en     km
en     km

ចិនជំរុញឱ្យមីយ៉ាន់ម៉ាសហការលើការរក្សាស្ថិរភាពនៅតាមព្រំដែន

Share


មន្ត្រីចិននិយាយនៅថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា មីយ៉ាន់ម៉ាគួរតែសហការជាមួយចិនដើម្បីរក្សាស្ថិរភាពនៅតាមច្រកព្រំដែនរួម បន្ទាប់ពីមីយ៉ាន់ម៉ាកំពុងមានវិវាទផ្ទៃក្នុងរវាងកងកម្លាំងយោធានិងក្រុមប្រឆាំងនៅតាមតំបន់។
(កញ្ញា ងិន ស៊ាងលីម រាយការណ៍)
………………

យោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍កាលពីសប្តាហ៍មុនថា ខ្លួនកំពុងព្យាយាមស្តារសណ្តាប់ធ្នាប់នៅជិតព្រំដែនសាជាថ្មី បន្ទាប់ពីកងទ័ពកុលសម្ព័ន្ធ ឬជនជាតិភាគតិចដែលរស់នៅមីយ៉ាន់ម៉ាព្យាយាមវាយប្រហារ ទាមទារសិទ្ធិសេរីភាពរបស់ខ្លួនជាបន្តបន្ទាប់ទៅលើយោធាកាន់អំណាចនៅមីយ៉ាន់ម៉ា។

ទន្ទឹមនឹងនេះ ជំនួយការរដ្ឋមន្ត្រីការបរទេសចិន លោក នង រ៉ុង បានបញ្ជាក់ថា ចិនអំពាវនាវឱ្យប្រទេសមីយ៉ាន់ម៉ា សហការគ្នាជាមួយខ្លួន ដើម្បីរក្សាស្ថិរភាពនៅតាមព្រំដែនចិន-មីយ៉ាន់ម៉ា។ លោកបន្តទៀតថា ការអំពាវនាវពីភាគីចិនធ្វើឡើងក្នុងការធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់អ្នករស់នៅតាមព្រំដែនចិន-មីយ៉ាន់ម៉ា ពិសេសចាត់វិធានការយ៉ាងតឹងតែងដើម្បីពង្រឹងសន្តិសុខរបស់ប្រជាជនចិន។

យ៉ាងណាមិញ គេហទំព័រព័ត៌មាន Asia Times បានឱ្យដឹងថា ពលរដ្ឋចិនម្នាក់បានស្លាប់ និងច្រើននាក់ទៀតរងរបួសកាលពីថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពេលដែលគ្រាប់ផ្លោងមួយគ្រាប់បានបាញ់ទៅលើព្រំដែនចិនដោយអចេតនា។

ដោយឡែក ជំនួយការរដ្ឋមន្ត្រីការបរទេសចិនរូបនេះ បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីថ្ងៃទី៣-៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងនោះ លោកសង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ានឹងស្ដារឡើងវិញនូវស្ថិរភាព ហើយចិននឹងគាំទ្រភាគីទាំងឡាយនៅក្នុងជម្លោះដើម្បីដោះស្រាយការខ្វែងគំនិតគ្នា និងដំណោះស្រាយសម្រាប់ផ្សះផ្សារវិវាទនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

សូមជម្រាបថា ក្រសួងការបរទេសចិនបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ខណៈប្រទេសថៃក៏កំពុងព្យាយាមបញ្ជូនប្រជាជនខ្លួនដែលកំពុងរស់នៅមីយ៉ាន់ម៉ាចំនួនប្រមាណជា ១៦២នាក់ វិលមកមាតុប្រទេសវិញ។ អ្នកនាំពាក្យចិន លោក Wang Wenbin បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ចិនកំពុងជំរុញឱ្យភាគីទាំងសងខាងបញ្ឈប់ការវាយប្រហារគ្នាភ្លាមៗ និងដោះស្រាយបញ្ហាការខ្វែងគំនិតគ្នាដោយសន្តិវិធីតាមរយៈការចរចា ការពិគ្រោះយោបល់ និងបញ្ជៀសកុំឱ្យមានជម្លោះកាន់តែខ្លាំងឡើង។

គួរបញ្ជាក់ដែរថា ក្រុមប៉ះបោរដែលគាំទ្រលទ្ធិប្រជាធិបតេយ្យមាននៅក្នុងតំបន់មួយចំនួននៃមីយ៉ាន់ម៉ាបានចាប់ផ្តើមសហការជាមួយក្រុមទ័ពកុលសម្ព័ន្ធ ឬជនជាតិភាគតិច ក្រោយធ្វើយុទ្ធនាការអស់ជាច្រើនទសវត្សរ៍មកហើយ ដើម្បីប្រយុទ្ធប្រឆាំងនិងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា៕

ប្រភព៖ CNA ចុះថ្ងៃច័ន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image