en     km
en     km

គ្រោះរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រវាយប្រហារមីយ៉ាន់ម៉ាឈានដល់ព្រំដែនថៃ

Share

គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ានៅវេលាម៉ោង៨:៣៧នាទី​ព្រឹកថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដែលមានចម្ងាយប្រហែល ១០០គីឡូម៉ែត្រនៃភាគ​ពាយព្យពី​​ស្រុក Mae Sai ​ខេត្ត Chiang Rai របស់ប្រទេសថៃ។

(កញ្ញា សៃ ចន្ធី រាយការណ៍)

យោងតាមនាយកដ្ឋាន​អង្កេត​ការ​រញ្ជួយ​ដី​របស់​នាយកដ្ឋាន​ឧតុនិយម​ថៃ​បាន​ប្រកាសថា គ្រោះរញ្ជួយដីកម្រិត ៦.៤វ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ានៅរយៈចម្ងាយប្រហែល ១០០គីឡូម៉ែត្រនៃភាគពាយព្យពីស្រុក Mae Sai ខេត្ត Chiang Rai ប្រទេសថៃ នៅវេលាម៉ោង ៨:៣៧នាទី​ព្រឹកថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក(USGS) បានឱ្យដឹងថា  ការរញ្ជួយដីនេះចាប់ផ្តើមបង្កហេតុនៅចម្ងាយប្រហែល ៧៦គីឡូម៉ែត្រភាគនិរតីក្នុងរដ្ឋសានប្រទេសមីយ៉ាន់ម៉ា ដែលមានស្ថិតក្នុងជម្រៅ ៩គីឡូម៉ែត្រ។ ការរញ្ជួយដីនេះទៀតសោត បានកើតឡើងនៅក្បែរព្រំដែនមីយ៉ាន់ម៉ា-ថៃ ចិន និងឡាវ។​

លោក Arun Pinta ប្រធានការិយាល័យបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយរញ្ជួយដីរបស់ប្រទេសថៃបាននិយាយថា អ្នករស់នៅក្នុងអគារខ្ពស់ៗដូចជាបុគ្គលិក និងអ្នកជំងឺនៅមន្ទីរពេទ្យ Maharaj Nakorn Chiang Mai មានអារម្មណ៍ថាដីកំពុងតែរញ្ជួយនៅមុនពេលកើតហេតុប្រហែលប្រាំវិនាទី។ លោក Arun បន្តទៀត​ថា រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​របាយការណ៍ណាមួយបង្ហាញ​អំពី​ការ​ខូច​ខាត​អាង​ស្តុក​ទឹក ឬ​ទំនប់​នៅ​ខេត្ត​នៃភាគ​ខាង​ជើងនៅឡើយទេ។ ​នេះបើយោងតាមការស្ទង់មតិដែលកំពុងដំណើរការនៅគ្រប់ស្រុកដើម្បីវាយតម្លៃលើការខូចខាតដែលអាចកើតមានដោយសារគ្រោះរញ្ជួយដី។

នៅក្នុងនោះ ការរញ្ជួយដីចំនួនបីដែលមានកម្រិត ៤.១, ៣.៥ និង ៣.៤រ៉ិចទ័រ ត្រូវបានកត់ត្រាភ្លាមៗបន្ទាប់ពីការរញ្ជួយនេះត្រូវបានគេរាយការណ៍ថា កើតមាននៅក្នុងស្រុក Muang, Mae Suay និង Mae Sai នៃខេត្ត Chiang Rai,  ស្រុក Saraphi និង Muang នៃខេត្ត Chiang Mai , ស្រុក Muang ខេត្តLamphun និងផ្នែកខ្លះទៀតនៃស្រុក Nan និងLak Si នៃក្រុង Bangkok ប្រទេសថៃ។

សូមជម្រាបថាប្រទេស​មីយ៉ាន់ម៉ា គឺ​ស្ថិត​នៅ​ជួរ​ជាមួយ​នឹង​កន្លែង​រញ្ជួយ​ដីពោលគឺគ្រោះរញ្ជួយ​ដីអាចកើតមានក្នុងពេលណាមួយបានភ្លាមៗ ក៏ប៉ុន្តែសម្រាប់ប្រទេសថៃវិញនេះជាគ្រោះធម្មជាតិដែលនឹងស្មានមិនដល់។ លោក Prasan បាននិយាយថា ការរញ្ជួយដីជាច្រើនក្នុងចន្លោះពី ៣ ទៅ ៤ រ៉ិចទ័រ ត្រូវបានរាយការណ៍បន្ទាប់ពីមានការរញ្ជួយដីដំបូង។ ទន្ទឹមគ្នានេះ​ គ្រោះរញ្ជួយដីដែលនឹងត្រូវកើតឡើងបន្តបន្ទាប់ទៀត ត្រូវបានគេរំពឹងថា នឹងកើតឡើងក្នុងរយៈពេលពីមួយខែទៅពីរខែ ហើយនាយកដ្ឋាន​ឧតុនិយម​ថៃ​នឹងមានការ​ប្រុង​ប្រយ័ត្ន​គ្រប់ពេលវេលា ដើម្បី​តាមដានពី​ការវិវត្តគ្រោះធម្មជាតិនេះបន្ថែម​ទៀត៕

ប្រភព៖ Bangkok Post ចុះថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image