ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃទីក្រុងហាណូយឱ្យដឹងថា ជនជាតិកូរ៉េខាងត្បូងពីរនាក់ក្នុងចំណោមមនុស្ស១៨នាក់ ត្រូវបានកាត់ទោសប្រហារជីវិតពីបទរត់ពន្ធ និងជួញដូរគ្រឿងញៀននៅក្នុងប្រទេសវៀតណាម។
(កញ្ញា ងិន ស៊ាងលីម រាយការណ៍)
កាលពីយប់ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ អតីតមន្ត្រីប៉ូលិសកូរ៉េខាងត្បូង លោក Kim Soon-sik អាយុ ៦៣ឆ្នាំ និងម្នាក់ទៀត លោក Kang Seon-hok អាយុ ៣០ឆ្នាំ ត្រូវបានកាត់ទោសប្រហារជីវិត បន្ទាប់តុលាការនៅទីក្រុងហូជីមិញចំណាយពេលរយៈពេល៤ថ្ងៃសម្រាប់ការកាត់ក្តី។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ទន្ទឹមគ្នានោះ ជនជាតិចិនឈ្មោះ Li Tian Guan អាយុ ៥៨ឆ្នាំ និងមេខ្លោងជនជាតិវៀតណាម Le Ho Vu អាយុ ៣៦ឆ្នាំពីររូបទៀត ក៏ត្រូវតុលាការវៀតណាមកាត់ទោសប្រហារជីវិតក្នុងបទជួញដូរគ្រឿងញៀនផងដែរ។ ក្នុងករណីដដែលនេះ មនុស្សចំនួន ១៤នាក់ផ្សេងទៀត ក៏ត្រូវបានកាត់ទោសប្រហារជីវិតផ្ទួនៗគ្នាក្រោមការកាត់ក្តីរបស់តុលាការនៅទីក្រុងហូជីមិញនោះដែរ។
គួរបញ្ជាក់ថា គេហទំព័រព័ត៌មានរដ្ឋរបស់វៀតណាមបានរាយការណ៍នៅចន្លោះខែឧសភាដល់ខែមិថុនា កាលពីឆ្នាំ២០២០ថា ក្រុមជួញដូរគ្រឿងញៀនខុសច្បាប់បានរក្សាទុកនិងចែកចាយនូវសារធាតុញៀនជាង ២១៦គីឡូក្រាម។ ខណៈប៉ូលិសវៀតណាមរឹបអូសបានថ្នាំញៀនគ្រប់ប្រភេទជាង ១៦៨គីឡូក្រាម ដោយមិនបញ្ជាក់ពីប្រភេទរបស់សារធាតុទាំងនេះច្បាស់លាស់នោះឡើយ។
សូមជម្រាបដែរថា មន្ត្រីប្រតិបត្តិការវៀតណាមបានចុះបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នៅពេលដែលពួកគេបានឆែកឆេររថយន្តកុងតឺន័រដែលរៀបចំដើម្បីដឹកជញ្ជូនទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ក្នុងនោះ មន្ត្រីប៉ូលីសបានរកឃើញកញ្ចប់ប្លាស្ទិកចំនួន៤០កញ្ចប់ មានម្សៅក្រាមពណ៌ស រួមទាំងmethamphetamineសរុប ៣៩,៥គីឡូក្រាម។
ប្រព័ន្ធផ្សព្វផ្សាយទីក្រុងហាណូយបានបន្ថែមទៀតថាមនុស្ស ១៧នាក់ផ្សេងទៀតត្រូវបានកាត់ទោសពីបទ កាន់កាប់ ជួញដូរ និងការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។ លើសពីនេះ មនុស្សម្នាក់ដែលមានអាយុក្រោម ១៨ឆ្នាំត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១៥ឆ្នាំ តែមិនមានការបញ្ជាក់ថា ការប្រហារជីវិតនឹងត្រូវធ្វើនៅពេលណានោះទេ។
គួរបញ្ជាក់ថា មនុស្សជាង ១០០នាក់ ត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំ២០២២។ នេះបើតាមអង្គការអន្តរជាតិឃ្លាំមើលព័ត៌មានមជ្ឈមណ្ឌលព័ត៌មានទោសប្រហារជីវិត។ក្នុងឆ្នាំ២០១៧ តុលាការវៀតណាមបានកាត់ទោសប្រហារជីវិតអ្នកជួញដូរគ្រឿងញៀន ៨នាក់ពីបទរត់ពន្ធហេរ៉ូអ៊ីនទៅប្រទេសចិន។ ចាប់តាំងពីឆ្នាំ២០១៣មក ប្រទេសវៀតណាមបានអនុវត្តការកាត់ទោសប្រហារជីវិតដោយការចាក់ថ្នាំសម្លាប់មនុស្ស ជំនួសការប្រហារជីវិតដោយការបាញ់សម្លាប់។ វៀតណាមជាប្រទេសមួយដែលមានច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងបំផុតក្នុងពិភពលោក៕
ប្រភព៖ CNA ចុះនៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣
អត្ថបទ៖កញ្ញា ងិន ស៊ាងលីម