ភ្នំពេញ៖ អង្គការទស្សនៈពីភពលោកប្រចាំកម្ពុជា សហការនឹងភាគីពាក់ព័ន្ធក្នុងការពង្រីកវិសាលភាពគម្រោង «មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ» ដល់មណ្ឌលសុខភាពនៅខេត្តព្រះវិហារ និងខេត្តសៀមរាប ដែលមានរយៈពេល ៣ឆ្នាំដោយរាប់ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦។ តាមរយៈគម្រោងនេះទៀតសោត អង្គការទស្សនៈពិលោកគូសបញ្ជាក់ថានឹងផ្តល់ជាផលវិជ្ជមានស្ត្រីមានផ្ទៃពោះចំនួនជាង ៥៤០០០ នាក់ និងទារកទើបនឹងកើតចំនួនជាង ១៥ ០០០ នាក់ និងបុគ្គលិកមណ្ឌលសុខភាពចំនួន ១៣០ នាក់ តាមរយៈការកសាងសមត្ថភាពរបស់បុគ្គលិកមណ្ឌលសុខភាព។
នាពេលថ្មីៗកន្លងទៅនេះ អង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា សហការជាមួយនឹងដៃគូរពាក់ព័ន្ធដូចជា ក្រសួងសុខាភិបាល (MoH) កម្មវិធីជាតិអាហារូបត្ថម្ភ (NNP) និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (NMCHC )ពង្រីកគម្រោង «មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ»។
គម្រោងនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយក្នុងម៉ោងដំបូង ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ និងការបន្តការបំបៅកូនដោយទឹកដោះម្តាយ ដោយអង្គការទស្សនៈពិភពលោក រំពឹងថា នឹងធ្វើឱ្យសុខុមាលភាពរបស់កុមារប្រសើរឡើង និងកាត់បន្ថយការឆ្លងជំងឺ និងមរណៈភាពរបស់កុមារ។
បន្ថែមពីនេះគម្រោងរយៈពេល៣ ឆ្នាំ (ឆ្នាំ ២០២៣-២០២៦) នេះនឹងផ្តល់ផលវិជ្ជមានដល់ ស្ត្រីមានផ្ទៃពោះចំនួនជាង ៥៤០០០ នាក់ ទារកទើបនឹងកើតចំនួនជាង ១៥ ០០០ នាក់ និងបុគ្គលិកមណ្ឌលសុខភាពចំនួន ១៣០ នាក់ តាមរយៈការកសាងសមត្ថភាពរបស់បុគ្គលិកមណ្ឌលសុខភាព និងការចូលរួមជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីត្រួតពិនិត្យ និងតាមដានសេវាដែលផ្តល់ដោយមណ្ឌលសុខភាពទាំង ៣៤ នេះ។ លើសពីនេះទៀត គម្រោងនេះក៏នឹងប្រមូលផ្តុំ និងបណ្តុះបណ្តាល ‘អ្នកប្រឹក្សាការបំបៅដោះកូន’ នៅកម្រិតសហគមន៍ ដើម្បីផ្តល់ប្រឹក្សាដល់ម្តាយ និងសមាជិកគ្រួសារទាំងអស់ ពីការផ្តល់ទឹកដោះម្តាយដល់ទារកទើបនឹងកើត ទារក និងកុមារតូចៗ។
ក្នុងសេចក្តីប្រកាសរបស់អង្គការទស្សនៈពិភពលោកបង្ហាញឱ្យដឹងថា នៅកម្ពុជាអត្រាកង្វះអាហារូបត្ថម្ភក្នុងចំនោមកុមារអាយុក្រោម ៥ ឆ្នាំ មានកម្រិតខ្ពស់បំផុតនៅក្នុងតំបន់។ ក្នុងនោះ កុមារ ២២% មានកម្ពស់ទាបធៀបនឹងអាយុ (ក្រេះក្រិន) និង កុមារ១០% មិនមានទម្ងន់គ្រប់គ្រាន់ធៀបនឹងកម្ពស់ (ស្គមស្គាំង)។ ការផ្តល់អាហារមិនត្រឹមត្រូវ ទឹកកខ្វក់ កង្វះអនាម័យ ភាពក្រីក្រ និងកង្វះការអប់រំរបស់ម្តាយ គឺជាមូលហេតុចម្បងដែលធ្វើឱ្យកុមារខ្វះអាហារូបត្ថម្ភ៕