ឱកាសការងារក្នុងប្រទេសជាង ២០ ០០០កន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗ ១៥០ នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅក្នុងមហាព្រឹត្តិការណ៍ការងារធំជាងគេប្រចាំឆ្នាំ គឺ”ពិព័រណ៍ការងារ និងផលិតភាពជាតិ” រយៈពេលពីរថ្ងៃជាប់គ្នាគឺថ្ងៃទី១០-១១ ខែវិច្ឆិកា នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។
ឱកាសការងារជាង ២ម៉ឺនកន្លែងនេះ គឺមកពីវិស័យសំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង សេវាកម្មលក់ដុំនិងរាយ ទេសចរណ៍ និងបដិសណ្ឋារកិច្ចម្ហូបអាហារនិងភេសជ្ជៈ អចលនទ្រព្យនិងសំណង់ ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ ជាដើម។ យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើទាំងអស់ អាចដាក់ពាក្យដោយផ្ទាល់ និងត្រូវបានសម្ភាសន៍ជ្រើសរើសភ្លាមៗដោយក្រុមហ៊ុន-សហគ្រាស ដែលចូលរួមតាំងបង្ហាញក្នុងបញ្ជរចំនួនជាង ១៨៨។
ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែ កជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), អង្គការអន្តរជាតិខាងការងារ (ILO), អង្គការភីផលអីននិត (People in Need Cambodia), ស្វីសខនថាក់ និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត។
គោលបំណងសំខាន់ៗនៃការការៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ, បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែលនូវសិក្ខាសាលាផលិតភាពដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការបង្កើនផលិតភាពការងារដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។
ជាមួយគ្នានេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ www.careerfair.nea.gov.kh។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក៏បានផ្ដល់លេខសម្រាប់ព័ត៌មានបន្ថែមផងដែរ ដែលមានលេខទូរស័ព្ទ ០១៧ ៤៦៧ ៤២៣, ០១៧ ៨៧១ ៨០៧, ០៩៦ ២១៥៥ ១៦២៕