en     km
en     km

UN៖ ហ្គាហ្សាក្លាយជាកន្លែងបញ្ចុះសពកុមារ ដែលអ្នកស្លាប់កើនដល់មួយម៉ឺននាក់

Share

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ព្រមានចំៗថា តំបន់ហ្គាហ្សាស្ទ្រីបកំពុងក្លាយជាទីបញ្ចុះសពរបស់កុមារ ដែលលោកបន្តអំពាវនាវម្តងហើយម្តងទៀតឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីឱ្យជំនួយមនុស្សធម៌មានឱកាសទៅផ្គត់ផ្គង់តម្រូវរបស់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់នេះ។នេះបើយោងតាមសារព័ត៌មាន The Guardian ចុះផ្សាយនៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការអត្ថាធិប្បាយនេះធ្វើឡើងកាលពីថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សាបង្ហាញទិន្នន័យថា ចំនួនអ្នកស្លាប់ឥឡូវនេះមានលើសពីមួយម៉ឺននាក់(១០,០០០នាក់)ហើយ។ លោក Guterres បញ្ជាក់ថា កងកម្លាំងអ៊ីស្រាអែលបើកការវាយប្រហារនិងទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ទៅលើជនស៊ីវិល មន្ទីរពេទ្យ ជំរុំជនភៀសខ្លួន វិហារអ៊ីស្លាម ព្រះវិហារ ផ្ទះសម្បែងរបស់ប្រជាជន ផ្លូវថ្នល់ និងទីស្នាក់ការរបស់អង្គការសហប្រជាជាតិផងដែរ។

អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ សម្តែងក្តីបារម្ភចំពោះហេតុការណ៍វាយប្រហារគ្នាររវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ដែលបង្កជាផលប៉ះពាល់ដល់ជីវិតមនុស្ស។ ជាពិសេស ប្រជាជនប៉ាឡេស្ទីនដែលរស់ក្នុងតំបន់ហ្គាហ្សាមិនមានកំហុកអ្វីឡើយ ក្នុងនោះមានទាំងក្មេងស្រីនិងក្មេងប្រុសរាប់រយនាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ឬរងរបួសជារៀងរាល់ថ្ងៃ។

ក្រោមហេតុផលនេះ លោកប្រាប់អ្នកយកព័ត៌មានថា អង្គការសហប្រជាជាតិត្រូវតែធ្វើសកម្មភាព ដើម្បីស្វែងរកវិធីសាស្រ្តគេចចេញពីការបំផ្លិចបំផ្លាញដ៏ឃោរឃៅ អាក្រក់ និងគួរឱ្យសោកសៅនេះ។ លោក Guterres បន្តទៀតថា អ៊ីស្រាអែលកំពុងបំពានលើច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងច្បាស់ក្រឡែត។

សូមរំលឹកថា អ៊ីស្រាអែលបានប្តេជ្ញាកម្ចាត់ក្រុមហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបចេញឱ្យអស់ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារ សម្លាប់មនុស្ស ១,៤០០នាក់ និងចាប់ចំណាប់ខ្មាំងជាង ២៤០នាក់ក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

ប្រភព៖ The Guardian ចុះថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image