ស្ត្រីជនជាតិបង់ក្លាដែសម្នាក់ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីប៉ូលីសនៅទីក្រុង Dhaka បានបើកការបាញ់ប្រហារអំឡុងពេលកម្មករកាត់ដេរធ្វើបាតុកម្មតវ៉ាទាមទារតម្លើងប្រាក់ឈ្នួល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian។
អ្នកស្រី Anjuara Khatun អាយុ ២៦ឆ្នាំ និងជាអ្នកត្រួតពិនិត្យម៉ាស៊ីននៅក្នុងរោងចក្រ Islam Garments បានស្លាប់នៅក្នុងថ្លុកឈាម បន្ទាប់ពីគ្រាប់កាំភ្លើងមួយគ្រាប់បានបាញ់ចំក្បាលរបស់អ្នកស្រីនៅអំឡុងពេលធ្វើដំណើរចាកចេញពីរោងចក្រ។ ប្តីរបស់អ្នកស្រី Khatun និយាយថា អ្នកស្រីស្លាប់នៅក្នុងរថយន្តសង្គ្រោះបន្ទាន់ខណៈបញ្ចូនទៅមន្ទីពេទ្យ ព្រោះមានឈាមហូរចេញពីសរីរាង្គមិនឈប់ឈរ។
សូមរំឭកថា អ្នកស្រី Khatun មានកូនពីរ និងជាកម្មកកាត់ដេរទីបីហើយ ដែលត្រូវបានសម្លាប់ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ ខណៈមនុស្សរាប់រយនាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ អំឡុងពេលតតាំងជាមួយនិងប៉ូលីស។ ព្រឹត្តិការណ៍នេះ បានផ្ទុះឡើងនៅក្នុងមជ្ឈមណ្ឌលផលិតកម្មសំខាន់ៗក្នុងរដ្ឋធានី Dhaka រួមមាន Ashulia, Gazipur និង Savar។
គួរបញ្ជាក់ផងដែរថា ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរ បានដំណើរការនៅក្នុងប្រទេសបង់ក្លាដែសតាំងពីខែមេសា ឆ្នាំ២០២៣។ ប៉ុន្តែការតវ៉ាថ្មីៗបានផ្ទុះឡើងក្នុងសប្តាហ៍នេះ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសតម្លើងប្រាក់ឈ្នួលប្រចាំខែដល់ត្រឹមតែ ១២.៥០០តាកា (៩២ ផោន) ដែលកម្មករ និងក្រុមសិទ្ធិមនុស្សចាត់ទុកថាវាមិនគ្រប់គ្រាន់ ហើយបានតែពាក់កណ្តាលនៃការស្នើសុំរបស់កម្មករ។
កម្មករកាត់ដេរបង់ក្លាដែសបានប្រមូលផ្តុំគ្នាតវ៉ាទាមទារតម្លើងប្រាក់ឈ្នួលនៅ Mirpur នៃទីក្រុង Dhaka កាលពីថ្ងៃទី៣១ ខែតុលា។ ដំណឹងនៃការកែសម្រួលប្រាក់ឈ្នួលបានផ្ទុះឡើង ការតវ៉ានៅជុំវិញរាជធានីប្រែក្លាយជាអំពើហិង្សាកាន់តែខ្លាំងឡើង។ កម្មកររាប់ពាន់នាក់បានបិទផ្លូវធំមួយ នៅពេលប៉ូលីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងដែលផលិតពីជ័រកៅស៊ូដើម្បីបំបែកហ្វូងមនុស្ស។ រថយន្តក្រុងត្រូវបានដុតបំផ្លាញ ហើយអគារនានាត្រូវបានបំផ្លិចបំផ្លាញ ។
តំណាងសហជីពធអ្នកស្រី Nazma Akhter បាននិយាយថា យើងអំពាវនាវឱ្យនាយករដ្ឋមន្ត្រីចាប់វិធានការ និងបញ្ឈប់អំពើឃោរឃៅរបស់ប៉ូលីសទាំងនោះជាបន្ទាន់។ ប្រាក់ឈ្នួលថ្មីដែលស្នើឡើងនោះ គឺមិនអាចទទួលយកបានទេ យើងសូមបដិសេធវាហើយទាមទារឲ្យមានការកែប្រែវាឡើងវិញ។
អ្នកស្រី Akhter បានជំរុញឱ្យរដ្ឋាភិបាលបង់ក្លាដែសធានាថា ប្រាក់ឈ្នួលថ្មីផ្តល់មក និងបំពេញតម្រូវការរបស់កម្មករ និងក្រុមគ្រួសាររបស់ពួកគេ។ អ្នកស្រីបានបន្តថា Global fashion brands ក៏ត្រូវតែចេញមុខនិយាយដែរ។ តើការនិយាយអំពីការផ្តល់សិទ្ធិស្ត្រីរបស់ពួកគេមានប្រយោជន៍អ្វី បើស្ត្រីដែលធ្វើសំលៀកបំពាក់របស់ពួកគេត្រូវបានគេសម្លាប់នៅតាមផ្លូវ?
ប្រភព៖ The Guardian news ចុះនៅថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣