en     km
en     km

លោក​ ហុង​ ពីវ កែសម្រួលលក្ខខណ្ឌថ្មីដល់អ្នកទិញផ្ទះ ខណៈមានការទាមទាពីអតិថិជន

Share

ក្រោយមានការតវ៉ាពីអតិថិជនក្រោមហេតុផល ក្រុមហ៊ុន​​ បុរីពិភពថ្មី រឹប​អូសយក​ផ្ទះ​អតិថិជន ​ក្នុង​ករណី​​ពុំ​មាន​លទ្ធភាព​បង់​ប្រចាំ​ខែ, ប្រធានក្រុមហ៊ុនបានចេញមុខមកការពារភាពស្អាតស្អំរបស់ខ្លួន និងបានកែប្រែលក្ខខណ្ឌថ្មីមួយចំនួនដល់អតិថិជនបន្ថែម ដើម្បីជា​ប្រយោជន៍​សម្រាប់​អ្នកទិញផងដែរ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

លោក ហុង ពីវ ដែលជាម្ចាស់បុរី ពិភពថ្មី បានចេញមុខមកការពារភាពស្អាតស្អំរបស់ខ្លួន តាមរយៈការចេញសេចក្ដីប្រកាសចំនួន៣លើក បើគិតមកត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ លោកបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានសម្រួលលក្ខខណ្ឌដល់អតិថិជនមួយចំនួន គ្រាន់តែថ្ងៃដំបូង ចំណាយអស់ជាង៦៣ម៉ឺនដុល្លា​ ខណៈមានអតិថិជន៦៧នាក់ ទៅទទួលយកលក្ខខណ្ឌសម្របសម្រួលនោះ។

ផ្អែកតាមលិខិតរបស់ក្រុមហ៊ុន បុរីពិភពថ្មី ចេញកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញ ក្រុមហ៊ុនអចលនទ្រព្យនេះ បានធ្វើកិច្ចសន្យា៣ចំណុច ក្នុងការទិញលក់បុរី។ ក្នុងនោះលោក ហុង ពីវ បានទទួលទិញផ្ទះវិញក្នុងតម្លៃ ៥០ភាគរយ នៃ​ប្រាក់ដែលបានបង់ប្រចាំខែ ចាប់ពីខែទី៧ឡើងទៅ បូកបន្ថែមជាមួយប្រាក់កក់ និងប្រាក់បានសងដើម ទូទាត់ជាក់ស្ដែងជាមួយប្រាក់ជំពាក់ប្រចាំខែ។ លោកអះអាងថា មិនអាច ធ្វើតាមអ្វីដែលអតិថិជនទាមទារនោះទេ នឹងធ្វើឱ្យក្រុមហ៊ុនក្ស័យធន។

គួរជម្រាបថា អតិថិជនបានស្នើឱ្យមានដំណោះស្រាយដោយឱ្យក្រុមហ៊ុននេះ ទិញផ្ទះរបស់គេត្រលប់ទៅវិញ ដោយសុខចិត្តខាត​៥០​ភាគរយ​ និងទាមទារទូទាត់​សំណង់​ខ្លះ​ៗទៅ​អតិថិជន​ដែល​ត្រូវ​បាន​បុរី​កាត់​ផ្ទះ​យក។

ការចេញលក្ខខណ្ឌសម្របសម្រួលរបស់ក្រុមហ៊ុនបុរីពិភពថ្មី ធ្វើឡើងក្រោយពេលអតិថិជនរងចាំចូលនៅបុរីនេះ បានតវ៉ា ទាមទារ​រក​ដំណោះស្រាយ​នៅ​ខាង​មុខ​ការិយាល័យ​បុរីពិភព​ថ្មី​ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញកាលពីសប្ដាហ៍មុន ​ក្រោមហេតុផលថា ក្រុមហ៊ុន​​រឹប​អូស​ផ្ទះ​អតិថិជន ​ក្នុង​ករណី​អតិថិជន​ពុំ​មាន​លទ្ធភាព​បង់​ប្រចាំ​ខែ។

យ៉ាងណាក្រុមហ៊ុននេះបានអះអាងថា ទោះ​បីពេល​បច្ចុប្បន្ន​នេះ​មាន​បញ្ហា​សេដ្ឋកិច្ច​ជា​សកល ក្រុមហ៊ុន ​នៅ​តែ​អនុវត្ត​តាម​កិច្ចសន្យា​ដោយ​ឥតកែប្រែ ​ថែមទាំងមានការកែប្រែ​លក្ខខណ្ឌ​បន្ថែម​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​អតិថិជនផងដែរ​។

គួររម្លឹកដែរថា ការទាមទាររបស់អតិថិជន កើតឡើងដោយសារឈ្មួញកណ្ដាលជាច្រើនរូប ក្នុងនោះមាន លោកឆាយ យាន និងលោក ហេង តារា ដែលបានទិញផ្ទះម្នាក់២០៣ខ្នែង និងម្នាក់ទៀត៣៩ខ្នង យកទៅលក់បន្ដ ចំណេញរាប់រយ រាប់ពាន់ដុល្លាក្នុងមួយផ្ទះៗ តែជួបវិបត្តិអចលនទ្រព្យ ក៏នាំគ្នាបបួលអតិថិជនមួយចំនួនតូច ទៅជួបជុំគ្នាទាមទារគាបសង្កត់ឱ្យក្រុមហ៊ុនធ្វើតាមអ្វីៗដែលបុគ្គលទាំងនោះចង់បាន ដែលខុសពីអ្វីដែលបានចែងក្នុងកិច្ចសន្យា។ នេះបើផ្អែកតាមការលើកឡើងរបស់ក្រុមហ៊ុន បុរីពិភពថ្មី។

នៅក្នុងរឿងនេះ លោក ហុង ពីវ បានស្នើឱ្យអាជ្ញាធរមាន​សមត្ថកិច្ច​ចាត់​វិធាន​ការ​តាម​ផ្លូវច្បាប់​រាល់​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​បំពាន​គោលការណ៍​ច្បាប់ រំលោភ​លើ​សិទ្ធិ​បុគ្គល ​និងសណ្ដាប់​ធ្នាប់​សាធារណៈ។

បែបនេះក្ដី អតិថិជនមួយចំនួនបានចេញមុខការពារអ្នកទាំងពីរ ដោយធ្វើការផ្ដិតមេដៃជាសាក្សី ដើម្បីបញ្ជាក់ថា ការតវ៉ាទាមទាររបស់ក្រុមខ្លួន គឺធ្វើឡើងដោយគ្មានការបង្ខិតបង្ខំពីអ្នកណាទេ។

បើយោងតាមរបាយការណ៍ពីADB លើកឡើងថា វិស័យសំណង់របស់កម្ពុជាបានងើបឡើងវិញយឺតជាងការរំពឹងទុក ដោយសារតម្រូវការពីអ្នកទិញបរទេសបានធ្លាក់ចុះ ធ្វើឱ្យមានការអូសបន្លាយការវិនិយោគក្នុងអាជីវកម្មសំណង់។

Share

ព័ត៌មានទាក់ទង

Image