en     km
en     km

អង្គការចំនួន២០ នៅតែមានក្តីបារម្ភលើការយាយី និងឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន

Share

ភ្នំពេញ៖ ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៣ តាមរយៈសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) ឱ្យដឹងថាអ្នកសារព័ត៌មានមួយចំនួននៅតែទទួលរងការយាយី។ ក្នុងចំនួនអ្នកសារព័ត៌មាន៣០នាក់ដែលរងការយាយី ខេបបូចា រកឃើញថាពួកគេប្រឈមបញ្ហាដូចជា ទទួលរងអំពើហិង្សា ការគំរាមកំហែង និងការយាយីតាមផ្លូវតុលាការ។ ករណីទាំងនេះ​បង្កឱ្យអង្គការចំនួន២០ ចេញសេក្តីថ្លែងការរួមបង្ហាញពីក្តីបារម្ភទៅលើការយាយី និងឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន។

អង្គការសង្គមស៊ីវិល និងស្ថាប័នដែលធ្វើការលើប្រព័ន្ធផ្សព្វផ្សាយទាំងជាតិ និងអន្តរជាតិចំនួន២០ ចេញសេចក្តីថ្លែងការរួមស្តីពី «ការបិទបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជា» ដោយស្នើឱ្យរាជរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ ដើម្បីរកដំណោះស្រាយ និងចាត់វិធានការ ធ្វើការសើបអង្កេតធានាឱ្យបាននូវឯករាជ្យ និងតម្លាភាព ទៅលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន។

ក្នុងខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួម​ បង្ហាញថាការយាយី និងឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មានក្នុងឆ្នាំ២០២៣នៅតែជាក្តីកង្វល់។ ក្តីបារម្ភនេះកើតមានឡើងបន្ទាប់ពីខេបបូចា ឱ្យដឹងថាមានអ្នកសារព័ត៌មានចំនួន៣០នាក់ នៅតែប្រឈមនឹងការយាយីក្នុងរយៈពេល១០ខែឆ្នាំ២០២៣ ដោយរាប់ចាប់ពីខែមករា ដល់ខែតុលា។ ក្នុងចំណោម៣០នាក់ដែលទទួលរងការយាយី ខេបបូចា គូសបញ្ជាក់ថា​មាន ២៣នាក់ទទួលរងអំពើហិង្សា ៤នាក់ប្រឈមនឹងការយាយី​តាមផ្លូវតុលាការ និង២នាក់ត្រូវបានឃាត់ខ្លួនទៅសួរចម្លើយ។ បន្ថែមពីនេះកម្ពុជាត្រូវបានអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ចាត់ថ្នាក់ឱ្យនៅលេខ ១៤៧ ក្នុងចំណោម១៨០ប្រទេសនៅឆ្នាំ២០២៣ ស្របពេលដែលមានអជ្ញាប័ណ្ណសារព័ត៌មានចំនួន៥ បានដកហូត។

ឆ្លើយតបបញ្ហានេះ  លោក ងឿន ច័ន្ទប៉ូឡែន អ្នកនាំពាក្យទី២នៃក្រសួងព័ត៌មាន ហាក់មិនយល់ស្របទៅនឹងសេចក្តីថ្លែងការណ៍រួមរបស់ Camboja ឡើយដោយលោកលើកនិយាយពី ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាបច្ចប្បន្ន។ លោកអះអាងថា ស្ថានភាពសេរីភាពសារព័ត៌មាន មានភាពល្អប្រសើរ ដែលមានប្រព័ន្ធផ្សព្វផ្សាយសម្បូណ៌បែបជាប្រភពព័ត៌មានរបស់ពលរដ្ឋ ហើយលោកគូសបញ្ជាក់ថាអ្នកសារព័ត៌មានត្រូវបានការពារដោយច្បាប់។

លោកសរសេរក្នុងសារដើមថា «ពាក់ព័ន្ធនឹងវិធានបទនេះខ្ញុំចង់បញ្ជាក់ថាអ្នកសារព័ត៌មាននៅកម្ពុជាយើងកំពុងតែបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងពេញលេញនិងយ៉ាងសកម្មគ្រប់ទិសទីនៅទូទាំងប្រទេសកម្ពុជា។ ក្នុងការផលិតនិងផ្សព្វផ្សាយព័ត៌មានឬធ្វើសេច្ដីរាយការណ៍ព័ត៌មានរបស់ខ្លួនដោយសេរីគ្រប់ពេលវេលានិងប្រកបដោយសុវត្ថិភាព។កម្ពុជាបាននិងកំពុងការពារសិទ្ធិសេរីភាពសារព័ត៌មាន លើកតម្កើងសេរីភាពបញ្ចេញមតិឱ្យកាន់តែប្រសើរបន្ថែមទៀតតាមរយៈការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងគុណភាពសារព័ត៌មាន ប្រឆាំងនឹងព័ត៌មានក្លែងក្លាយដើម្បីពលរដ្ឋទទួលបានព័ត៌មានពិត ត្រឹមត្រូវនិងជឿទុកចិត្ត។ »

សេចក្តីថ្លែងការណ៍រួមត្រូវបាន ខេមបូចារ ចេញផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសទិវាអន្តរជាតិដើម្បី​បញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន៕

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង