en     km
en     km

ក្រសួងមហាផ្ទៃកម្ពុជានិងអារ៉ាប៊ីសាអូឌីតបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់និងការទូត

Share

កម្ពុជា និងអារ៉ាប៊ីសាអូឌីត តាមរយៈក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ នឹងឈានទៅពិភាក្សាលើសេចក្ដីព្រាងនៃអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់។ នេះបើតាមខ្លឹមសារជំនួប រវាងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Mohammed​ Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលចេញផ្សាយដោយក្រសួងមហាផ្ទៃ។

ក្នុងឱកាសចូលជួបជាមួយលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ន លោកឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានជម្រាបអំពីដំណើរការ នៃការធ្វើសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដែលពេលនេះកំពុងស្ថិតនៅក្នុងដំណើរការនៃការកែសម្រួល និងរំពឹងថាសម្រេចបាននាពេលឆាប់ៗ។

ជាមួយគ្នានោះ លោក Mohammed Ismaeil A. Dahlwy ក៏បានលើកឡើង អំពីសំណើឱ្យមានមន្រ្តីទំនាក់ទំនង ដើម្បីផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរពាក់ព័ន្ធនឹងពលរដ្ឋកម្ពុជា និងពលរដ្ឋអារ៉ាប៊ីសាអូឌីត។

ជាការឆ្លើយតប លោក ស សុខា បានស្វាគមន៍ និងចាត់ទុកវត្តមានរបស់លោកឯកអគ្គរាជទូតនាពេលនេះ ថាជាការបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់របស់ ឯកឧត្តម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងអារ៉ាប៊ីសាអូឌីត និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជាមួយក្រសួងមហាផ្ទៃផ្ទាល់។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក ហើយមានសេចក្ដីសង្ឃឹមជឿជាក់ថា តាមរយៈបេសកកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕

អត្ថបទ៖ កញ្ញា ទៀ រតនា

 

Share

Image
Image
Image