រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីអំពាវនាវឱ្យបណ្តាប្រទេសមហាអំណាចទាំងអស់ ប្រើប្រាស់ឥទ្ធិពលរបស់ពួកគេក្នុងការបញ្ឈប់សង្រ្គាមរវាងអ៊ីស្រាអែល-ក្រុមហាម៉ាស់ដើម្បីការពារជនស៊ីវិល និងនាំគ្នាដោះស្រាយវិបត្តិនៃមីយ៉ាន់ម៉ា។
(កញ្ញា គុជ ស៊ីកុល រាយការណ៍)
រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto បានស្នើឱ្យប្រទេសដែលមានអំណាចទាំងអស់ប្រើប្រាស់ឥទ្ធិពលរបស់ពួកគេភ្លាមៗ ដើម្បីបញ្ឈប់សង្រ្គាមនៅតំបន់ហ្គាហ្សា។ នៅជុំវិញការវាយប្រហាររវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នេះ បណ្តាលឱ្យមានសកម្មភាពរំលោភបំពានប្រឆាំងនឹងប្រជាជនស្លូតត្រង់ ធ្វើឱ្យរងរបួសនិងសម្លាប់ក្រុមជនស៊ីវិលគ្មានអាវុធ ដែលប្រជាជនទាំងនេះសុទ្ធសឹងជាស្ត្រី និងកុមារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
លោក Prabowo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ដែលត្រូវជាថ្ងៃទី២ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៧ (ADMM) នៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី ដែលប្រព្រឹត្តឡើងរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក Prabowo ជាប្រធានកិច្ចប្រជុំខណៈដែលឥណ្ឌូនេស៊ីជាប្រធានប្តូរវេននៃអាស៊ាននៅឆ្នាំនេះ ឱ្យដឹងទៀតថា ប្រជាជនមិនគួរជាគោលដៅវាយប្រហារនៃសង្គ្រាមនោះទេ ដ្បិតនេះជាច្បាប់អន្តរជាតិដែលមិនអាចលើកលែងបាន។
ទន្ទឹមគ្នានេះដែរ រដ្ឋមន្រ្តីការពារជាតិទាំងអស់បានផ្លាស់ប្តូរទស្សនៈ និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅហ្គាហ្សា។ តាមសេចក្តីថ្លែងការណ៍មួយរបស់អាស៊ានដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ យូរអង្វែង និងនិរន្តរភាព ដើម្បីបញ្ឈប់អំពើហិង្សានៅតំបន់ហ្គាហ្សា។
ជាងនេះទៀត សេចក្តីថ្លែងការណ៍បញ្ជាក់ថា សមាគមអាស៊ានជំរុញឱ្យភាគីទាំងពីរគោរពសិទ្ធិមនុស្សទាក់ទិននឹងតម្លៃជីវិតនិងទ្រព្យសម្បត្តិ ដោយសង្កត់ធ្ងន់ថាការការពារជនស៊ីវិលទាំងអស់ រួមទាំងជនជាតិអាស៊ានត្រូវតែជាអាទិភាពក្នុងគ្រាមានជម្លោះ។ ពិសេសចំណាប់ខ្មាំងទាំងអស់ ត្រូវតែដោះលែងជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។ កិច្ចប្រជុំបានអំពាវនាវបន្ថែមទៀតដល់អង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ ឱ្យដើរតួយ៉ាងសកម្មបន្ថែមទៀតក្នុងការទប់ស្កាត់ការកើនឡើងនៃជម្លោះ និងបញ្ចៀសគ្រោះមហន្តរាយលើមនុស្សធម៌។
លើសពីនេះ បើទោះបីជាកិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ីមិនមានមីយ៉ាន់ម៉ាចូលរួមក្តី តែបញ្ហានៅមីយ៉ាន់ម៉ាបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះផងដែរ។ លោក Prabowo បាននិយាយថា ប្លុកអាស៊ាននៅតែបន្តលើកទឹកចិត្តរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាឱ្យស្វែងរកដំណោះស្រាយអហិង្សានៅក្នុងប្រទេសជាជាងការផ្ទុះអាវុធរវាងរដ្ឋាភិបាលនិងក្រុមប្រឆាំង។
លោកបានបន្ថែមថា ក្នុងកិច្ចប្រជុំនេះក៏បានបន្តពិភាក្សាអំពីបញ្ហាសមុទ្រចិនខាងត្បូង ដែលមានសមាជិកអាស៊ានមួយចំនួនទាមទារឱ្យមានដំណោះស្រាយតាមសន្តិវិធី។ លោកលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតក្រមសីលធម៌ និងនីតិវិធីថេរ ដើម្បីជៀសវាងនូវលទ្ធភាពនៃការយល់ខុស និងឧប្បត្តិហេតុដែលនឹកស្មានមិនដល់។ ការចរចាពីបញ្ហានេះជាប់គាំងអស់ពេលជាច្រើនឆ្នាំ បន្ទាប់ពីផ្ទុះជំងឺរាតត្បាតកូវីដ១៩។
សូមបញ្ជាក់ដែរថា ការប្រជុំរយៈពេលពីរង្បៃនេះមានការចូលរួមពីរដ្ឋមន្រ្តីការពារជាតិពីតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin លើកលែងអ្នកតំណាងពីប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះ។ សម្រាប់ការប្រជុំនៅថ្ងៃទី២ គឺមានការចូលរួមពីប្រទេសរុស្ស៊ី ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា នូវែលសេឡង់ និងអូស្ត្រាលី៕
ប្រភព៖ CNA ចុះថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣