អ្នកស្រី សុខ មុំ បង្ហាញពីក្តីកខ្វល់របស់ខ្លួនជុំវិញបញ្ហាបម្រែបម្រួលអាកាសធាតុនៅកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ជាខ្លាំងលើជីវិតភាពប្រចាំថ្ងៃរបស់គ្រួសារអ្នកស្រី និងអ្នកភូមិ ពិសេសសុខុមាលភាពរបស់កុមារនៅក្នុងតំបន់។ អ្នកស្រី សុខ មុំ និងក្រុមគ្រួសាររស់នៅតាមដងទន្លេមេគង្គនៃប្រទេសកម្ពុជា និងប្រកបរបរនេសាទត្រីដើម្បីចិញ្ចឹមជិវិត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយអង្គការយូនីសេហ្វកម្ពុជា។
របាយការណ៍អង្គការយូនីសេហ្វដដែលបញ្ជាក់ថា ក្រុមគ្រួសារអ្នកស្រី សុខ មុំ ប្រឈមនូវបញ្ហាអាកាសធាតុដូចជារដូវប្រាំងមានរយៈពេលវែងដែលធ្វើឱ្យកើតមានគ្រោះរាំងស្ងួតនិងប៉ះពាល់ដល់ដំណាំស្រូវ។ ក្នុងនោះដែរ ខេត្តតាកែវបច្ចុប្បន្នជាកន្លែងស្ងួតបំផុតមួយក្នុងប្រទេសកម្ពុជា ហើយកម្រិតទឹកនៅតាមដងទន្លេមេគង្គអាចធ្លាក់ចុះជិតពាក់កណ្តាលក្នុងរដូវប្រាំង នៅពេលដែលសីតុណ្ហភាពកើនឡើងដល់ ៤០អង្សារ។
ជួនមានភ្លៀងធ្លាក់ជោគជាំបណ្តាលឱ្យមានគ្រោះជំនន់ទឹកភ្លៀងដែលលិចលង់គ្រប់ទីកន្លែង។ អ្នកស្រី សុខ មុំ អះអាងថា មានម្តងនោះ ទឹកលិចត្រឹមចង្កេះកូនរបស់អ្នកស្រី ដែលធ្វើឱ្យខ្លួនជាម្តាយចាប់ផ្តើមបារម្ភពីបញ្ហាសុខភាពរបស់កូនៗ។ កូនៗរបស់អ្នកស្រីជួបនូវបញ្ហាជំងឺរាគរូស បន្ទាប់ពីបរិភាគទឹកទន្លេ ហើយមណ្ឌលសុខភាពក៏នៅឆ្ងាយពីផ្ទះរបស់អ្នកស្រី។
ក្រោមជំនួយពីអង្គការយូនីសេហ្វ ឥឡូវនេះគ្រួសារដែលរស់នៅតាមមាត់ទន្លេមេគង្គមានទឹកស្អាតប្រើប្រាស់សម្រាប់ទទួលទាន ចម្អិនអាហារ និងសម្អាតខ្លួនប្រាណជាដើម។ ប្រព័ន្ធផ្គត់ផ្គង់ទឹកនេះ រចនាឡើងដើម្បីអាចបត់បែនទៅតាមបម្រែបម្រួលអាកាសធាតុ អាចទប់ទល់បានទាំងទឹកជំនន់ និងគ្រោះរាំងស្ងួត ពិសេសបន្តចែកចាយទឹកប្រកបដោយសុវត្ថិភាពដល់ក្រុមគ្រួសារអ្នកប្រើប្រាស់។
សូមជម្រាបថា នៅទូទាំងពិភពលោក កុមារប្រហែល ៤៥០លាននាក់រស់នៅក្នុងតំបន់ដែលងាយរងគ្រោះពីឥទ្ធិពលនៃទឹកក្នុងអប្បបរិមាមធ្យម ឬខ្ពស់បំផុត។ ក្នុងចំណោមកុមារចំនួន៥នាក់នៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ក្នុងនោះអាចមានកុមារម្នាក់ដែលប្រឈមនឹងការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់។
ដើម្បីកាត់បន្ថយភាពងាយរងគ្រោះពីឥទ្ធិពលនៃទឹកសម្រាប់កុមារនៅក្នុងពិភពលោក រដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការឱ្យកាន់តែខ្លាំងជាងមុន រួមទាំងដាក់បញ្ចូលនូវផែនការបញ្ជ្រាបភាពបន្សាំនៃការប្រែប្រួលអាកាសធាតុផងដែរ។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយរបស់អង្គការយូនីសេហ្វចុះកាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕