កុមារនៅក្នុងសហគមន៍បណ្ដែតទឹកនាដងទន្លេសាប បានកំពុងប្រឆាំងការបំពុលទឹកដោយបញ្ហាសម្រាមប្លាស្ទិកអណ្ដែត បង្កផលប៉ះពាល់សុខភាពពួកគេ។ យ៉ាងណាចំពោះបញ្ហានេះ ត្រូវបានអង្គការ Save the Children អនុវត្តគម្រោងឈ្មោះថា BioBars ដើម្បីបញ្ឈប់សម្រាមកើតឡើងទៀត។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍
កុមាររស់នៅក្នុងសហគមន៍បណ្តែតទឹកលើបឹងទន្លេសាប ភាគពាយព្យនៃប្រទេសកម្ពុជា កំពុងតស៊ូ ដើម្បីបញ្ចប់ការបំពុល និងកាកសំណល់ប្លាស្ទិក តាមរយៈគម្រោង BioBars ច្នៃប្រឌិតរបស់ Save the Children ។ នេះបើតាម Save the Children ដែលចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ការបំពុល គឺជាបញ្ហាធំមួយនៅក្នុងប្រទេសកម្ពុជា ដោយសារតែកម្រិតនៃការប្រើប្រាស់ផ្លាស្ទិកខ្លាំង គួបផ្សំនឹងកង្វះកន្លែងកែច្នៃឡើងវិញ និងការគ្រប់គ្រងកាកសំណល់មិនបានល្អ ធ្វើឱ្យប្លាស្ទិកភាគច្រើនបានធ្លាក់ចូលក្នុងផ្លូវទឹក។ ប៉ុន្តែ អង្គការ Save the Childrenថា Biobars ត្រូវបានរចនាឡើងដើម្បីបញ្ឈប់សម្រាមពីការកើតឡើងទៀត។
ក្នុងសហគមន៍បណ្ដែតទឹកលើផ្ទៃបឹងទន្លេសាប មានប្រជាជនប្រហែល១.២លាននាក់។ កន្លែងគ្រប់គ្រងសំរាមនៅមានកម្រិត ប្រជាពលរដ្ឋបោះសំរាមចូលបឹងដែលជាហេតុនាំឱ្យមានការ បំពុលទឹក បាត់បង់ស្តុកត្រី និងប៉ះពាល់ដល់ចំណូលគ្រួសារ។
Save the Children បានសម្ភាសន៍កុមារីម្នាក់ឈ្មោះថា កញ្ញា អាយុ១១ ឆ្នាំ ដែលរស់នៅជាមួយគ្រួសាររស់នៅបឹងទន្លេសាប។ នាងបាននិយាយថា សហគមន៍របស់នាងមានសំរាមច្រើន ហើយវាបន្ដកើនឡើងកាន់តែច្រើនឡើង និងគ្មានភ្ញៀវទេសចរមកលេងទេ។ ទន្ទឹមគ្នាការនេសាទរបស់ឪពុកម្តាយខ្ញុំក៏ធ្លាក់ចុះដែរ។
ចំណែក អ្នកគ្រូ ចន្ធូ ជាគ្រូបង្រៀននៅសាលាបណ្តែតទឹកក្នុងបឹងទន្លេសាប បានកត់សម្គាល់ពីផលប៉ះពាល់នៃការបំពុលដល់សុខភាពកុមារ។ អ្នកគ្រូបាននិយាយថា កុមារមិនអាចមកសាលាបានទៀងទាត់ទេ ដោយសារពួកគេធ្លាក់ខ្លួនឈឺ និងក្តៅខ្លួន។ ទឹកមានផ្ទុកមេរោគដែលអាចបណ្តាលឱ្យរលាកស្បែក។
គម្រោង BioBars ច្នៃប្រឌិតថ្មីរបស់ Save the Children ផ្តល់នូវដំណោះស្រាយសន្សំសំចៃ និងបរិស្ថាន។ សិស្សសាលាត្រូវបានបង្រៀនពីរបៀបបង្កើត biobars ដោយប្រើច្នៃចេញពីសំណាញ់នេសាទចាស់ៗ និងដបទឹក។ ចំណែកគ្រូបង្រៀន និងមនុស្សពេញវ័យនៅក្នុងសហគមន៍មូលដ្ឋាន បានយក biobars ដាក់នៅជុំវិញបឹងដើម្បីការពារកាកសំណល់មិនឱ្យចូលទៅក្នុងសហគមន៍។ អ្នកប្រមូលសំរាមក្នុងតំបន់ជាអ្នកយកសំរាមចេញ។ នេះបើតាមការឱ្យដឹងពី Save the Children ដដែល។
កុមារីម្នាក់ ទៀតឈ្មោះ រតនា អាយុ១៣ឆ្នាំ បានចូលរួមក្នុងគម្រោង BioBar កាលពីឆ្នាំមុន។ បាននិយាយថា គម្រោង Biobars មានសារៈសំខាន់ខ្លាំងណាស់ចំពោះបរិស្ថាន។ មានសំរាមច្រើន ប៉ុន្តែឆ្នាំនេះមានការថយចុះខ្លះ។
លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការ Save the Children Cambodia បានលើកឡើងថា កុមារដែលរស់នៅលើបឹងទន្លេសាប ងាយរងគ្រោះរួចទៅហើយទៅនឹងការប្រែប្រួលអាកាសធាតុដែលចេះតែកើនឡើង ដូចជាទឹកជំនន់ជាដើម។ រឿងអយុត្តិធម៌ណាស់ដែលពួកគេត្រូវរស់នៅក្នុងចំណោមកាកសំណល់ដែលកំពុងកើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេយ៉ាងខ្លាំង។ លោក អះអាងថា វាពិតជាអស្ចារ្យដែលឃើញក្មេងៗក្រោកឈរឡើងដើម្បីខ្លួនគេ និងបរិស្ថានរបស់ពួកគេ តាមរយៈការលើកទឹកចិត្តមនុស្សឱ្យឈប់បំពុលបឹង។
គួរជម្រាបថា ផ្លាស្ទិចអណ្តែតគឺជាបញ្ហាសកល។ មានតែ 9% នៃផ្លាស្ទិចប៉ុណ្ណោះ ដែលត្រូវបានកែច្នៃឡើងវិញបានត្រឹមត្រូវនៅទូទាំងពិភពលោក។ Save the Children ថា BioBars ជាផ្នែកមួយនៃដំណោះស្រាយសកល។ គម្រោងនេះបង្កើតឡើងពីភាពជោគជ័យនៃគម្រោង ‘biobar’ ស្រដៀងគ្នា ដែលអនុវត្តដោយ Save the Children នៅអាមេរិកកណ្តាល។
អង្គការ Save the Children បានប្ដេជ្ញា គាំទ្រកុមារដែលខ្វះខាត និងជួបការលំបាកបំផុតនៅបឹងទន្លេសាប ជាពិសេសកុមារដែលរស់នៅតំបន់ដាច់ស្រយាល និងពិបាកទៅដល់។ គួររម្លឹកដែរថា អង្គការ Save the Children ធ្វើការជាមួយសហគមន៍ រដ្ឋាភិបាល និងដៃគូអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 1970៕