ដ្បិតតែសិទ្ធិសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងតំបន់អាស៊ីមិនទាន់មានការទទួលស្គាល់ពេញលេញពីបណ្តាមនុស្សគ្រប់ស្រទាប់នៅឡើយក្តី ក៏ប៉ុន្តែហុងកុងព្យាយាមរើបម្រះនិងលើកកម្ពស់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ នៅក្នុងនោះ ហុងកុងនឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងព្រឹត្តិការណ៍ប្រកួតសម្រាប់អត្តពលិកLGBTQ ដំបូងបង្អស់នៅតំបន់អាស៊ី។
(កញ្ញា កែវ សុជាតា រាយការណ៍)
ព្រឹត្តិការណ៍ Gay Games ក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេសនៅក្នុងទីក្រុងហុងកុង។ នៅក្នុងនោះ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមការប្រកួតប្រជែងចាប់ពីថ្ងៃសុក្រទី៣-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានរយៈពេលប្រាំបួនថ្ងៃ។ អ្នករៀបចំកម្មវិធី Gay Games បានឱ្យដឹងថា ហុងកុងនឹងក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Gay Games ដែលមានអត្តពលិកចូលរួមប្រកួតប្រជែងប្រហែល ២,៤០០នាក់មកពីតំបន់ចំនួន៤០។
Gay Games ជាព្រឹត្តិការណ៍ប្រកួតដំបូងគេបង្អស់ដែលមានវត្តមាននៅតំបន់អាស៊ី ដែលធ្វើឡើងក្នុងគោលបំណងជំរុញ លើកកម្ពស់ និងផ្តល់ក្តីសង្ឃឹមឱ្យកាន់តែទូលំទូលាយសម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។ លើសពីនេះ អត្តពលិកទាំងនេះនឹងត្រូវប្រកួតប្រជែងនៅក្នុងវិញ្ញាសាជាច្រើនដែលមានដូចជាកីឡាវាយកូនបាល់ កីឡាហែលទឹក កីឡាប្រណាំង ទូកនាគ និងម៉ាចុងជាដើម ដោយក្នុងនោះមានកីឡាត្រូវប្រកួតដណ្តើមយកពានរង្វាន់ចំនួន៣៦កីឡា។
គួរបញ្ជាក់ដែរថា សកម្មភាពរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+) គឺជាចំណុចដែលពិបាកធ្វើឱ្យរីកចម្រើននៅក្នុងទីក្រុងហុងកុង ក្រោយរដ្ឋាភិបាលព្យាយាមបង្រ្កាបលើសកម្មភាពលើកកម្ពស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នារបស់សង្គមស៊ីវិល។ បច្ចុប្បន្ន ទីក្រុងហុងកុងកំពុងបោះជំហានឆ្ពោះទៅរកការផ្តល់ក្របខ័ណ្ឌសមស្របមួយក្នុងការទទួលស្គាល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។
សូមជម្រាបថា ព្រឹត្តិការណ៍ Gay Games នេះគ្រោងនឹងធ្វើកាលពីថ្ងៃទី១១-១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានហុងកុងជាម្ចាស់ផ្ទះ ក៏ប៉ុន្តែដោយសារតែកត្តាផ្ទុះជំងឺរាតត្បាតកូវីដ១៩ ទើបតម្រូវឱ្យលើកការប្រកួតនេះមកឆ្នាំបន្ទាប់វិញ៕