ប្រទេសចិននិងសហរដ្ឋមេរិកនឹងបើកការពិភាក្សាពីការប្រើប្រាស់ និងគ្រប់គ្រងសព្វាវុធនុយក្លេអ៊ែជាលើកដំបូងបង្អស់នៅក្នុងសប្តាហ៍ក្រោយ ខណៈប្រទេសមហាអំណាចទាំងពីរតែងមានវិវាទជាមួយគ្នា។
(កញ្ញា ងិន ស៊ាងលីម រាយការណ៍)
ក្រសួងការបរទេសចិនបានរាយការណ៍ថា ប្រទេសចិននិងសហរដ្ឋមេរិកនឹងមានជំនួបពិភាក្សាគ្នាទាក់ទិននឹងការគ្រប់គ្រងចំនួនអាវុធនុយក្លេអ៊ែរនៅថ្ងៃច័ន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ ក្រសួងបញ្ជាក់ទៀតថា ប្រទេសទាំងពីរនឹងរៀបចំការពិគ្រោះយោបល់គ្នាស្តីពីការគ្រប់គ្រងអាវុធ និងទប់ស្កាត់ការជួញដូរអាវុធ ក៏ដូចជាការពិភាក្សាដាច់ដោយឡែកពីគ្នាអំពីកិច្ចការដែនសមុទ្រ និងបញ្ហាផ្សេងៗទៀត។
យោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិកបានបង្ហាញថា ប្រទេសចិនកំពុងពង្រីកឃ្លាំងស្តុកអាវុធនុយក្លេអ៊ែរលឿនជាងការព្យាករណ៍របស់អ្នកជំនាញ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា ប្រធានាធិបតីចិននិងប្រធានាធិបតីសហរដ្ឋអាមេរិកធ្លាប់បានព្រមព្រៀងគ្នាលើសេចក្តីព្រាងច្បាប់នៃការផលិតនិងគ្រប់គ្រងអាវុធនុយក្លេអ៊ែរកាលពីឆ្នាំ២០២១។
ក៏ប៉ុន្តែមន្រ្តីសហរដ្ឋអាមេរិកបានអះអាងដែរថា ការពិភាក្សារវាងប្រទេសទាំងពីរនេះមិនស្រដៀងនឹងការពិភាក្សានៃការបន្ថយចំនួនសព្វាវុធជាផ្លូវការរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីនោះទេ។
គួរបញ្ជាក់ថា មន្ទីរបញ្ចកោណបាននិយាយកាលពីខែតុលា ឆ្នាំ២០២៣ថា ប្រទេសចិនមានគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការច្រើន ជាង៥០០គ្រាប់នៅក្នុងឃ្លាំងស្តុកអាវុធ ហើយត្រូវគេប៉ាន់ប្រមាណថាចិនអាចមានរហូតទៅដល់ ១ពាន់គ្រាប់ក្នុងឆ្នាំ២០៣០។ ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិករួមគ្នាមានអាវុធនុយក្លេអ៊ែរជិត ៩០% នៃចំនួននៅទូទាំងពិភពលោកទាំងអស់។ ក្នុងនោះ អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកមានស្តុកនៅក្នុងឃ្លាំងសរុបប្រមាណជាង ៣,៧០០គ្រាប់។
សូមជម្រាបថា ទំនាក់ទំនងការទូតរវាងចិន និងសហរដ្ឋអាមេរិកក្នុងប៉ុន្មានខែថ្មីៗនេះមានភាពតានតឹងជាខ្លាំង។ កាលពីខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់យន្តហោះស៊ើបការណ៍ចិន៕
ប្រភព៖ The Guardian ចុះថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣