កាលពីថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានការវាយប្រហារដ៏សាហាវមួយទៅលើអ្នកផ្សាយព័ត៌មានដោយបាញ់សម្លាប់ភ្លាមៗនៅពេលកំពុងផ្សាយផ្ទាល់នៅលើហ្វេសប៊ុក អំឡុងពេលមនុស្សជាច្រើនកំពុងមើលកម្មវិធីផ្សាយនេះ។
( កញ្ញា សៃ ចន្ធី រាយការណ៍)
អ្នកផ្សាយព័ត៌មាននៅវិទ្យុយុថ្កា(Anchor Radio) នៃភាគខាងត្បូងរបស់ប្រទេសហ្វីលីពីន លោក Juan Jumalon អាយុ ៥៧ ដែលគេស្គាល់ទូទៅតាមរយៈ ឈ្មោះហៅក្រៅគឺ DJ Johnny Walker ជាអ្នកផ្សាយព័ត៌មានក្នុងខេត្ត ត្រូវបានខ្មាន់កាំភ្លើងបន្លំខ្លួនចូលទៅក្នុងស្ថានីយ៍វិទ្យុ ហើយធ្វើការវាយប្រហារដ៏សាហាវមួយដោយបាញ់សម្លាប់ លោក Juan Jumalon នៅក្នុងស្ទូឌីយ៉ូភ្លាមៗ ខណៈពេលកំពុងផ្សាយផ្ទាល់នៅលើហ្វេសប៊ុក និងមានមនុស្សជាច្រើនកំពុងទស្សនាការផ្សាយនេះផងដែរ។
បើយោងតាមប៉ូលិសបាននិយាយថា បន្ទាប់ពីជនដៃដល់បាញ់ លោក Juan Jumalon ពីរដងក្នុងអំឡុងពេលផ្សាយផ្ទាល់ពេលព្រឹកនៅទីក្រុង Calamba ក្នុងខេត្ត Misamis Occidental រួចហើយ ជនដៃដល់បានឆក់យកខ្សែកមាសរបស់ជនរងគ្រោះមុនពេលជិះម៉ូតូគេចខ្លួន ជាមួយបក្ខពួកម្នាក់ទៀតដែលរង់ចាំនៅខាងក្រៅ។ ប៉ូលិសបានបញ្ចាក់ទៀតថា ការស៊ើបអង្កេតនេះកំពុងដំណើរការ ដើម្បីកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើង និងកំណត់ថាតើការវាយប្រហារនេះទាក់ទងនឹងការងារដែររឺទេ។
ដោយឡែក ប្រធានាធិបតីហ្វីលីពីន លោក Marcos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការវាយប្រហារលើអ្នកសារព័ត៌មាននឹងមិនត្រូវបានអត់ឱនឱ្យនៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់យើងទេ ហើយអ្នកដែលគំរាមកំហែងសេរីភាពសារព័ត៌មាននឹងប្រឈមមុខនឹងទោសទណ្ឌពេញលេញនៃសកម្មភាពរបស់ពួកគេ” ។
ទន្ទឹមនឹងនេះ ប្រធានាធិបតី លោក Ferdinand Marcos បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់ប្រហារនេះ ហើយថែមទាំងបាននិយាយថា លោកបានបញ្ជាឱ្យប៉ូលីសជាតិតាមដាន ចាប់ខ្លួន និងកាត់ទោសឃាតករដែលបានបាញ់សម្លាប់ លោក Juan Jumalon ឱ្យបានផងដែរ។
សូមបញ្ជាក់ថា វីដេអូនៃការវាយប្រហារនេះបង្ហាញថា Jumalon បានផ្អាកការអត្ថាធិបាយ ហើយកំពុងសម្លឹងមើលទៅលើអ្វីមួយដែលនៅឆ្ងាយពីកាមេរ៉ាមុនពេល ការបាញ់ប្រហារពីរគ្រាប់បានបន្លឺឡើង។ លោកដួលលើកៅអីវិញ ខណៈពេលដែលសម្លេងតន្ត្រីអមកម្មវិធីកំពុងបើក ប៉ុន្តែគាត់ត្រូវបានគេប្រកាសថាបានស្លាប់នៅតាមផ្លូវទៅមន្ទីរពេទ្យ។
ដោយឡែក អ្នកវាយប្រហារមិនត្រូវបានគេឃើញនៅលើការផ្សាយផ្ទាល់តាម Facebook ហើយប៉ូលីសបាននិយាយថា ពួកគេកំពុងពិនិត្យមើលថាតើកាមេរ៉ាសុវត្ថិភាពដែលបានដំឡើងនៅក្នុងផ្ទះ និងនៅផ្ទះរបស់អ្នកជិតខាងលោកអាចឱ្យពួកគេកត់សម្គាល់ជាភស្តុតាងបានដែររឺទេ ។
យ៉ាងណាមិញ សហភាពជាតិនៃអ្នកកាសែតហ្វីលីពីន ដែលជាអ្នកឃ្លាំមើលសេរីភាពសារព័ត៌មាន បាននិយាយថា Jumalon គឺជាអ្នកកាសែតទី ១៩៩ ដែលត្រូវបានសម្លាប់នៅក្នុងប្រទេសចាប់តាំងពីឆ្នាំ 1986 នៅពេលដែលលទ្ធិប្រជាធិបតេយ្យបានត្រលប់មកវិញ បន្ទាប់ពីការបះបោរដោយ “អំណាចប្រជាជន” ហើយបានផ្តួលរំលំមេដឹកនាំផ្តាច់ការ។
សូមជម្រាបថា នៅក្នុងឆ្នាំ ២០០៩ សមាជិកនៃត្រកូលនយោបាយដ៏មានឥទ្ធិពលមួយ និងសហការីរបស់ពួកគេត្រូវបានបាញ់សម្លាប់មនុស្សចំនួន ៥៨នាក់ រួមទាំងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយចំនួន ៣២ នាក់នៅក្នុងការវាយប្រហារមួយក្នុងខេត្ត Maguindanao ភាគខាងត្បូង។ នេះជាការវាយប្រហារដ៏សាហាវបំផុតលើអ្នកកាសែតក្នុងប្រវត្តិសាស្ត្រថ្មីៗ ខណៈពេលដែលមានការសម្លាប់យ៉ាងរង្គាល។
ក្រោយមកត្រូវបានផ្សារភ្ជាប់ទៅនឹងការប្រកួតប្រជែងការបោះឆ្នោត ដោយជាទូទៅនៅតាមតំបន់ជនបទជាច្រើន ក៏បានបង្ហាញពីការគំរាមកំហែងដែលអ្នកសារព័ត៌មានត្រូវប្រឈមមុខ នៅក្នុងប្រទេសហ្វីលីពីនផងដែរ។ ការក្លែងបន្លំកាំភ្លើងដែលគ្មានអាជ្ញាប័ណ្ណ និងកងទ័ពឯកជនដែលគ្រប់គ្រងដោយត្រកូលអ្នកមានអំណាច និងការអនុវត្តច្បាប់ខ្សោយនៅក្នុងតំបន់ប្រទេស គឺជាកង្វល់ផ្នែកសន្តិសុខដែលអ្នកសារព័ត៌មានប្រឈមមុខនៅក្នុងប្រទេសក្រីក្រ៕
ប្រភព៖ The Guardian ចុះថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣