en     km
en     km

ក្រុម​កម្មករ​រោងចក្រ​វី​បូ​បន្ត​ការ​បិទផ្លូវ​ចូល​តំបន់​សេដ្ឋកិច្ច​ពិសេស​

Share

cover-protest-at-PPSEZ
​ក្រោយ​ពេល​ថៅកែ​រោងចក្រ​ ខក​ខានមិនបាន​បើក​អស់​រយៈពេល​ ២ ​ខែ​មក​ ក្រុម​កម្មករ​ វី​បូ​ អ៊ី​អាយ​ស៊ី​ ហ្គា​មេន​ ខូ​អិ​ល​ធី​ឌី​ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ បន្ត​ធ្វើ​បាតុកម្ម​បិទផ្លូវ​ចូល​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ ដើម្បី​ជំរុញ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ បើក​ប្រាក់ខែ​ឱ្យ​ពួក​គាត់​។​

​កម្មករ​រោងចក្រ​វី​បូ​ អ៊ី​អាយ​ស៊ី​ ហ្គា​មេន​ ខូ​អិ​ល​ធី​ឌី​ ជាង​ ២០០​ នាក់​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ បាន​បន្ត​បាតុកម្ម​បិទផ្លូវ​ចេញចូល​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដើម្បី​ជំរុញ​ឱ្យ​ថៅកែ​រោងចក្រ​បើក​ប្រាក់ខែ​ដល់​ពួក​គេ​។​

​កម្មការិនី​ម្នាក់​ ក្នុង​ចំណោម​អ្នក​តវ៉ា​ទាំងនោះ​អ្នកស្រី​ កែប​ និមល​ បាន​និយាយ​ថា​ កម្មករ​បាន​តវ៉ា​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ តែ​មិន​មាន​ដំណោះស្រាយ​សម​ស្រប​ឡើយ​ ទើប​ពួក​គេ​បន្ត​មក​តវ៉ា​បិទផ្លូវ​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​វិញ​ ដើ​ម្ប​រក​ដំណោះស្រាយ​ឱ្យ​បាន​ឆាប់រហ័ស​។​

​អ្នកស្រី​ ប​ន្តែ​ម​ថា​ ទោះបីជា​មាន​បញ្ហា​ត្រូវ​ប្រឈម​មុខ​ដល់​អាយុជីវិត​ក៏​ដោយ​ ក៏​ក្រុម​កម្មករ​នឹង​បន្ត​ធ្វើ​កូដកម្ម​បិទផ្លូវ​នៅ​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​រហូត​ បើ​គ្មាន​ដំណោះស្រាយ​។​

​ស្រ​ដៀង​គ្នា​នេះ​ដែរ​ កម្ម​ការ​នី​ម្នាក់​ទៀត​ អ្នកស្រី​ ម៉​ន​ ផ​ល្លី​ បាន​លើក​ឡើង​ថា​ កម្មករ​នឹង​បន្ត​ធ្វើការ​កូដកម្ម​តទៅ​ទៀត​ បើ​នៅ​តែ​មិន​មានការ​បើក​ប្រាក់ខែ​ឱ្យ​ពួក​គេ​ ដែល​ខំ​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​នោះ​។​

​អ្នកស្រី​ ផ​ល្លី​ បន្ត​ថា​ ការ​ធ្វើ​កូដកម្ម​នេះ​ជា​សិទ្ធិ​របស់​កម្មករ​ ព្រោះ​កម្មករ​ត្រូវ​បាន​ថៅកែ​រំលោភសិទ្ធិ​សេរីភាព​ ហើយ​កម្មករ​មិន​បាន​ទៅ​ប្រើ​អំពើ​ហិង្សា​ជាមួយ​ថៅកែ​រោងចក្រ​នោះ​ទេ​។​

​វិទ្យុ​ស្ត្រី​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ភាគី​រោងចក្រ​ វី​បូ​ អ៊ី​អាយ​ស៊ី​ ហ្គា​មេន​ ខូ​អិ​ល​ធី​ឌី​ បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ ។​
​ទាក់ទង​នឹង​រឿង​នេះ​ដែរ​ លោក​ ឃិ​ន​ ណាំ​ហោ​ ប្រធាន​សហព័ន្ធ​សហជីព​សំឡេង​កម្មករ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ក្រុម​កម្មករ​ កម្ម​ការ​នី​ធ្វើ​កូដកម្ម​តវ៉ា​បិទផ្លូវ​នេះ​ មាន​គោលបំណង​ធំ​២​ គឺ​ ទី​១​ ស្នើ​ឱ្យ​ក្រុមហ៊ុន​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ ក្រុមហ៊ុន​ដំណើរការ​បន្ត​ ឬ​ក៏​បិទទ្វារ​ ហើយ​បើ​ក្រុមហ៊ុន​ប​បិទទ្វារ​ ក្រុមហ៊ុន​ត្រូវ​ទូទាត់​តាម​ផ្លូវច្បាប់​ជូន​កម្មករ​ កម្ម​ការ​នី​។​ ទី​២​ ក្រុមហ៊ុន​ត្រូវ​សង​ប្រាក់​រំឭក​អត្ថ​ប្រ​យោ​ជ​ន៏​ទាំងឡាយ​ ដែល​ក្រុមហ៊ុន​មិន​បាន​ផ្តល់​ជូន​កម្មករ​ កម្ម​ការ​នី​កន្លង​មក​ ជូន​កម្មករ​ កម្ម​ការ​នី​វិញ​។​

​លោក​បន្ត​ថា​ បើ​ថៅកែ​បិទទ្វារ​រោងចក្រ​ ត្រូវ​តែ​មានការ​ទូទាត់​ប្រាក់ខែ​គោល​ និង​ប្រាក់​អត្ថប្រយោជន៍​៥​ចំណុច​ទៀត​ជូន​កម្មករ​ ទី​១​ ប្រាក់​ការ​ជូនដំណឹង​ ទី​២​ប្រាក់​អតីតភាព​ ទី​៣​ ប្រាក់​ជំងឺ​ចិត្ត​ ទី​៤​ប្រាក់​បំណាច់​ឆ្នាំ​ និង​ទី​៥​ប្រាក់ខែ​ចុង​ក្រោយ​។​
​លោក​បន្ថែម​ទៀត​ថា​ បើ​ថៅកែ​រោងចក្រ​ពិតជា​បិទទ្វា​មែន​នោះ​ ថៅកែ​ត្រូវ​តែ​សង​ប្រាក់​ដល់​កម្មករ​ទាំងអស់​។​

«​ខ្ញុំ​សូម​បញ្ជាក​ផង​ដែរ​ថា​ បើកាលណា​ក្រុមហ៊ុន​មិន​ដំណើរការ​ទេ​ ត្រូវ​យក​ទូទាត់​តាម​ផ្លូវច្បាប់​ទាំងអស់​ជូន​កម្មករ​ ទាំង​៩៨៥​នាក់​»​។​

​សូម​ជម្រាប​ថា​ កម្មករ​រោងចក្រ​ វី​បូ​ អ៊ី​អាយ​ស៊ី​ ហ្គា​មេន​ ខូ​អិ​ល​ធី​ឌី​ បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​បើក​ប្រាក់ខែ​ពី​ថៅកែ​រោងចក្រ​នេះ​ តាំងពី​ថ្ងៃ​ទី​៩​ មក​រា​ ឆ្នាំ​២០១៦​ មក​ម្ល៉េះ​។​ ការ​តវ៉ា​នេះ​ធ្វើ​ឡើង​ក្រោយ​ពេក​ពួក​គេ​ខកខាន​បើក​ប្រាក់ខែ​អស់​រយៈពេល​២​ខែ​មក​ហើយ​៕

Share

Image
Image
Image