en     km
en     km

បុរសម្នាក់ជាប់ពន្ធនាគារពីបទលួចបង្កប់កាមេរ៉ាក្នុងបន្ទប់ប្តូរសម្លៀកបំពាក់ស្រ្តី

Share

តុលាការសិង្ហបុរីសម្រេចដាក់ទោសជនសង្ស័យ Ang Yu Sheng ឱ្យជាប់ពន្ធនាគាររយៈពេល១៥សប្តាហ៍កាលពីថ្ងៃពុធ​ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីជនសង្ស័យចូលខ្លួនសារភាពថាមានពិរុទ្ធចំពោះបទចោទប្រកាន់ចំនួន២ករណី។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយកាលពីថ្ងៃពុធ​ ទី១ ខែវិច្ឆិកា​ ឆ្នាំ២០២៣។

ជនសង្ស័យ Ang Yu Sheng ភេទប្រុសមានអាយុ ២៩ឆ្នាំ បានក្លាយជាពិរុទ្ធជនពីបទកែច្នៃកាមេរ៉ានៅលើដងដៃឆ័ត្រដោយទុកនៅក្នុងបន្ទប់ប្តូរសម្លៀកបំពាក់របស់ស្រ្តី ដើម្បីថតយកសកម្មភាពដែលស្រ្តីទាំងនេះដោះសម្លៀកបំពាក់។ មន្រ្តីប៉ូលិសសិង្ហបុរីបាននិយាយថា ជនសង្ស័យរូបនេះបានធ្វើសកម្មភាពនៅក្នុងហាងលក់សម្លៀកបំពាក់ជាច្រើនកន្លែងនៅក្នុងផ្សារទំនើបផ្សេងៗគ្នា។

មន្រ្តីប៉ូលិសសិង្ហបុរីបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យខាងលើបានធ្វើសកម្មភាពនៅក្នុងហាងលក់សម្លៀកបំពាក់សម្រាប់មនុស្សគ្រប់វ័យ Cotton On នៅផ្សារទំនើប Paya Lebar Quarter របស់សិង្ហបុរី។ លោកបានព្យួរដងដៃឆ័ត្រឡើង ដើម្បីថ្ពក់នឹងជញ្ជាំងបន្ទប់ជាប់គ្នាសម្រាប់ចាប់យកសកម្មភាពដោះអាវរបស់ស្រ្តីរងគ្រោះ។

ពីរ​ថ្ងៃ​ក្រោយ​មកគឺនៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ២០២៣ ជនសង្ស័យ​ទៅ​កន្លែងលក់សម្លៀកបំពាក់ផ្សេងទៀត​ ហើយ​បាន​កំណត់​គោលដៅមុខសញ្ញា​ជន​រង​គ្រោះ​ម្នាក់​ទៀត ដោយ​ធ្វើសកម្មភាពដាក់បង្កក់កាមេរ៉ានៅនឹងដងឆ័ត្រ រួចព្យួរក្នុងបន្ទប់ដដែល។ នេះបើយោងតាមរបាយការណ៍របស់មន្រ្តីប៉ូលិសក្នុងតំបន់។

ក៏ប៉ុន្តែទង្វើទាំងនេះមិនត្រូវបានស្រ្តីរងគ្រោះចាប់អារម្មណ៍ ឬសង្ស័យអ្វីនោះឡើយ។ ទើបតែនៅហាងលក់ទំនិញដ៏ល្បីមួយ Uniqlo នៅក្នុងផ្សារទំនើប City Square របស់សិង្ហបុរី មានអ្នកគ្រប់គ្រងសង្ស័យពីសកម្មភាពប្លែកៗ និងឆ័ត្រដែលទុកចោលនៅក្នុងបន្ទប់របស់ជនសង្ស័យ។

សូមជម្រាបថា អយ្យការ​បាន​ស្វែងរក​ការ​ដាក់​ទោសជនសង្ស័យឱ្យជាប់ពន្ធនាគារ​រយៈពេល៣ខែ​កន្លះនេះក៏ព្រោះតែជនសង្ស័យបានរំលោភបំពានលើសិទ្ធិរបស់ស្រ្តីភេទនៅតាមទីសាធារណៈ។ ក៏ប៉ុន្តែ អយ្យការពុំមានភស្តុតាងគ្រប់គ្រាន់ក្នុងការកំណត់ទោសជនសង្ស័យឱ្យធ្ងន់ជាងនេះនោះទេ ដ្បិតជនសង្ស័យមិនបានមើលវីដេអូដែលលួចថតចុងក្រោយបង្អស់នោះឡើយ៕

ប្រភព៖ CNA ចុះថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image