en     km
en     km

WHO៖យ៉ាងហោចណាស់ស្លាប់មនុស្ស២៥ម៉ឺននាក់ក្នុងមួយឆ្នាំៗលើបញ្ហាអាកាសធាតុ

Share

ក្រុមអ្នកជំនាញអន្តរជាតិបានព្រមានជាថ្មីម្តងទៀតថា ប្រសិនបើពិភពលោកមិនចាត់វិធានការជុំវិញបញ្ហាការប្រែប្រួលអាកាសធាតុឱ្យបានទាន់ពេលវេលានោះទេ មនុស្សលោកនឹងជួបនូវគ្រោះទុរ្ភិក្សដែលប៉ះពាល់ដល់អាយុជីវិតមនុស្សយ៉ាងធ្ងន់ធ្ងរ។ ជាពិសេស បញ្ហាឡើងកម្តៅក៏ក្លាយជាក្តីកខ្វក់របស់ពិភពលោកដែរ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នកជំនាញវិភាគថា ចំនួនអ្នកស្លាប់ដោយសារតែការកើនឡើងនៃកម្តៅនៅឆ្នាំ២០៥០ អាចកើនឡើងដល់ទៅជិត៥ដងនៃចំនួនអ្នកស្លាប់នៅក្នុងឆ្នាំនេះ។ នេះបើយោងតាមការវាយតម្លៃប្រចាំឆ្នាំដ៏សំខាន់របស់ The Lancet Countdown ដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវ និងស្ថាប័នឈានមុខគេស្តីពីបញ្ហាសុខភាពសាធារណៈនិងការប្រែប្រួលអាកាសធាតុថ្នាក់ពិភពលោក។

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក(WHO) ប៉ាន់ប្រមាណថា នៅចន្លោះឆ្នាំ២០៣០និង២០៥០ នឹងមានគ្រោះមហន្តរាយធ្ងន់ធ្ងរទាក់ទងនឹងបម្រែបម្រួលអាកាសធាតុដែលអាចបណ្តាលឱ្យមានអ្នកស្លាប់ប្រហែល ២៥ម៉ឺននាក់ក្នុងមួយឆ្នាំៗ។ តាមរបាយការណ៍ដដែលបន្ថែមថា មូលហេតុដែលឈានដល់ការប៉ាន់ស្មានបែបនេះដោយសារកង្វះអាហារូបត្ថម្ភ ជំងឺគ្រុនចាញ់ រាគរូស និងភាពតានតឹងដោយសារការកើនឡើងនៃកម្តៅពិភពលោក។

ជាងនេះទៀត អ្នកស្រាវជ្រាវបញ្ជាក់ដែរថា គ្រោះរាំងស្ងួតកើតមានជាញឹកញាប់ក្នុងពេលបច្ចុប្បន្ន ដែលបណ្តាលឱ្យមនុស្សរាប់លាននាក់ប្រឈមនឹងការអត់ឃ្លាន កើតមានជំងឺឆ្លងដែលឆ្លងតាមរយៈមូសខាំ និងខ្វះខាងផ្នែកប្រព័ន្ធសុខាភិបាល។ បញ្ហាប្រែប្រួលអាកាសធាតុទាំងនេះបានគំរាមកំហែងដល់មនុស្សជាតិសង្គម និងបរិស្ថានដូចជាខ្យល់ស្អាត ទឹកស្អាត អាហារគ្រប់គ្រាន់ និងទីជម្រកសុវត្ថិភាពជាដើម។

យ៉ាងណាមិញ អង្គការសុខភាពពិភពលោកអំពាវនាវឱ្យកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់តាមរយៈការប្រើប្រាស់មធ្យាបាយធ្វើដំណើរដែលមានប្រសិទ្ធភាពពោលគឺមិនប្រើឥន្ធនៈ ការជ្រើសរើសបរិភោគអាហារ ដែលផ្តល់ថាមពលអាចដល់សុខភាព និងតាមរយៈការកាត់បន្ថយការបំពុលបរិយាកាស៕

ប្រភព៖ CNA ចុះថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

Share

Image Not Found
Image

ព័ត៌មានទាក់ទង