en     km
en     km

រកឃើញនគរបាលព្រៃវែង១១នាក់សេពគ្រឿងញៀន ស្របពេលក្រសួងមហាផ្ទៃប្រកាសវិន័យតឹងរឹង អាចបណ្ដេញចេញពីក្របខណ្ឌ

Share

ក្រោយពេលបើកយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុញៀនលើមន្ដ្រីនគរបាល ពីស្នងការនគរបាលខេត្តព្រៃវែង ខេត្តនេះបានរកឃើញមន្ដ្រីនគរបាលរបស់ខ្លួនចំនួន១១នាក់ បានសេពគ្រឿងញៀន និងបញ្ជូនទៅកាន់មន្ទីរស្ដានីតិសម្បទានៅខេត្តកណ្ដាល។ យ៉ាងណា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃថា ករណីរកឃើញនគរបាលរូបណាជាប់ទាក់ទិននឹងបទល្មើសគ្រឿងញៀននឹងអនុវត្តវិន័យតឹងរឹងបំផុត ដោយអាចបណ្ដេញចេញពីក្របខណ្ឌ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

យោងតាមសេចក្ដីប្រកាសព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញ​ បានរកឃើញមន្ដ្រីនគរបាលខេត្តរបស់ខ្លួនចំនួន១១ នាក់ ប្រើប្រាស់គ្រឿងញៀន។ ក្នុងនោះស្នងការដ្ឋានបានបញ្ជូនមន្ដ្រីទាំង១១ នាក់ ទៅកាន់មណ្ឌលស្ដានីតិសម្បទា ព្យាបាលបន្សាបអ្នកញៀន គ្រឿងញៀនក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

មន្ដ្រីនគរបាលខេត្តព្រៃវែងគោរពទង់ជាតិ

ចំណែករូបភាពនៃការអនុវត្តវិន័យ ស្នងការបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តនឹងអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត តាមគោលការណ៍សម្រេចពីថ្នាក់ដឹកនាំនាពេលក្រោយ។ តែបើតាមលោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងពីម្សិលមិញនៅក្នុងកម្មវិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មេបញ្ជាការ វរអធិការក្រុង ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងថា ករណីរកឃើញនគរបាលរូបណាជាប់ទាក់ទិននឹងបទល្មើសគ្រឿងញៀន ក្រសួងនឹងអនុវត្តវិន័យតឹងរឹងបំផុត ដោយអាចបណ្ដេញចេញពីក្របខណ្ឌជាដើម។

យ៉ាងណា កាលពីថ្ងៃទី១៩ ខែតុលា លោក ស សុខា បានប្ដេជា្ញចិត្តកម្ចាត់គ្រឿងញៀននៅក្នុងអាណត្តិទី៧នេះ ឱ្យបានចន្លោះពី២០%ទៅ៣០%។ លោកចាត់ទុកបញ្ហាគ្រឿងញៀននេះ គឺជា “មេគ្រោះ”មួយដែលត្រូវការកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីឈានទៅប្រយុទ្ធប្រឆាំងនឹងវា។

មន្ដ្រីនគរបាលខេត្តព្រៃវែងគោរពទង់ជាតិ

ចំណែកកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ក្រសួងមហាផ្ទៃ បានចេញការណែនាំមួយ ដោយឱ្យ ធ្វើការបង្ក្រាបបញ្ហាគ្រឿងញៀននៅតាមពន្ធធនាគារ តាមរយៈការពិនិត្យទឹកនោម រកសារធាតុញៀនលើមន្ដ្រីពន្ធធនាគារ និងអ្នកជាប់ឃុំដែលសង្ស័យថាប្រើប្រាស់គ្រឿងញៀន។

ករណីរកឃើញថាមន្ដ្រីណាគេចវេសមិនព្រមធ្វើតេស្ដ ឬរកឃើញថាមានសាធាតុញៀន ក្រសួងមហាផ្ទៃបានឱ្យអគ្គនាយកដ្ឋានពន្ធធនាគារសុំការសុំអន្តរាគមន៍ពីក្រសួង ដើម្បីចាត់វិធានការរដ្ឋបាល និងវិធានការផ្លូវច្បាប់ជាធរមានលើមន្ដ្រីនោះ។ នេះបើផ្អែកតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ។

​សង្គមស៊ីវិលធ្លាប់បានលើកឡើងថា មានករណីការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមពន្ធធនាគារ។ ចំពោះចំណាត់ការពីក្រសួងមហាផ្ទៃបែបនេះ លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បានសារទរថាជារឿងល្អមួយក្នុងការបង្រា្កបបញ្ហាគ្រឿងញៀន។

គួរជម្រាបថា មុនបញ្ជូនខ្លួនមន្ដ្រីនគរបាលខេត្តព្រៃវែងពាក់ព័ន្ធបញ្ហាគ្រឿងញៀននេះ កាលពីថ្ងៃទី២៦ ខែតុលា ក៏មានករណីចាប់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺម្នាក់ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួចម្នាក់ រួមទាំងអាវុធហត្ថផ្សេងទៀត សរុបចំនួន៩នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុផងដែរ ក្រោយរកឃើញពាក់ព័ន្ធករណីទទួលផលបទល្មើសគ្រឿងញៀន។

លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកំណត់លើបុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនថា ត្រូវតែអនុវត្តតាមច្បាប់ បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោកថា “ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។

ទន្ទឹមគ្នានេះដែរ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហអាទិភាពទី៤ដែលត្រូវដោះស្រាយ​ក្នុងអាណត្តិទី៧នេះ៕

Share

Image
Image
Image