តាមប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមបានចុះផ្សាយថា ជនជាតិថៃសញ្ជាតិអ៊ីស្រាអែលតម្រូវឱ្យចុះឈ្មោះចូលបម្រើកងទ័ពអ៊ីស្រាអែលដើម្បីប្រយុទ្ធប្រឆាំងតទល់នឹងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា។ តែតាមជាក់ស្តែង មិនមានពលករថៃណាម្នាក់ត្រូវជ្រើសរើសធ្វើជាទ័ពបម្រុងសម្រាប់កងកម្លាំងអ៊ីស្រាអែលនោះទេ។ នេះបើយោងតាមក្រសួងការបរទេសថៃកាលពីថ្ងៃព្រហស្បត្តិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
(កញ្ញា សៃ ចន្ធី រាយការណ៍)
ក្រសួងការបរទេសថៃបើកបង្ហាញពីរបាយការណ៍ដែលគ្មានប្រភពច្បាស់លាស់ និងមានការផ្សព្វផ្សាយពាសពេញបណ្តាញសង្គម ដោយនិយាយថា កងទ័ពអ៊ីស្រាអែលជ្រើសរើសពលករថៃដែលបម្រើការនៅអ៊ីស្រាអែលឱ្យចូលធ្វើជាទាហានបម្រុង ដើម្បីប្រយុទ្ធជាមួយក្រុមហាម៉ាស ខណៈប្រទេសអ៊ីស្រាអែលកំពុងជួបភាពវឹកវរនិងវាយប្រហារគ្នាទៅវិញទៅមកពីសំណាក់ក្រុមទាំងពីរ។
ក្រសួងការបរទេសថៃឱ្យដឹងកាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ស្ត្រីជនជាតិថៃចំនួន ៥០០នាក់ បានរៀបការជាមួយបុរសជនជាតិអ៊ីស្រាអែល ហើយកូនរបស់ពួកគេមានសញ្ជាតិពីរពោលគឺថៃកាត់អ៊ីស្រាអែល។ ដោយឡែកស្ថានទូតថៃប្រចាំទីក្រុង Tel Aviv បានរាយការណ៍ថា ជនជាតិថៃកាត់អ៊ីស្រាអែលគឺជាសមាជិកនៃទ័ពបម្រុងរបស់កងទ័ពអ៊ីស្រាអែល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ។
ក៏ប៉ុន្តែក្រសួងបរទេសថៃអះអាងថា ព័ត៌មានដែលថាពលករថៃមានសញ្ជាតិទាំងថៃផងនិងអ៊ីស្រាអែលផងត្រូវជ្រើសរើសឱ្យធ្វើជាទ័ពបម្រុងរបស់ទាហានអ៊ីស្រាអែលនោះ មិនមានប្រភពច្បាស់លាស់នោះទេ។
គួរបញ្ចាក់ផងដែរថា តាមច្បាប់ពលរដ្ឋអ៊ីស្រាអែលទាំងអស់ត្រូវតម្រូវឱ្យចូលបម្រើក្នុងជួរយោធានៅអាយុ ១៨ឆ្នាំ ទាំងបុរសនិងស្ត្រី។ ទន្ទឹមនឹងនេះ បុរសត្រូវបម្រើការជាទាហានក្នុងរយៈពេល ៣២ខែ ខណៈស្ត្រីត្រូវបម្រើការរយៈពេល ២៤ខែ។ ជនទាំងនេះត្រូវត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាទ័ពបម្រុងនៅពេលដែលកងកម្លាំងយោធាអ៊ីស្រាអែលកោះហៅឱ្យចូលបំពេញកាតព្វកិច្ចនៅខណៈពេលណាមួយ
ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាសទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក កងកម្លាំងការពារអ៊ីស្រាអែលបានប្រមូលផ្តុំអ្នកបម្រុងច្រើនជាង ៣៥ម៉ឺននាក់ ឬប្រហែល ៤ភាគរយនៃចំនួនប្រជាជនរបស់ខ្លួន។
សូមរំលឹកដែរថា ជនជាតិថៃដែលមានសញ្ជាតិពីរគឺថៃកាត់អ៊ីស្រាអែល មិនមានពលករថៃណាម្នាក់ស្ថិតក្នុងចំណោមទាហានបម្រុងនៃជួរកងទ័ពអ៊ីស្រាអែលដូចការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងការអះអាងខាងលើនោះទេ៕
ប្រភព៖ Bangkok post ចុះថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣