កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ទង់ជាតិរបស់ប្រទេសចិននៅទូទាំងប្រទេសទាំងអស់បានបង្ហូតឡើងត្រឹមពាក់កណ្តាល ខណៈប្រទេសនេះកំពុងរៀបចំពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រី លោក លី ខឺឈាង។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
សាកសពអតីតនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង ត្រូវបានបញ្ជូនពីទីក្រុងសៀងហៃដែលជាកន្លែងលោកបានចែកឋានបន្ទាប់ពីជំងឺគាំងបេះដូងធ្វើទុកភ្លាមដោយពុំអាចជួយសង្គ្រោះ ទៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដើម្បីរៀបចំពិធីបុណ្យសពតាមប្រពៃណី។
ទន្ទឹមគ្នានេះដែរ ការស្លាប់ភ្លាមៗរបស់លោក Li Keqiang នេះបានធ្វើឱ្យប្រជាជនចិននៅទូទាំងប្រទេសសម្តែងការសោកស្តាយនិងកើតទុក្ខជាខ្លាំង បន្ទាប់ពីបាត់បង់អ្នកគ្រប់គ្រងដ៏ឆ្នើមមួយរូប។ ស្រ្តីវ័យកណ្តាលម្នាក់បានប្រាប់សារព័ត៌មាន BBC ថា លោក លី ជាអ្នកដឹកនាំដ៏អស្ចារ្យមួយរូប ហើយអ្នកស្រីពិតជាសោកសៅណាស់ដែលបាត់បង់លោក។
គួរបញ្ជាក់ថា អតីតនាយករដ្ធមន្ត្រីចិន លោក លី ខឺឈាង ដែលមានអាយុ ៦៨ឆ្នាំ ធ្លាប់ត្រូវបានគេសន្មតថាជាមេដឹកនាំនាពេលអនាគតរបស់ប្រទេសចិន។ ក៏ប៉ុន្តែ លោក Xi Jinping ប្រធានាធិបតីចិនបច្ចុប្បន្នបដិសេធភ្លាមៗថា ការលើកឡើងនេះមិនមានភស្តុតាងនិងមូលដ្ឋានច្បាស់លាស់នោះទេ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xin hua បានចុះផ្សាយកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។
សូមជម្រាបថា លោក Li Keqiang បានកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសចិនអស់រយៈពេលមួយទសវត្សរ៍រហូតដល់ខែមីនា ឆ្នាំ២០២៣។ លោក Li Keqiang ត្រូវបានគេស្គាល់ច្រើនជាងគេនៅក្រៅប្រទេសចិនសម្រាប់សន្ទស្សន៍ Li Keqiang ដែលជាពាក្យបង្កើតដោយ The Economist ដើម្បីវាស់ស្ទង់កំណើនសេដ្ឋកិច្ចពិតប្រាកដរបស់ប្រទេសចិន។ លោក Li Keqiang បានពណ៌នាអំពីតួលេខផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថា បង្កើតឡើងដោយមនុស្សនៅក្នុងកិច្ចប្រជុំឯកជនជាមួយមន្ត្រីសហរដ្ឋអាមេរិក៕
ប្រភព៖ BBC ចុះថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣