en     km
en     km

ផ្ទុះបាតុកម្មក្នុងការប្រគំតន្ត្រីនៅឥណ្ឌូនេស៊ី ប្រឆាំងអ្នកស្រឡាញ់ភេទដូចគ្នា

Share

ប្រជាជនម៉ូស្លីមអភិរក្សនិយមរាប់រយនាក់បានតវ៉ានៅខាងក្រៅនៃការប្រគុំតន្រ្តីរបស់ក្រុមColdplayជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃពុធ​ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការតវ៉ានេះបានប៉ះទង្គិចជាមួយប៉ូលិស និងក្រុមអ្នកប្រគុំតន្ត្រីដែលកំពុងស្រែកហ៊ោគាំទ្រក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។

(កញ្ញា ងិន ស៊ាងលីម រាយការណ៍)

ការសម្តែងនៅកីឡដ្ឋាន Gelora Bung Karno ក្នុងរដ្ឋធានីហ្សាកាតាគឺជាផ្នែកមួយនៃតន្ត្រីទេសចរណ៍ Spheres World Tour ហើយសំបុត្រជាង៧០.០០០ ត្រូវបានលក់អស់ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ នៅខាងក្រៅពហុកីឡាដ្ឋានមុនការប្រគុំតន្ត្រី យ៉ាងហោចណាស់មានជនជាតិមូស្លីមអភិរក្សនិយមចំនួន ៣០០នាក់បានប្រមូលផ្តុំគ្នាដើម្បីសូត្រធម៌ និងកាន់បដាប្រឆាំងនឹងការសម្តែងនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ។

បាតុករភាគច្រើនជាក្រុមដែលហៅខ្លួនឯងថាជា “ក្រុមប្រឆាំងអ្នកស្រឡាញ់ភេទដូចគ្នា” ហើយនៅពេលដែលប្រឈមមុខនឹងប៉ូលីស ក្រុមអ្នកតវ៉ាបានចាប់ផ្តើមរុញច្រាននិងប៉ះទង្គិចគ្នាជាមួយប៉ូលីសផងដែរ។ ក្នុងនោះពួកគេបានស្រែកចោទប្រកាន់អ្នកទស្សនាការប្រគុំតន្ត្រីដែលមកកីឡដ្ឋានថា ជាអ្នកគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា។ ឯអ្នកខ្លះទៀតលើកបដាចោទប្រកាន់ក្រុមតន្ត្រីColdplayថាជាការឃោសនា ជំរុញដល់អ្នកស្រឡាញ់ភេទដូចគ្នា ធ្វើឱ្យប៉ះល់ដល់ជំនឿនិងសីលធម៌របស់ប្រទេសពួកគេ។

គួរបញ្ជាក់ផងដែរថា ការស្រឡាញ់ភេទដូចគ្នាមិនបានហាមឃាត់នៅក្នុងប្រទេសឥណ្ឌូណេស៊ីទេ លើកលែងតែនៅក្នុងខេត្ត Aceh ដែលប្រកាន់ខ្ជាប់នូវច្បាប់អ៊ីស្លាមដ៏តឹងរ៉ឹងប៉ុណ្ណោះ។          ប៉ុន្តែទោះជាយ៉ាងនេះក្តី គូស្វាមីភរិយាដែលស្រឡាញ់ភេទដូចគ្នា តែងតែប្រឈមមុខនឹងការរើសអើង និងបៀតបៀននៅក្នុងប្រទេសនៃប្រជាជនម៉ូស្លីមមួយនេះ។

ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Anwar Abbas អនុប្រធានក្រុមប្រឹក្សា Ulema ដ៏មានឥទ្ធិពលបំផុតក្នុងប្រទេសឥណ្ឌូនេស៊ី និងជាស្ថាប័នគ្រប់គ្រងជនជាតិឥស្លាម បានរិះគន់ ការបន្តកម្មវិធីនេះថា យើងដឹងថាក្រុមតន្ត្រី Coldplay គាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា ប៉ុន្តែឥឡូវនេះសំណួរសួរថា តើអាកប្បកិរិយារបស់អ្នកស្រឡាញ់ភេទដូចគ្នា ស្របតាម ​​រដ្ឋធម្មនុញ្ញរបស់យើងទេ? ក៏ប៉ុន្តែលោកក៏បានព្រលយផងដែរថា មានសាសនាចំនួនប្រាំមួយដែលត្រូវបានទទួលស្គាល់នៅក្នុងប្រទេសនេះ ហើយក្នុងចំណោមសាសនាទាំង៦មិនមានសាសនាណាមួយ អនុញ្ញាត និងអត់ឱនចំពោះការអនុវត្តLGBT ឬអ្នកស្រឡាញ់ភេទដូចគ្នានោះទេ៕

ប្រភព៖ CNA news ចុះថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ចកា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image