en     km
en     km

ប្រមុខរដ្ឋមីយ៉ាន់ម៉ាចោទក្រុមប្រឆាំងថា ប្រើលុយកខ្វក់ពីការលក់គ្រឿងញៀនផ្គត់ផ្គង់លើទ័ពនិងសព្វាវុធ  

Share


ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចោទប្រកាន់ក្រុមប្រឆាំងនឹងរបបខ្លួនថា ប្រើប្រាស់លុយកខ្វក់ពីការជួញដូរគ្រឿងញៀនដើម្បីទិញប្រដាប់អាវុធទុកវាយប្រហារតបតនឹងកងកម្លាំងយោធារបស់រដ្ឋាភិបាល។
(កញ្ញា កែវ សុជាតា រាយការណ៍)

ប្រមុខយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយឯក Min Aung Hlaing ចោទប្រកាន់ថា កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) ដែលជាក្រុមប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ប្រើប្រាស់ប្រាក់ចំណេញពីការផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់ សម្រាប់ផ្គត់ផ្គង់ថវិកាប្រឆាំងតបតនិងបើកការវាយប្រហារទៅលើរដ្ឋាភិបាល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

លោកបានលើកឡើងពីបញ្ហានេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិកាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក Min Aung Hlaing និយាយថា កងទ័ព Arakan កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា និងកងទ័ពរំដោះជាតិ Ta’ang បានចងសម្ព័ន្ធមិត្តជាមួយគ្នានិងដណ្តើមបានភាគខាងជើងនៃរដ្ឋ Shan មីយ៉ាន់ម៉ាកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះដែរ លោកគូសបង្ហាញថា ការវាយលុករបស់សម្ព័ន្ធភាពទាំងបីនេះគឺជាការជួយដល់ការតស៊ូប្រដាប់អាវុធទូទាំងប្រទេសដែលដឹកនាំដោយកងកម្លាំងការពារប្រជាជនដែលប្រយុទ្ធប្រឆាំងនឹងយោធារបស់រដ្ឋាភិបាល។ ស្ថានការណ៍មានភាពស្មុគស្មាញទាំងនេះពុំត្រូវមានការអន្តគមន៍ពីមជ្ឃដ្ឋានណាឡើយ ដោយសារទាំងរដ្ឋាភិបាលយោធានិងក្រុមនៅក្នុងសម្ព័ន្ធភាពរក្សាទំនាក់ទំនងបានយ៉ាងល្អជាមួយចិន។

ក៏ប៉ុន្តែ កងទ័ពសម្ព័ន្ធប្រជាធិបតេយ្យ ជាតិ មីយ៉ាន់ម៉ាបាន បដិសេធ ជុំវិញការ ចោទ ប្រកាន់ របស់ ប្រមុខយោធាមីយ៉ាន់ម៉ាទៅលើលុយកខ្វក់ដែលបានពីការជួញដូរគ្រឿងញៀន។ លោក Lee Kyar Wai អ្នកនាំពាក្យរបស់ MNDAA បានច្រានចោលការចោទប្រកាន់ដោយអះអាងថា កងកម្លាំងរបស់ខ្លួនបានអនុវត្តវិធានការប្រឆាំងនឹងការដាំដុះ និងជួញដូរគ្រឿងញៀននៅក្នុងតំបន់កូកាងតាំងពីឆ្នាំ២០០៧មកម្ល៉េះ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា ការវាយលុកទៅលើយោធារដ្ឋាភិបាលមានគោលបំណងលុបបំបាត់របបផ្តាច់ការយោធាដែលជិះជាន់ប្រពលរដ្ឋ កសាងប្រទេសជាតិជាថ្មីផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសហព័ន្ធ និងប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេតដែលញាំញីប្រទេសមីយ៉ាន់ម៉ា ជាពិសេសនៅតាមច្រកព្រំដែនចិន-មីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា ការផលិត និងការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនៅតាមព្រំដែនរបស់ប្រទេសមីយ៉ាន់ម៉ា កើតមានជាយូរយារណាស់មកហើយ ដែលពាក់ព័ន្ធនឹងការដាំដុះអាភៀន ហេរ៉ូអ៊ីន និងថ្មីនេះៗលេចចេញនូ វសារធាតុមេតំហ្វេតាមីនផងដែរ។ មនុស្សជាច្រើនដាក់ការសង្ស័យទៅលើក្រុមជនជាតិភាគតិចថាជាអ្នកនៅពីក្រោយករណីនេះ ក៏ប៉ុន្តែពួកគេពុំមានភស្តុតាងច្បាស់លាស់ដើម្បីថ្កោលទោសឡើយ។

សូមជម្រាបដែរថា អ្នក ជំនាញ របស់អង្គការ សហ ប្រជាជាតិ មួយ ចំនួន បាន ហៅ ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាថាជា សង្រ្គាម ស៊ីវិលរាំរ៉ាំង បន្ទាប់ ពី កងកម្លាំងយោធារបស់លោក Min Aung Hlaing ធ្វើរដ្ឋប្រហារដណ្តើមអំណាចរបស់រដ្ឋាភិបាលជាប់ឆ្នោត លោកស្រី Aung San Suu Kyi តាំងពី ឆ្នាំ ២០២១ ៕

ប្រភព៖ CNA ចុះថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image