កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុដោយផ្អែកតាមផែនការយុទ្ធសាស្រ្ត និងការប្តេជ្ញាចិត្តរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ដើម្បីសម្រេចបាន រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ថ្វីបើប្រទេសកម្ពុជាមិនបានចូលរួមបង្កឱ្យមានការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរក្តី ក៏ប៉ុន្តែកម្ពុជាប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថានចុះផ្សាយនៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
រដ្ឋមន្រ្តីបរិស្ថានរូបនេះបានលើកឡើងបញ្ហាការប្រែប្រួលអាកាសធាតុនេះនៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣ (CCCS23) ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាបនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកបញ្ជាក់ទៀតថា កម្ពុជាកំពុងដាក់ចេញនូវប្រតិបត្តិការដោះស្រាយបញ្ហាអាកាសធាតុជាបន្តបន្ទាប់ទាំងនៅក្នុងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ តាមរយៈការដាក់ចេញផែនការយុទ្ធសាស្រ្តជាហូរហែក្រោមរបាយការណ៍ធ្វើបច្ចុប្បន្នភាពនៃការចូលរួមរបស់ជាតិ ក្រមបរិស្ថាន និងធនធានធម្មជាតិ។
លោក អ៊ាង សុផល្លែត អះអាងដែរថា នឹងធ្វើយ៉ាងណាឱ្យស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មុំទី៤ ដែលផ្តោតលើការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។ផែនការដែលដាក់ចេញទាំងនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗ និងភាពមិនប្រាកដប្រជានៃសកលភាវូបនីយកម្ម និរន្តរភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
គួរបញ្ជក់ដែរថា គោលបំណងសំខាន់នៃកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣ នេះគឺដើម្បីប្រមូលផ្តុំអ្នកពាក់ព័ន្ធ ជាពិសសអ្នកជំនាញផ្នែកអាកាសធាតុសម្រាប់ពិភាក្សារួមគ្នា និងស្វែងរកដំណោះស្រាយសមស្របជាមួយគ្នា។ ជាងនេះទៀត កិច្ចប្រជុំនេះធ្វើឡើងក៏ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបដែរថា កម្ពុជាជាប្រទេសងាយរងគ្រោះខ្ពស់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលចាត់ថ្នាក់ថាជាប្រទេសមួយក្នុងចំណោមប្រទេសងាយរងគ្រោះខ្ពស់ទាំង១២លើសាកលលោក។ ប្រទេសកម្ពុជាប្រឈមនឹងគ្រោះមហន្តរាយញឹកញាប់ដូចជាគ្រោះរាំងស្ងួងឆ្នាំ២០០២ គ្រោះទឹកជំនន់ធ្ងន់ធ្ងរឆ្នាំ២០១៣ និងបាតុភូតរលកកម្តៅឆ្នាំ២០១៦ ដែលប៉ះពាល់ដល់ជីវិតមនុស្ស សត្វ រុក្ខជាតិ និងកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសជាខ្លាំង។ នេះបើយោងតាមក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព៕