គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចជ្រើសយកលោក ទេព នីថា ជាអគ្គលេធិការ គ.ជ.ប ជាថ្មីម្ដងទៀត ទោះជាក្រុមសង្គមស៊ីវិលធ្វើការឃ្លាំមើលលើការបោះឆ្នោតបានសម្ដែងការព្រួយបារម្ភលើបញ្ហានេះនាពេលកន្លងមក៏ដោយ។ មន្ត្រីសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធការឃ្លាំមើលការបោះឆ្នោតយល់ថា ការជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងនេះ គឺគ្មានតម្លាភាពត្រឹមត្រូវ។
លោក ធូ វិរៈ ព័ត៌មានរាយការណ៍ព័ត៌មាននេះ៖
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃសុក្រនេះ បានសម្រេចជ្រើសរើសលោក ទេព នីថា ជាអគ្គលេខាធិការ គ.ជ.ប ដដែល ដោយត្រូវទទួលខុសត្រូវរួម និងទទួលបន្ទុកផ្ទាល់នាយកដ្ឋានហិរញ្ញវត្ថុ និងនាយកដ្ឋានរដ្ឋបាល។
ការសម្រេចរបស់ គ.ជ.ប នេះ ធ្វើឡើងបន្ទាប់ពីបើកកិច្ចប្រជុំពិភាក្សាជាមួយសមាជិក គ.ជ.ប ទាំង ៩ រូបអស់រយៈពេលមួយព្រឹក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ។
សូមជម្រាបថា ក្រៅពីលោក ទេព នីថា គ.ជ.ប ក៏បានជ្រើសតាំងអគ្គលេខាធិការរងទាំង ៤ រូបផងដែរ ក្នុងនោះមាន លោក ម៉ៅ សុភារិទ្ធ ទទួលបន្ទុកនាយកដ្ឋានប្រតិបត្តិការ និងនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត។ លោក សោម សូរីដា ទទួលបន្ទុកនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម។ លោក នី ចរិយា ទទួលបន្ទុកនាយកដ្ឋានសវនកម្មផ្ទៃក្នុង និង លោក ម៉ុក ដារ៉ា ទទួលបន្ទុកនាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត និងនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ។
ក្រោយបញ្ចប់កិច្ចប្រជុំជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងថ្មីនេះ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក មានប្រសាសន៍ក្នុងសន្និសីទកាសែតថា គ.ជ.ប សម្រេចជ្រើសរើស សមាភាពជាអគ្គលេខាធិការ និងអគ្គលេខាធិការរងធ្វើឡើងផ្អែកទៅតាមសមត្ថភាព មិនផ្អែកទៅតាមនិន្នាការនយោបាយ និងមនោសញ្ចេតនាឡើយ។ លោក ស៊ិក ប៊ុនហុក បន្តថា ការជ្រើសរើសអគ្គលេខាធិការថ្មី ឬ ចាស់មិនសំខាន់សម្រាប់ គ.ជ.ប ឡើយ តែអ្វីដែលសំខាន់នោះថាតើប្រព័ន្ធការងារ គ.ជ.ប អាចជឿទុកចិត្តបានឬទេ?
លោក ស៊ិក ប៊ុនហុក មានប្រសាសន៍ថា៖ «មិនថាអគ្គចាស់ ឬថ្មីទេ បើសមាជិក គ.ជ.ប ថ្មីទាំង ៩ មិនឯកភាពទៅលើការងាររបស់អគ្គចំណុចណាមួយ ការងារនោះគឺមិនអាចប្រព្រឹត្តទៅកើតទេ»។
ចំណែកលោក ហង្ស ពុទ្ធា ជាអ្នកនាំពាក្យ គ.ជ.ប និងជាបេក្ខភាពទី ៩ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនោះដែរ ដោយបានឱ្យដឹងថា ការសម្រេចរបស់ជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរង គឺយោងទៅលើការពិគ្រោះយោបល់ ផ្អែកទៅតាមច្បាប់តាមមាត្រា ៥៥ ដោយមានយល់ស្របដោយសំឡេងភាគច្រើនដាច់ខាត ៥០ បូក ១។ លោក បន្តថា
អគ្គលេខាធិការម្នាក់មិនអាចជិះសេះលែងដៃបាននោះទេ ព្រោះ គ.ជ.ប ទាំង ៩ រូប ជាអ្នកចង្អុលបង្ហាញរាល់ការងាររបស់អគ្គលេខាធិការ និងអគ្គលេខាធិការរង។
លោក ហង្ស ពុទ្ធា បាននិយាយថា៖ «ខ្ញុំអត់បានថាឆ្លើយខ្ញុំសម្រេច ឬមិនសម្រេចយ៉ាងណានោះទេ ប៉ុន្តែផ្អែកតាមការពិគ្រោះយោបល់ គឺយើងផ្អែកតាមច្បាប់ក្នុងមាត្រា ៥៥ ក្នុងនោះ គឺមានការពិគ្រោះយោបល់យល់ស្របលើសពី ៥០ ភាគរយ បូក ១ សំឡេងភាគច្រើនដាច់ខាត។ អញ្ចឹងក្នុងទិដ្ឋភាពបែបនេះ គឺ គ.ជ.ប បានសម្រេចជ្រើសរើស តាមសំណើរបស់ប្រធាន»។
ចំណែកអនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន បានឱ្យដឹងថា លោកឯកភាពទៅនឹងការជ្រើសរើសរបស់សមាជិក គ.ជ.ប ទាំងនេះ។ លោកបន្តថា គណៈម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) មានសិទ្ធិដកតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរងបានគ្រប់ពេល ក្នុងករណីមន្ត្រីទាំងនោះ មិនគោរពទៅតាមច្បាប់ សេចក្តីសម្រេច ឬបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។
លោកបន្ថែមថា មហាជនសូមកុំមតិយល់ច្រឡំការគ្រប់គ្រងក្នុងអគ្គលេខាធិការដ្ឋានរបស់ គ.ជ.ប ដឹកនាំដោយអគ្គលេខាធិការតែម្នាក់ឯងនោះ គឺមិនដូច្នេះឡើយ។
ជុំវិញបញ្ហានេះ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខមហ្វ្រែល យល់ថា ការជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងនេះ គឺគ្មានតម្លាភាពនោះឡើយ ។
លោក គល់ បញ្ញា មានប្រសាសន៍ថា៖ «ការជ្រើសរើសរបស់គ.ជ.ប វាអត់មានតម្លាភាព ។ អ្វីដែលយើងព្រួយបារម្ភ ព្រោះការជ្រើសរើសហ្នឹងជាសាធារណៈ គេសង្ឃឹមថាមានអគ្គលេខាធិការថ្មី។ មតិសាធារណៈជនគាត់យល់អញ្ចឹង។ ហើយការជ្រើសរើសគាត់យ៉ាងដូចម្ត៉េច គាត់ធ្វើម្ត៉េចយើងដឹងថាក្នុងសម្រាងបញ្ជី ៣ ហ្នឹង ពីរនាក់ទៀតមិនអាចធ្វើការកើត គ្រាន់តែអាន គ្រាន់មើល ស៊ីវី [ប្រវត្តិរូបសង្ខេប] គេហ្នឹង ហើយយើងផ្ទៀងផ្ទាត់ចោល»។
បើតាមប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឱ្យដឹងថា កាជ្រើសរើសតំណែងជាអគ្គលេខាធិការ និងអគ្គលេខាធិការរងនេះ មិនបានជ្រើសរើសដោយការបោះឆ្នោតជាសម្ងាត់ឡើយ ពោលគឺធ្វើឡើងដោយកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសមាជិក គ.ជ.ប ទាំង៩រូប ដោយសម្រេចបានសំឡេងភាគច្រើនដាច់ខាត់ចំនួន៥០ បូក ១។ ប៉ុន្តែមិនមានការបកស្រាយទេ នៅពេលដែលអ្នកសារព័ត៌មានសួរថា តើការប្រជុំនោះធ្វើយ៉ាងម៉េច ដើម្បីអាចរកសំឡេងបាន ៥០ ភាគរយ បូក ១ នោះ៕