កាលពីថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ មូលនិធិមិត្តនារី និងសម្ព័ន្ធមិត្តអំពាវនាវឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ថៃ ធ្វើការជាមួយសភាដើម្បីរួមគ្នាពង្រឹងក្រមសីលធម៌ថ្មី និងរារាំងសមាជិកសភាពីររូបក្នុងបទចោទប្រកាន់លើការបៀតបៀនផ្លូវភេទឬការរំលោភលើស្រ្តីរងគ្រោះ។
(កញ្ញា សៃ ចន្ធី រាយការណ៍)
នាយកមូលនិធិមិត្តនារី អ្នកស្រី Thanawadee Thajeen បាននិយាយថា ការអំពាវនាវឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតធ្វើការជាមួយសភានេះ គាំទ្រដោយអង្គការ Friends of Women Foundation Alliance Anti Traffic Thailand ដែលជាមូលនិធិសម្រាប់អ្នកអភិវឌ្ឍន៍កុមារ, មូលនិធិ Raks Thai និង មជ្ឈមណ្ឌលនិស្សិតគ្រីស្ទាន និងបណ្តាញស្ត្រីក្នុងតំបន់ចំនួនបួនផ្សេងទៀត។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។
វិធានការនេះ ធ្វើឡើងដើម្បីប្រារព្ធទិវាអន្តរជាតិចំពោះការលុបបំបាត់អំពើហិង្សាលើស្ត្រីនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ តាមទិន្នន័យពីក្រសួងសុខភាពសាធារណៈបង្ហាញថា ស្ត្រីនិងកុមារប្រហែល ១៥,០០០នាក់ក្លាយជាជនរងគ្រោះក្នុងករណីប្រើប្រាស់អំពើហិង្សា ដែលគិតជាមធ្យមក្នុងមួយឆ្នាំមានប្រហែល ៣០០នាក់។ ក្នុងនោះ ជនរងគ្រោះទាំងស្រ្តីនិងកុមាររងរបួសធ្ងន់ស្រាល ពិការ ឬឈានដល់ការស្លាប់ផងដែរ។
ជាងនេះទៀត អ្នកស្រី Thanawadee Thajeen បានបន្ថែមទៀតថា ជនរងគ្រោះជាច្រើននាក់បានសម្រេចចិត្តរក្សាការការសម្ងាត់បន្ទាប់ពីមានការវាយដំឬការយាយីមកលើខ្លួនប្រាណ ដោយសារតែជនល្មើសគឺជាសមាជិកគ្រួសារឬឥស្សរជនមានឥទ្ធិពលដូចជាមានតួនាទីជាអ្នកនយោបាយជាដើម។
ដោយឡែក លោកស្រី Thanawadee អះអាងថា ក្រុមជំរុញភ្នាក់ងារ និងស្ថាប័នពាក់ព័ន្ធ រួមមាន EC សភា និងគណបក្សនយោបាយ បាននិងកំពុងកំណត់លក្ខណៈសម្បត្តិរបស់បេក្ខជនតំណាងរាស្ត្រដែលប្រព្រឹត្តអំពើមិនគប្បីចំពោះស្រ្តីនិងកុមារ។ អ្នកស្រីបន្តទៀតថា ក្នុងនាមជាអ្នកនយោបាយ គឺជាអ្នកតំណាងឱ្យប្រជាជនត្រូវតែមានក្រមសីលធម៌ខាងផ្លូវភេទ ហើយសីលធម៌ក៏ត្រូវដាក់បញ្ចូលទៅគ្រប់គណបក្សនយោបាយផងដែរ។
ចំណែកក្រុមប្រឹក្សាប្រតិបត្តិ និងសមាជិកនៃគណបក្សនយោបាយក៏មិនត្រូវធ្លាប់មានទោសទាក់ទងខាងព្រហ្មទណ្ឌ ឬធ្លាប់ប្រឈមមុខនឹងការចោទប្រកាន់ពីការប្រើប្រាស់អំពើហិង្សាលើផ្លូវភេទ ឬការបង្ខំឱ្យស្ត្រីឆ្លងកាត់ការរំលូតកូនពីមុនមកនោះឡើយ។ បើមានការចោទប្រកាន់ទៅលើសមាជិកនៃគណបក្សនយោបាយរូបណាមួយ នោះគឺត្រូវតែមានគណៈកម្មការជាអ្នកស៊ើបអង្កេតរកការពិត។
ក្នុងនោះមានសមាជិកពីរភាគបីជាតំណាងអង្គការដែលការពារសិទ្ធិស្ត្រីនិងកុមារដើម្បីធានាយុត្តិធម៌លើករណីប្រលអំពើហិង្សាក្នុងគ្រួសារ ការបោះបង់គ្រួសារ ការបដិសេធមិនផ្តល់ប្រាក់ឧបត្ថម្ភដល់កុមារ និងការកេងប្រវ័ញ្ចផ្លូវភេទ។ ចំពោះអ្នកប្រព្រឹត្តបទល្មើសទាំងនេះ ត្រូវទទួលទោសទណ្ឌតាមនីតិវិធីច្បាប់ និងបទប្បញ្ញត្តិរបស់គណបក្សនយោបាយ។ នេះបើតាមប្រសាសន៍របស់នាយកមូលនិធិមិត្តនារី អ្នកស្រី Thanawadee។
សូមរំលឹកដែរថា សមាជិកសភានៃគណបក្សរបស់ថៃពីររូបពោលគឺ លោក Wuttiphong Thonglour និង លោក Chaiyamphawan Manpianjit ត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទកាលពីថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២៣៕
ប្រភព៖ Bangkok Post ចុះថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣
អត្ថបទ៖កញ្ញា សៃ ចន្ធី