លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកទឹកចិត្តអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ពិនិត្យលទ្ធភាពបន្ថែមកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដោយផ្តោតជាសំខាន់លើយុទ្ធសាស្ត្រវិស័យសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងសុខាភិបាលក្នុងការ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។
កញ្ញា រម៉ាស់ រស្មី រាយការណ៍៖
ការគ្របដណ្តប់សុខភាពជាសកលនោះ មានរួមមាន បង្កើនសកម្មភាពអប់រំសុខភាពជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់សុខភាពពលរដ្ឋកាន់តែប្រសើរឡើង ប្រយុទ្ធនឹងជំងឺឆ្លងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងជាសកលដែលជាបញ្ហាសុខភាពសាធារណៈ ទប់ស្កាត់ជំងឺមិនឆ្លងដែលប៉ះពាល់ដល់សុខភាពសាធារណៈក្នុងពេលដែលសង្គមសេដ្ឋកិច្ចមានការរីកចម្រើន និងបង្ការជំងឺបណ្ដាលមកពីផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ ធ្វើឱ្យប្រសើរឡើងនូវការពិនិត្យនិងព្យាបាលជំងឺនៅតាមសហគមន៍ ការធ្វើនិយ័តកម្មករសេវាសាធារណៈ និងសេវាឯកជន ដើមី្បលើកកម្ពស់សេវាថែទាំសុខភាព អភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសជំនាញសុខាភិបាល អភិវឌ្ឍន៍សុខភាពឌីជីថល(Digital Health)ព្រមទាំងអាទិភាពសុខាភិបាលទាំងបី។
អាទិភាពសុខាភិបាលទាំងបីនោះគឺ ពង្រឹងសមត្ថភាពមណ្ឌលសុខភាពតាមរយៈការផ្គត់ផ្គង់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ឱសថចាំបាច់ ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋបាន២៤ម៉ោងក្នុង១ថ្ងៃ។ ពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងខេត្ត តាមរយៈការពង្រឹងសមត្ថភាព ក្នុងការសង្ក្រោះបន្ទាន់ បន្ទប់វះកាត់ មន្ទីរពិសោធន៍ និងប្រព័ន្ធបញ្ជូនជាដើម។ ចំណុចទី៣គឺពង្រឹងស្ថាប័ននិងធនធានមនុស្សសុខាភិបាលតាមរយៈការពង្រឹងភាពជាអ្នកដឹកនាំស្ថាប័នគ្រប់លំដាប់ថ្នាក់ ជាក់ស្តែងដូចជា លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ជូនថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រហូតដល់ប្រធានមណ្ឌលសុខភាពជារៀងរាល់សប្តាហ៍ជាដើម។
ក្នុងជំនួបជាមួយលោកស្រី សេង សុភាព នាយិកាអង្គការ( FHI 360) ប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែវិច្ឆិកា លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងអំណរគុណដល់អង្គការ FHI 360 ដែលបានចូលរួមគាំទ្រក្រសួងសុខាភិបាលក្នុងការអភិវឌ្ឍន៍ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា ជាពិសេសចូលរួមក្នុងការសម្រេចសមិទ្ធផលជាច្រើន នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលកម្ពុជា ការធ្វើឱ្យប្រសើរឡើងនូវពិធីសារពង្រឹងគុណភាពកម្មវិធីសុខភាពថ្នាក់ជាតិ។
លោកស្រីនាយិកាអង្គការ FHI 360 ប្រចាំប្រទេសកម្ពុជា បានជម្រាបជូនអង្គប្រជុំថា អង្គការ FHI 360 ជាអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញ ដែលមានការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិក និងកំពុងអនុវត្តសកម្មភាពនៅប្រទេសចំនួនជាង ៦០។ អង្គការ FHI 360 មានបេសកកម្មចម្បងក្នុងការធ្វើឱ្យប្រសើរឡើងនូវសមធម៌សុខភាព និងសុខុមាលភាពរបស់មនុស្សជាតិតាមរយៈការប្រើប្រាស់ទិន្នន័យ និងការស្វែងរកដំណោះស្រាយដោយមូលដ្ឋាន។
អត្ថបទ៖ រូម៉ាស់ រស្មី