ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងទៅដល់ទីក្រុងប៉ារីសនៃសាធារណរដ្ឋបារាំងហើយ នាព្រឹកទៀបភ្លឺថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ព្រះអង្គ យាងទៅប្រទេសបារាំងក្នុងដំណើរបំពេញព្រះរាជទស្សនកិច្ចផ្លូវការ និងចូលរួមសន្និសីទអន្តរជាតិតបទៅតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។ នេះបើយោងការចុះផ្សាយរបស់ក្រសួងព័ត៌មាន។
តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង ព្រះបាទនរោត្តម សីហមុនី ត្រូវយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងចាប់ពីថ្ងៃទី១២-១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទ្រង់ក៏ត្រូវយាងចូលរួមក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរនៅសាធារណរដ្ឋបារាំង។ សន្និសីទធ្វើឡើងសម្រាប់កិច្ចគាំពារនិងអភិវឌ្ឍន៍អង្គរក្នុងសម័យប្រជុំលើកទី៤២របស់អង្គការយូណេស្កូ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។
បើតាមកាសែតភ្នំពេញប៉ុស្ដិ៍ ដែលផ្សាយជាភាសាអង់គ្លេស បានដកស្រង់ ការវិភាគរបស់ លោក ថោង ម៉េងដាវិដ អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីនិយាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កម្ពុជានិងបារាំងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាច្រើនឆ្នាំមកហើយតាមរយៈកត្តាវប្បធម៌ សិល្បៈ និងមនុស្ស។ លោកបានបន្ថែមថា ព្រះមហាក្សត្របានដើរតួយ៉ាងសំខាន់ក្នុងទំនាក់ទំនងទាំងនេះ។
អ្នកស្រាវជ្រាវអះអាងថា ក្នុងដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រទៅប្រទេសបារាំងលើកនេះនឹងលើកកម្ពស់កិត្យានុភាពជាតិ ដែលជាមោទនភាពមួយក្នុងការផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌របស់កម្ពុជាទៅកាន់ឆាកពិភពលោក។ លោកបន្តទៀតថា កត្តានេះហើយដែលធ្វើឱ្យប្រទេសជាច្រើនស្គាល់ពីគុណសម្បត្តិដ៏ពិសេសរបស់កម្ពុជា។
សូមជម្រាបថានៅក្នុងព្រះរាជដំណើរទស្សនកិច្ចនេះទៀតសោត ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាបានបង្ហាញកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ថា គណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាជាច្រើននាក់រួមមានលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនិងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងឥស្សរជនផ្សេងទៀតនឹងអមដំណើរព្រះមហាក្សត្រកម្ពុជាក្នុងព្រះរាជទស្សនកិច្ចនៅបរទេសលើកនេះ៕