ប្រធានាធិបតីអាមេរិកនិងប្រធានាធិបតីចិនបានជួបសំណេះសំណាលគ្នា ពិភាក្សា និងរកដំណោះស្រាយជុំវិញបញ្ហាជាច្រើនក្នុងកិច្ចប្រជុំមេដឹកនាំផ្នែកសេដ្ឋកិច្ចកំពូល APEC ដែលធ្វើឡើងកាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងនោះ ប្រទេសមហាអំណាចទាំងពីរស្វែងរកសហប្រតិបត្តិការទ្វេភាគីផងដែរ។
(កញ្ញា កែវ សុជាតា រាយការណ៍)
យោងតាមមន្ត្រីជាន់ខ្ពស់អាមេរិក លោក Joe Biden ប្រធានាធិបតីអាមេរិកបានស្នើឱ្យប្រធានាធិបតីចិន លោក Xi Jinping គោរពលើការបោះឆ្នោតរបស់តៃវ៉ាន់ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ចំណែក លោក Xi ស្នើទៅអាមេរិកវិញឱ្យបញ្ឈប់ការផ្គត់ផ្គង់សព្វាវុធឱ្យតៃវ៉ាន់ ហើយងាកមកប្រើយុទ្ធសាស្រ្តបង្រួបបង្រួមជាតិតាមសន្តិវិធីជំនួសវិញ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅក្នុងកិច្ចប្រជុំដែលមានរយៈពេលជាង៤ម៉ោងនៅក្នុងទីក្រុង San Francisco នៃសហរដ្ឋអាមេរិក ប្រទេសទាំងពីរបានលើកយកបញ្ហាកោះតៃវ៉ាន់មកពិភាក្សានិងស្វែងរកដំណោះស្រាយ ដ្បិតបញ្ហានេះក្លាយជាគ្រោះរាំងស្ទះទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន។ លោក Biden សង្កត់ធ្ងន់លើការផ្តល់សេរីភាព សន្តិសុខសុវត្ថិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ពិសេសឈានទៅរកដំណោះស្រាយជាទូទៅរវាងកោះតៃវ៉ាន់និងចិន។
ជាមួយគ្នានេះដែរ លោក Biden សង្ឃឹមយ៉ាងមុតមាំថា បើទោះបីជាសហរដ្ឋអាមេរិកនិងចិនប្រកួតប្រជែងគ្នាលើវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចក្តី ក៏ប៉ុន្តែប្រទេសទាំងពីរនឹងមិនក្លាយជាសត្រូវនិងបង្កជាជម្លោះរវាងគ្នាឡើយ។ លោក Xi យល់ស្របនឹងសម្តីរបស់ប្រធានាធិបតីអាមេរិក ដោយបន្ថែមថា ប្រទេសទាំងពីរងាកមកសហការគ្នាទៅវិញទៅមកសម្រាប់ទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅក្នុងពិភពលោក។
គួរបញ្ជាក់ថា កិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី៣០ ធ្វើឡើងពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទីក្រុង San Francisco នៃសហរដ្ឋអាមេរិក ដែលមានគណប្រតិភូតំណាងប្រទេសចំនួន២១ប្រទេសចូលរួម។ នៅក្នុងនោះ ប្រទេសរុស្ស៊ីនិងចិនក៏ជាសមាជិកត្រូវចូលរួមក្នុងកិច្ចប្រជុំនេះដែរ ប៉ុន្តែប្រធានាធិបតីរុស្ស៊ីខកខានមិនបានចូលរួមនោះទេ៕
ប្រភព៖ CNA ចុះថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣