en     km
en     km

លោក Biden ឱ្យអ៊ីស្រាអែលការពារសិទ្ធិពលរដ្ឋនៅហ្គាហ្សា តែអ៊ីស្រាអែលថាហាម៉ាស់យកពលរដ្ឋជាខែល

Share

 

ប្រធានាធិបតីអាមេរិក លោក Joe Biden អំពាវនាវឱ្យសម្ព័ន្ធមិត្តអ៊ីស្រាអែលការពារសិទ្ធិជនស៊ីវិលដែលរស់នៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីរថក្រោះជាច្រើនគ្រឿងរបស់អ៊ីស្រាអែលបានបរចូលទៅមុខច្រកទ្វារមន្ទីរពេទ្យធំជាងគេនៅហ្គាហ្សា។ នេះបើយោងតាមសារព័ត៌មាន AFP ចុះផ្សាយនៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានបង្ហាញថា ក្រោមការវាយប្រហាររបស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សាបានសម្លាប់ប្រជាជនជាង ១១ម៉ឺននាក់ ក្នុងនោះមានកុមារ ៤,៦៣០នាក់។ ក្រសួងអះអាងថា មន្ទីរពេទ្យត្រូវតែត្រូវបានការពារជាខ្លាំង ដោយសារកំណើននៃអ្នករងរបួសមានច្រើន គួបផ្សំនឹងការខ្វះថ្នាំនិងសម្ភារៈពេទ្យមួយចំនួន។

ដោយឡែក អ៊ីស្រាអែលចោទប្រកាន់ក្រុមហាម៉ាសថា បានប្រើផ្លូវរូងក្រោមដីក្រោមមន្ទីរពេទ្យជាទីស្នាក់ការនិងប្រើប្រាស់អ្នកឈឺនិងអ្នករងរបួសជាខែលសម្រាប់ការពារក្រុមរបស់ខ្លួន។ ការចោទប្រកាន់ពីសំណាក់អ៊ីស្រាអែលបែបនេះត្រូវក្រុមហាម៉ាស់បដិសេធថាមិនមែនជាការពិតនោះឡើយ។

ទោះបីជាយ៉ាងណា កងកម្លាំងអ៊ីស្រាអែលនិយាយថា ទីតាំងមន្ទីរពេទ្យមិនមែនជាគោលដៅនៃការវាយប្រហារនោះទេ។ ក៏ប៉ុន្តែពួកគេប្តេជ្ញាថានឹងកម្ចាត់ក្រុមហាម៉ាសទាំងអស់ ដើម្បីសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្សប្រហែល ១,២០០នាក់ ភាគច្រើនសុទ្ធសឹងជាជនស៊ីវិលអ៊ីស្រាអែល៕

ប្រភព៖ AFP ចុះថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image