ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា យុទ្ធសាស្រ្តចក្រានៃវិស័យបរិស្ថានថ្មីឆ្នាំ២០២៣-២០២៨ ទទួលបានការវាយតម្លៃខ្ពស់ពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាខ្លាំង។ លោកបាននិយាយនៅក្នុងសន្នីសីទស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាឆ្នាំ២០២៣ ដែល រៀបចំឡើងនៅខេត្តសៀមរាបកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ស្របគ្នានឹងរាជរដ្ឋាភិបាលកម្ពុជាសម្រេចប្រកាសដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រចក្រានៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ ជាផ្លូវការនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ដោយឈរលើអាទិភាពចម្បងចំនួន ៣ ពោលគឺស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រឹតភាពកាបូន។ ការដាកចេញនូវយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍវិស័យបរិស្ថាននេះ អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ ឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ។
ជាងនេះទៀត ក្រសួងបរិស្ថានបានរៀបចំយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨នេះឡើង ក្នុងគោលបំណងតម្រង់ទិសនិងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាននិងសុក្រឹតកម្មក្នុងបរិស្ថានកិច្ច។ ក្រសួងបរិស្ថានបញ្ជាក់ទៀតថា យុទ្ធសាស្រ្តនេះអាចឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង ដែលសំដៅលើគោលដៅជាអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០។
គួរបញ្ជាក់ថា យុទ្ធសាស្រ្តចក្រានេះផ្តោតសំខាន់ទៅលើការយកចិត្តទុកដាក់ពីបញ្ហាបរិស្ថានឱ្យកាន់តែមានប្រសិទ្ឋភាព ដើម្បីជួយដល់ជីវភាពប្រជាជនឱ្យមានភាពល្អប្រសើរ និងការអភិវឌ្ឍដោយចីរភាពនៅក្នុងប្រទេស។ យុទ្ធសាស្រ្តនេះទៀតសោត ធ្វើឡើងដើម្បីឆ្ពោះទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សូមជម្រាបថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានរចនាឡើងជារូបរង្វង់ ដោយមានយុទ្ធសាស្រ្តស្នូល ផ្តោតលើមុំចំនួន៣ រួមមាន៖ ពង្រឹងគោលនយោបាយ កសាងរដ្ឋបាលឌីជីថល និងពង្រីកការផ្សព្វផ្សាយ ដែលមុំទាំងបីនេះ ជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញបង្វិលយុទ្ធសាស្រ្ត។ ចំណែកយុទ្ធសាស្រ្តបីផ្សេងទៀតដើម្បីធ្វើឱ្យសម្រេចបាន គឺមានយុទ្ធសាស្រ្តទី១ ភាពស្អាតដែលផ្តោតលើមុំគ្រប់គ្រងការបំពុល ធ្វើទំនើបកម្ម សមត្ថភាពវិនិច្ឆ័យការបំពុល និងលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ យុទ្ធសាស្រ្តទី២ ភាពបៃតង ផ្តោតលើមុំពង្រីកចលនាដាំដើមឈើ ជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ រីឯ យុទ្ធសាស្រ្តទី៣វិញគឺទាក់ទងនឹងចីរភាព ផ្តោតលើមុំធ្វើអនុលោមភាព ពង្រីកសហប្រតិបត្តិការ និងពង្រឹងការសម្របសម្រួល។
គួរឱ្យដឹងដែរថា ជាមួយនឹងយុទ្ធសាស្រ្តចក្រានេះ ក្រសួងបរិស្ថានបាននិងកំពុងរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដោយមានការចូលរួមពីសិស្សានុសិស្សជាង ២,៦ លាននាក់នៅទូទាំងប្រទេស។ យុទ្ធនាការនេះមិនត្រឹមតែមានការគាំទ្រ និងចូលរួមពីសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែក៏មានការគាំទ្រយ៉ាងពេញទំហឹងពីដៃគូអភិវឌ្ឍន៍ ម្ចាស់រោងចក្រ និងកាកបាទក្រហមកម្ពុជាព្រមទាំងដៃអភិវឌ្ឍន៍ផងដែរ៕