឹមគ្នានេះ សំណួរមួយបានចោទជាបន្តថា តើការផាកពិន័យនៅពេលនេះ អាចផ្លាស់ប្តូរឥរិយាបថអ្នកបើកបរនៅក្នុងសង្គមខ្មែរបានទេ?
ជាការពិតណាស់ ឥទ្ធិពលនៃការផាកពិន័យក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនៅក្នុងសង្គមកម្ពុជានាពេលនេះ ទំនងជាឱកាសមួយសម្រាប់ពលរដ្ឋកម្ពុជាពុំសូវមានទម្លាប់គោរពច្បាប់ចរាចរណ៍ ចាប់ផ្តើមរៀនគោរពច្បាប់ ព្រមទាំងចាប់ផ្តើមបង្កើតទម្លាប់រៀនអនុវត្តច្បាប់ជាបណ្តើរៗ។ ការគោរពច្បាប់ និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ មិនមែនមានន័យថា ពលរដ្ឋខ្មែរខ្លាចច្បាប់នោះទេ ផ្ទុយទៅវិញប្រជាពលរដ្ឋមួយចំនួន ខ្លាចការផាកពិន័យច្រើនជាងខ្លាចច្បាប់ ឬការគោរពច្បាប់។ បញ្ហាមិនចូលចិត្តគោរពច្បាប់ ចូលចិត្តធ្វើអ្វីតាមទម្លាប់ធំជាងច្បាប់នេះ ប្រហែលទំនងជាដក់ជាប់ក្នុងគំនិតរបស់ប្រជាពលខ្មែរ ដែលមិនសូវឱ្យតម្លៃលើការអនុវត្តច្បាប់តាំងពីយូរណាស់មកហើយ។
សម្រាប់ការផាកពិន័យក្នុងច្បាប់ចរាចរណ៍ថ្មីនេះ អ្នកវិភាគព្រឹត្តការណ៍សង្គមមួយចំនួនលើកឡើងព្រមៗគ្នាថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលរដ្ឋាភិបាលបាននិងកំពុងដាក់ឱ្យពលរដ្ឋអនុវត្តនេះ គឺជាវិធានការចាប់បង្ខំពលរដ្ឋឱ្យអនុវត្ត ហើយការផាកពិន័យនោះ ទោះជាធ្ងន់ធ្ងរដល់កម្រិតណា ក៏មិនបានជួយឱ្យពលរដ្ឋកែប្រែឥរិយាបថក្នុងការបើកបរឲ្យមានប្រសិទ្ធភាព ព្រោះថាការផាកពិន័យនិងការដាក់ឱ្យ អនុវត្តច្បាប់នៅពេលនេះ មិនសមនឹងបរិបទពលរដ្ឋនៅក្នុងសង្គមខ្មែរ។
ដើម្បីឱ្យការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ មានប្រសិទ្ធភាព ក្រុមអ្នកវិភាគលើកឡើងថា រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ អប់រំដល់ពលរដ្ឋឱ្យបានទូលំទូលាយពីមាត្រា ឬចំណុចផ្សេងៗមានចែងក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះជាមុនសិន មុននឹងដាក់ឱ្យពលរដ្ឋអនុវត្ត ។
ជារួមមក ឆ្លងតាមហេតុផលខាងលើនេះ ការដាក់ឱ្យប្រើប្រាស់ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជាឱកាសសម្រាប់រដ្ឋាភិបាល ធ្វើការផាកពិន័យទៅលើពលរដ្ឋរបស់ខ្លួន និងឱកាសផ្លាស់ប្តូរឥរិយាបថអ្នកបើកបរនៅក្នុងសង្គមខ្មែរទាំងបង្ខំ ខណៈពលរដ្ឋនៅមិនទាន់បានស្វែងយល់ពីច្បាប់បានគ្រប់ជ្រុងជ្រោយ។ គួរកត់សម្គាល់ថា ទោះបីប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ប្រកាសបន្ធូរបន្ថយនិងលើកលែងចំណុចមួយចំនួននៃការផាកពិន័យក្នុងច្បាប់ចរាចរណ៍ផ្លូវថ្មីនេះក៏ដោយ ក៏ការសាទរ ឬការគាំទ្រការអនុវត្តច្បាប់ពីសារធារណជននៅមានកម្រិតទាប និងមិនសូវមានប្រសិទ្ធភាពឡើយ។
ដូច្នេះហើយ នៅក្នុងរឿងនេះ រាជរដ្ឋាភិបាលគួរពិនិត្យ និងពិចារណាឡើងវិញអំពីការដាក់ឱ្យពលរដ្ឋអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ព្រោះគោលការណ៍ច្បាប់ គឺបម្រើផលប្រយោជន៍សង្គម និងប្រយោជន៍ពលរដ្ឋ ត្បិតពលរដ្ឋមានតួនាទីបំពេញភារកិច្ចបង់ពន្ធជូនរដ្ឋក៏ពិតមែន ប៉ុន្តែពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន មានការពិចារណានិងថ្លឹងថ្លែងហេតុផលបានជ្រៅជ្រះជាងពេលមុនច្រើនណាស់។
ជុំវិញបញ្ហានេះ រដ្ឋត្រូវតែគិតមុនគូរឱ្យបានម៉ត់ចត់ មុននឹងដាក់ច្បាប់អ្វីមួយឱ្យពលរដ្ឋអនុវត្តនៅក្នុងសង្គម បើមិនដូច្នេះទេ ដូចជាករណីដាក់ឱ្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ មានភាពចលាចល មតិចម្រូងចម្រាសជាច្រើន ហើយវាមិនខុសអីនឹងការធ្វើអាជីវកម្មទាំងបង្ខំលើខ្នងរាស្ត្ររបស់ខ្លួនឡើយ។ ចំណែកប្រជាពលរដ្ឋកម្ពុជានាពេលនេះ ក៏ត្រូវដឹងថា សម័យសកលភាវូបនីយកម្មទំនើប ត្រូវការសង្គមមួយមានរបៀបរៀបរយល្អពិសេសរឿងចរាចរណ៍ គួរណាស់នាំគ្នាបោះបង់ទម្លាប់មិនគោរពច្បាប់ ទម្លាប់ក្នុងការធ្វើចរាចរណ៍ដែលខ្វះសុជីវធម៌នៅលើដងផ្លូវចោល ងាកមកគោរពច្បាប់ ស្វែងយល់ពីច្បាប់ និងអនុវត្តច្បាប់ទាំងអស់គ្នា ដើម្បីសុវត្ថិភាពខ្លួនឯង និងការរីកចម្រើននៃសង្គមជាតិនៅថ្ងៃខាងមុខ៕