en     km
en     km

អាមេរិក៖ រុស្ស៊ីនិងចិនចូលរួមក្នុងកិច្ចប្រជុំកំពូល APEC ខណៈបាតុករលើកឡើងពីបញ្ហានយោបាយក្នុងទីក្រុង

Share


មន្ត្រីជាន់ខ្ពស់របស់ APEC រាយការណ៍ឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកក្នុងសប្តាហ៍នេះ នឹងមានវត្តមានអ្នកតំណាងរបស់រុស្ស៊ីនិងចិន បើទោះបីជាម្ចាស់ផ្ទះសហរដ្ឋអាមេរិកនិងប្រទេសទាំងពីរពុំមានទំនាក់ទំនងការទូតល្អប្រសើរក្តី។ ដោយឡែក ប្រជាពលរដ្ឋនៅទីក្រុង San Francisco ប្រតិកម្មនឹងការរៀបចំកិច្ចប្រជុំ APEC ខណៈនាំគ្នាលើកបដាអំពាវនាវឱ្យមេដឹកនាំកំពូលទាំងអស់ដោះស្រាយសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស់។
(កញ្ញា កែវ សុជាតា រាយការណ៍)

 

លោក Matt Murray មន្ត្រីក្រសួងការបរទេសទទួលបន្ទុករៀបចំកិច្ចប្រជុំ APEC បានប្រាប់សារព័ត៌មាន AFP ថា រុស្ស៊ីនឹងចាត់តំណាងឱ្យមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅក្នុងសប្តាហ៍នេះ។ លោក Murray បញ្ជាក់ដែរថា តំណាងរូបនោះមិនមែនជាលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីនៃរុស្ស៊ីឡើយ ពោលគឺឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexei Overchuk នឹងមកជំនួសលោក ពូទីន ដើម្បីតំណាងរុស្ស៊ីចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។

ចំណែកប្រទេសចិនវិញ លោកប្រធានាធិបតី Xi Jinping នឹងអញ្ជើញចូលរួមជាអធិបតីភាពដោយផ្ទាល់ឈានដល់ការជួបសំណេះសំណាលជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងនោះដែរ សហរដ្ឋអាមេរិកបានបង្ហាញក្តីសង្ឃឹមចំពោះស្ថិរភាពទំនាក់ទំនងជាមួយប្រទេសចិន និងការស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

យ៉ាងណាមិញ លោក Murray មន្ត្រីក្រសួងការបរទេសទទួលបន្ទុករៀបចំកិច្ចប្រជុំ APEC អះអាងថា រុស្ស៊ីចាត់ទុកជាប្រធានគណៈប្រតិភូ និងមានឱកាសចូលរួមយ៉ាងពេញលេញនៅក្នុងព្រឹត្តិការណ៍នៃការប្រជុំមេដឹកនាំផ្នែកសេដ្ឋកិច្ចកំពូលទាំង២១តំណាង ដែលមកពី២១ប្រទេសផ្សេងៗគ្នា។ លោក Murray និយាយថា អាមេរិកតែងប្រកាសជាប់លាប់ថាខ្លួនចង់ក្លាយជាម្ចាស់ផ្ទះដ៏ល្អសម្រាប់កិច្ចប្រជុំ APEC លើកទី៣០ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី១៥-១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នៅទីក្រុង San Francisco នៃសហរដ្ឋអាមេរិក ខណៈមានលោក Joe Biden ជាប្រធាននៃកិច្ចប្រជុំនេះផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនិងរុស្ស៊ីប្រែជាល្អក់កករជាមួយគ្នាចាប់តាំងពីលោក ពូទីន ផ្គើននឹងការព្រមានរបស់សហរដ្ឋអាមេរិកនិងចាប់ផ្តើមការលុកលុយពេញលេញលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ហេតុការណ៍នេះបានជំរុញឱ្យសហរដ្ឋអាមេរិកចូលជួយអន្តរាគមន៍ដោយផ្តល់ជាជំនួយដល់អ៊ុយក្រែនរាប់ពាន់លានដុល្លារអាមេរិក។

ដោយឡែក ក្រុមអ្នកតវ៉ាប្រមូលផ្តុំគ្នានៅទីប្រជុំជននៃទីក្រុង San Francisco ដោយនាំគ្នាលើកបដា ប្រឆាំងនឹងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) និងអំពាវនាវឱ្យមានការផ្លាស់ប្តូរផ្នែកវិស័យសេដ្ឋកិច្ច និងបរិស្ថាននៅក្នុងទីក្រុង។ ជាពិសេស បាតុករផ្សេងទៀតប្រឆាំងទៅនឹងឧស្សាហកម្មប្រេង គាំទ្រសកម្មជនតវ៉ាលើសិទ្ធិការងារ និងសិទ្ធិជនអន្តោប្រវេសន៍។ ជាងនេះទៀត បាតុករមួយចំនួនទៀតបានលើកទង់ជាតិប៉ាឡេស្ទីនតវ៉ាទាមទារឱ្យមេដឹកនាំកំពូល APEC ដោះស្រាយបញ្ហាជាបន្ទាន់។

ករណីផ្ទុះការតវ៉ាពាសពេញដងវិថីនៃទីក្រុងនេះ ធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ មន្រ្តីប៉ូលិសអាមេរិកសង្កេតថា បាតុករទាំងនេះបម្រុងតវ៉ារហូតដល់ថ្ងៃបើកកិច្ចប្រជុំ APEC។ យោងតាមទិន្នន័យនៅឆ្នាំ២០២២ បានបង្ហាញថា ប្រជាជននៅទីក្រុង San Francisco ជាង ៣,០០០នាក់រស់នៅអនាថាតាមដងផ្លូវ ពីព្រោះគ្មានថវិកានិងផ្ទះសម្បែងសម្រាប់ជ្រកកោន៕

ប្រភព៖ CNA ចុះថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image