រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa គ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohenក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ខណៈដែលវិបត្តិនៅតំបន់ហ្គាហ្សាកាន់តែតានតឹង បន្ទាប់ពីអ៊ីស្រាអែលបានធ្វើការវាយប្រហាលើជំរុំជនភៀសខ្លួន Jabalia ដែលបានប៉ះពាលល់ដល់ជនបរទេសក្នុងនោះមានទាំងជនជាតិជប៉ុនផងដែរ។ ក៏ប៉ុន្តែ លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន បាននិយាយថា ជំនួបជាមួយសមភាគីប៉ាឡេស្ទីនក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល និងហ្ស៊កដានីនេះ គឺធ្វើឡើងក្នុងទំនាក់ទំនងដើម្បីត្រៀមខ្លួនផ្តល់ជំនួយដល់ប៉ាឡេស្ទីន។ លោកស្រី Kamikawa បាននិយាយអំពីកិច្ចប្រជុំជាមួយសមភាគីប៉ាឡេស្ទីនថា “ខ្ញុំសង្ឃឹមថានឺងមានការពិភាក្សាពីរបៀបឆ្លើយតបទៅនឹងស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ Gaza ក៏ដូចជាទំនាក់ទំនងដោយផ្ទាល់អំពីការត្រៀមខ្លួនរបស់ប្រទេសជប៉ុនក្នុងការបន្តផ្តល់ជំនួយ” ។ ទោះយ៉ាងណា លោកស្រីមិនបានបញ្ជាក់ទេថា លោកស្រីនឹងជួបមន្ត្រីជាន់ខ្ពស់មួយណា ពីភាគីប៉ាឡេស្ទីន។ មុនពេលធ្វើដំណើរចេញមក លោកស្រីបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា លោកស្រីទទួលស្គាល់ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើជំរុំជនភៀសខ្លួន Jabalia ហើយមានជនស៊ីវិលជាច្រើនត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។លោកស្រីបន្ដទៀតថា៖ «ខ្ញុំយល់ថាយោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះបានផ្តោតលើប្រតិបត្តិការរបស់ក្រុមហាម៉ាសនិងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធ»។ លោកស្រី Kamikawa បានបញ្ជាក់ថា ជនជាតិជប៉ុនទាំង ១០ នាក់ និងសមាជិកគ្រួសារប៉ាឡេស្ទីន ៨ នាក់របស់ពួកគេ ដែលមានបំណងចាកចេញពីតំបន់ហ្គាហ្សា បានជម្លៀសទៅកាន់ប្រទេសអេហ្ស៊ីប ដោយបន្ថែមថា អ្នកជម្លៀសទាំងនោះមានសុខភាពល្អ៕