ក្រោយពេលថៅកែរោងចក្រ ខកខានមិនបានបើកអស់រយៈពេល ២ ខែមក ក្រុមកម្មករ វីបូ អ៊ីអាយស៊ី ហ្គាមេន ខូអិលធីឌី តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បន្តធ្វើបាតុកម្មបិទផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសនេះ ដើម្បីជំរុញឱ្យថៅកែក្រុមហ៊ុន បើកប្រាក់ខែឱ្យពួកគាត់។
កម្មកររោងចក្រវីបូ អ៊ីអាយស៊ី ហ្គាមេន ខូអិលធីឌី ជាង ២០០ នាក់ នៅព្រឹកថ្ងៃសុក្រនេះ បានបន្តបាតុកម្មបិទផ្លូវចេញចូលតំបន់សេដ្ឋកិច្ចពិសេស ដើម្បីជំរុញឱ្យថៅកែរោងចក្របើកប្រាក់ខែដល់ពួកគេ។
កម្មការិនីម្នាក់ ក្នុងចំណោមអ្នកតវ៉ាទាំងនោះអ្នកស្រី កែប និមល បាននិយាយថា កម្មករបានតវ៉ាអស់រយៈពេលជាច្រើនថ្ងៃមកហើយ តែមិនមានដំណោះស្រាយសមស្របឡើយ ទើបពួកគេបន្តមកតវ៉ាបិទផ្លូវចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសវិញ ដើម្បរកដំណោះស្រាយឱ្យបានឆាប់រហ័ស។
អ្នកស្រី បន្តែមថា ទោះបីជាមានបញ្ហាត្រូវប្រឈមមុខដល់អាយុជីវិតក៏ដោយ ក៏ក្រុមកម្មករនឹងបន្តធ្វើកូដកម្មបិទផ្លូវនៅមុខតំបន់សេដ្ឋកិច្ចពិសេសនេះរហូត បើគ្មានដំណោះស្រាយ។
ស្រដៀងគ្នានេះដែរ កម្មការនីម្នាក់ទៀត អ្នកស្រី ម៉ន ផល្លី បានលើកឡើងថា កម្មករនឹងបន្តធ្វើការកូដកម្មតទៅទៀត បើនៅតែមិនមានការបើកប្រាក់ខែឱ្យពួកគេ ដែលខំបម្រើការងារនៅក្នុងរោងចក្រនោះ។
អ្នកស្រី ផល្លី បន្តថា ការធ្វើកូដកម្មនេះជាសិទ្ធិរបស់កម្មករ ព្រោះកម្មករត្រូវបានថៅកែរំលោភសិទ្ធិសេរីភាព ហើយកម្មករមិនបានទៅប្រើអំពើហិង្សាជាមួយថៅកែរោងចក្រនោះទេ។
វិទ្យុស្ត្រី មិនអាចសុំការឆ្លើយតបពីភាគីរោងចក្រ វីបូ អ៊ីអាយស៊ី ហ្គាមេន ខូអិលធីឌី បានទេនៅល្ងាចថ្ងៃសុក្រនេះ ។
ទាក់ទងនឹងរឿងនេះដែរ លោក ឃិន ណាំហោ ប្រធានសហព័ន្ធសហជីពសំឡេងកម្មករកម្ពុជា បានលើកឡើងថា ក្រុមកម្មករ កម្មការនីធ្វើកូដកម្មតវ៉ាបិទផ្លូវនេះ មានគោលបំណងធំ២ គឺ ទី១ ស្នើឱ្យក្រុមហ៊ុនបញ្ជាក់ឲ្យច្បាស់ថា ក្រុមហ៊ុនដំណើរការបន្ត ឬក៏បិទទ្វារ ហើយបើក្រុមហ៊ុនបបិទទ្វារ ក្រុមហ៊ុនត្រូវទូទាត់តាមផ្លូវច្បាប់ជូនកម្មករ កម្មការនី។ ទី២ ក្រុមហ៊ុនត្រូវសងប្រាក់រំឭកអត្ថប្រយោជន៏ទាំងឡាយ ដែលក្រុមហ៊ុនមិនបានផ្តល់ជូនកម្មករ កម្មការនីកន្លងមក ជូនកម្មករ កម្មការនីវិញ។
លោកបន្តថា បើថៅកែបិទទ្វាររោងចក្រ ត្រូវតែមានការទូទាត់ប្រាក់ខែគោល និងប្រាក់អត្ថប្រយោជន៍៥ចំណុចទៀតជូនកម្មករ ទី១ ប្រាក់ការជូនដំណឹង ទី២ប្រាក់អតីតភាព ទី៣ ប្រាក់ជំងឺចិត្ត ទី៤ប្រាក់បំណាច់ឆ្នាំ និងទី៥ប្រាក់ខែចុងក្រោយ។
លោកបន្ថែមទៀតថា បើថៅកែរោងចក្រពិតជាបិទទ្វាមែននោះ ថៅកែត្រូវតែសងប្រាក់ដល់កម្មករទាំងអស់។
«ខ្ញុំសូមបញ្ជាកផងដែរថា បើកាលណាក្រុមហ៊ុនមិនដំណើរការទេ ត្រូវយកទូទាត់តាមផ្លូវច្បាប់ទាំងអស់ជូនកម្មករ ទាំង៩៨៥នាក់»។
សូមជម្រាបថា កម្មកររោងចក្រ វីបូ អ៊ីអាយស៊ី ហ្គាមេន ខូអិលធីឌី បានផ្ទុះការតវ៉ាទាមទារបើកប្រាក់ខែពីថៅកែរោងចក្រនេះ តាំងពីថ្ងៃទី៩ មករា ឆ្នាំ២០១៦ មកម្ល៉េះ។ ការតវ៉ានេះធ្វើឡើងក្រោយពេកពួកគេខកខានបើកប្រាក់ខែអស់រយៈពេល២ខែមកហើយ៕